អង់គ្លេសៈ ក្រុមហង្សក្រហម Liverpool បានវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាថ្មីម្តងទៀត បន្ទាប់ពីបានឈ្នះក្លិប Cardiff ២-០ ស្របពេលក្រុម Man Utd និង Arsenal កាន់តែមានឱកាសតិចតួច ក្នុងការប្រជែងឈរនៅតំបន់ Top4 ដើម្បីអាចបានលេងនៅក្នុងវគ្គជម្រុះ Champions League រដូវកាលក្រោយបន្ទាប់ពីក្រុមទាំង ២ នេះបានចាញ់ក្រុម Everton និង Crystal Palace គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ។
ក្រុម Man United បានចាញ់ក្រុម Everton ៤-០ ធ្វើឲ្យក្រុមនេះបន្តទទួលរងភាពបរាជ័យ ៦ លើកជាបន្តបន្ទាប់នៅក្នុងការប្រកួតចំនួន ៨ លើកចុងក្រោយនេះ។
ចំណែកក្រុម Arsenal ឈរនៅចំណាត់ថ្នាក់ទី ៤ ដោយនាំមុខក្រុម Man Utd តែ ២ ពិន្ទុប៉ុណ្ណោះ ក្រោយពេលពួកគេបានចាញ់ Crystal Palace ៣-២ នៅកីឡដ្ឋានអេមីរ៉ាត Emirates របស់ខ្លួនគឺវាដូចគ្នាទៅនឹង Man City អ៊ីចឹងដែរ ដែលធ្លាប់ចាញ់ក្រុម Crystal Palace ៣-២ នៅក្នុងទឹកដីខ្លួនឯងក៏គួរឲ្យភ្ញាក់ផ្អើលដូចគ្នាផងដែរ។
ចំណែកក្រុម Liverpool មិនបាននាំមុខក្រុម Man City ដាច់នោះទេដោយនាំមុខតែ ២ ពិន្ទុប៉ុណ្ណោះ ខណៈ Man City នៅសល់ ១ ប្រកួតទៀតក្នុងដៃដែលអាចនឹងវិលទៅឈរនៅកំពូលតារាងវិញ។ ក្រុម Liverpool របស់លោក Jurgen Klopp ឥឡូវនេះបានឈ្នះ ៩ ប្រកួតចុងក្រោយនៅក្នុងការប្រកួតទាំងអស់ ហើយក្រុមរបស់លោកក៏គ្រោងនឹងប្រកួតជាមួយក្រុម Barcelona ក្នុងវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ។
លោក Klopp ដែលបាននិយាយពីស្ថានភាពស្ងួតនៅទីលានប្រកួតរបស់ក្រុម Cardiff ក្រោមសីតុណ្ហភាពក្ដៅនោះបាននិយាយថា៖ «ទីលាននេះពិតជាធំមែន ហើយយើងបាននិយាយគ្នាច្រើនពីការប្រកួតនេះថា វាពិតជាពិសេសណាស់ ហើយស្ថានភាពក៏ពិសេសសម្រាប់គូប្រជែងផងដែរ»។
លោកបាននិយាយបន្ថែមថា៖ «វាមិនមែនជាការប្រកួតមួយដោយគ្រាន់តែរត់លេងនោះទេ ប៉ុន្តែវាគឺជាការប្រកួតប្រកបដោយឆន្ទៈដែលចង់ឈ្នះរៀងៗខ្លួន»។
ជុំវិញលទ្ធផលនៃការប្រកួតជាមួយក្រុម Cardiff កាលពីយប់ថ្ងៃអាទិត្យនោះ កីឡាករ Wijnaldum រកបាន ១ គ្រាប់មុនគេនៅនាទីទី ៥៦ បន្ទាប់មកនៅនាទីទី ៨១ ទើប Milner រកបាន ១ គ្រាប់ទៀតធ្វើឲ្យក្រុម Liverpool ឈ្នះគូប្រជែងខ្លួនក្នុងលទ្ធផល ២-០។
ការស្ថិតនៅលើកំពូលតារាងនៃក្រុមរបស់លោក Klopp ក្រោយឈ្នះក្រុម Cardiff នេះនៅមិនទាន់កក់ក្ដៅនៅឡើយទេ ដោយសារពួកគេត្រូវរង់ចាំមើលលទ្ធផលនៃការប្រកួតរវាងក្រុម Man Utd និងក្រុម Man City នៅយប់ថ្ងៃពុធស្អែកនេះជាបន្តទៀត។
ចំណែកក្រុម Everton វិញបានអបអរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីឆ្នាំ ១៩៨៤ ក្រោយពីឈ្នះ Man Utd ៤-០ ដើម្បីឡើងទៅឈរនៅលេខ ៧ នៃក្របខ័ណ្ឌ Premier League។
ជុំវិញបរាជ័យរបស់ក្រុមបិសាចក្រហមនេះលោក Solskjaer គ្រូបង្វឹករបស់ក្រុមនេះបាននិយាយថា៖ «គ្រាន់តែផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតភ្លាមគឺយើងមានបញ្ហាបាត់ទៅហើយ ហើយខ្ញុំក៏សុំការអភ័យទោសពីអ្នកគាំទ្រដែរ»៕ SN