ក្រុង​ឡុងដ៍៖ លោក Jurgen Klopp គ្រូ​បង្វឹក​ក្លិប​ហង្ស​ក្រហម Liverpool បាន​រំឭក​​ក្រុម​របស់​គាត់​​ថា ការ​រក្សា​តំណែង​ជើង​ឯក​ Champions League គឺ​​កាន់​តែ​​លំបាក​ជាង​ការ​ប្រកួត​បាន​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ក្នុង​ទីក្រុង​ Madrid ​ប្រទេស ​អេស្ប៉ាញ ​កាល​ពី​រដូវកាល​មុន​ទៅ​ទៀត​។​​​

ក្រុម​របស់​លោក Klopp បាន​ចាប់​​ផ្ដើម​កិច្ច​ប្រឹងប្រែង​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប​ជា​លើក​ទី ​៧ ​ដោយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​​ក្រុម Napoli សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៃពូល​ E នៅ​យប់​​ថ្ងៃ​​អង្គារ​នេះ​។​

ក្រុម​ហង្ស​ក្រហម​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ចំនួន ​២ ​លើក​ចុង​ក្រោយ ​ដោយ​​បាន​ឈ្នះ​ក្រុម Tottenham ក្នុង​ទីក្រុង​របស់​ប្រទេស ​អេស្ប៉ាញ ​កាល​ពី​ខែ​មិថុនា ​ក្រោយ​ពី​បាន​ចាញ់​ក្រុម​ Real Madrid កាល​ពី​រយៈពេល ​១២ ​ខែ​មុន​។​

ប៉ុន្តែ​លោក Klopp ជឿ​ថា​ ក្រុម Liverpool កំពុង​ប្រឈម​នឹង​ភារកិច្ច​ដ៏​លំបាក​មួយ​ក្នុង​ការ​​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​កីឡដ្ឋាន​ Ataturk ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ​ប្រទេស ​តួកគី ​​ជា​កន្លែង​មួយ​ដែល​ក្លិប​នេះ​​ធ្លាប់​ទទួល​បាន​ការ​អបអរ​យ៉ាង​ខ្លាំង ​នៅ​ពេល​ពួក​គេ​បាន​ឈ្នះ​ Champions League ២០០៥​​ ទៅ​លើ​​ក្រុម AC Milan នៅ​​កីឡដ្ឋាន​ដដែល​នេះ​។​

មុន​ពេល​ក្លិប​ Liverpool អាច​សុបិន​យក​គំរូ​តាម​អ្នក​គ្រប់គ្រង​លោក Steven Gerrard និង​ពាន​រង្វាន់​របស់​ក្រុម​​នេះ​ លោក Klopp ដឹង​ថា​ ពួក​គេ​​​នឹង​ត្រូវ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ចំពោះ​អ្វី​ដែល​គាត់​រំពឹង​ថា ​នឹង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​នេះ​។​​​

ក្លិប Napoli ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​សាកល្បង​ឲ្យ​ខ្លាំង​បំផុត​ចំពោះ​ក្លិប Liverpool នៅ​ក្នុង​ពូល​ដែល​រួម​បញ្ចូល​ទាំង​​ក្លិប Salzburg និង​ក្លិប Genk ​ដែរ​នោះ​​។

ក្រុម​របស់​លោក Carlo Ancelotti គ្រូ​បង្វឹក​ក្លិប Napoli ​ជិត​នឹង​បាន​បញ្ចប់​យុទ្ធនាការ​​ពាន​រង្វាន់​​អឺរ៉ុប​របស់​ក្លិប​ Liverpool ក្នុង​ដំណាក់​កាល​​​ប្រកួត​​​​​ក្នុង​ពូល​​កាល​ពី​រដូវកាល​មុន​ទៅ​ហើយ​ ​ប៉ុន្តែ​អ្នក​ចាំទី Alisson Becker បាន​សង្គ្រោះ​​យ៉ាង​ល្អ​នូវ​គ្រាប់​បាល់​ដែល​ស៊ុត​ដោយ​កីឡាករ​ Arkadiusz Milik ដើម្បី​រក្សា​ការ​ឈ្នះ​ ១-០ នៅ​កីឡដ្ឋាន​ Anfield ​​​​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ ​កាល​ពី​រដូវ​កាល​មុន​។​

បើ​ទោះ​ជា​ក្រុម​ហង្ស​ក្រហម​គួរ​តែ​បង្កើន​ល្បឿន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ដោយ​គ្មាន​ការ​រំភើប​ចិត្ត​ខ្លាំង​​​នៅ​រដូវកាល​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​លោក Klopp នៅ​តែ​​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ក្នុង​ពូល​នេះ​ដដែល​។​​​

លោក Klopp បាន​និយាយ​នៅ​ពេល​លទ្ធផល​ស្មើ​គ្នា​កាល​ពី​ខែ​សីហា​ថា៖ «​ខ្ញុំ​នឹង​គ្មាន​បញ្ហា​ជាមួយ​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ទេ​ប្រសិន​បើ​វា​កើត​ឡើង​ម្ដង​ទៀត​​នោះ​ ប៉ុន្តែ​​ពេល​​នេះ ​ខ្ញុំ​មិន​ទាន់​ច្បាស់​ពេក​ទេ​ថា​ ​តើ​យើង​អាច​ទៅ​រួច​ឬ​យ៉ាង​ណា​​នោះ​ទេ​​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​មាន​ឱកាស​ដូច​​អ្នក​ផ្សេង​អ៊ីចឹង​ដែរ​ ​ព្រោះ​ខ្ញុំ​មិន​បាន​ឃើញ​ក្រុម​អង់គ្លេស​មាន​ឥទ្ធិពល​ជាង​គេ​រហូត​​នោះ​ទេ​ ហើយ​ខ្ញុំ​ពិត​ជា​គិត​ថា ក្រុម​ជា​ច្រើន​មាន​ឱកាស​ល្អ​ដូច​គ្មា​»។​​

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ត​ថា៖ «​ចូរ​សម្លឹង​មើល​ក្រុម Borussia Dortmund ហើយ​ប្រាប់​ខ្ញុំ​ថា តើ​យើង​ខ្លាំង​ជាង​ពួក​គេ ​ឬ​យ៉ាង ណា​? វា​អស្ចារ្យ​ណាស់​ព្រោះ​ពួក​គេ​អាច​ផ្លាស់ប្ដូរ ​៥ ​លើក​ ហើយ​នៅ​មាន​ក្រុម​ល្អៗ​ជា​ច្រើន​ទៀត​»។​​

លោក Klopp បាន​បញ្ជាក់​ថា៖ «​ក្លិប Juventus ក៏​នឹង​នៅ​ទីនោះ​ ​ហើយ​ក្លិប PSG និង​ក្លិប​ Real Madrid ក៏​នៅ​ទី​នោះ​ដែរ​។ តើ​អ្នក​គិត​ថា ក្លិប​ទាំង​នេះ​បាន​បោះ​បង់​កា​ប្រកួត​ហើយ​ឬ?​ ហើយ​ឥឡូវ​ ក្រុម Bayern Munich បាន​នាំយក​កីឡាករ Perisic និង​ Coutinho ដើម្បី​ជួយ​បង្កើន​កម្លាំង​របស់​ពួក​គេ​ផង​ដែរ ដូច្នេះ​ហើយ​យើង​មិន​គួរ​ភ្លេច​ខ្លួន​​ក្នុង​​ជ័យ​ជម្នះ​បន្តបន្ទាប់​នោះ​ទេ​៕ AFP/SN