ក្រុងវ៉តហ្វតៈ ខ្សែប្រយុទ្ធ Shane Long របស់​ក្រុម Southampton បាន​ជាប់​កំណត់ត្រា​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​លឿន​ជាងគេ​បំផុត​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier league បន្ទាប់ពី​រូបគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម Watford នៅ​ត្រឹម​តែ ៧.៦៩ ​វិនាទី​កាលពី​ថ្ងៃ​អង្គារ​មុន​ពេល Andre Gray វាយបក​តាម​ស្មើ​ឲ្យ Watford វិញ​នៅ​នាទី​ទី​ ៩០​។

ការស៊ុត​បាល់​បញ្ចូល​ទី​បំបែក​ឯតទគ្គកម្ម​ថ្មី​របស់​កីឡាករ Long នេះ​បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​ការកែ​បាល់​ដោយ​រូបគេ​បាន​រត់​ទៅ​ពាំងបាល់​ដែល​ទាត់​ចេញ​ពី​ជើង​ខ្សែការពារ Craig Cathcart របស់​ក្រុម Watford ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អៀរឡង់​រូបនេះ​បាន​ស្ទុះ​ទៅ​យក​បាល់​នោះ រួច​បាន​ឆ្កឹះ​បាល់​ផ្លោង​ពី​លើ​ក្បាល​អ្នក​ចាំទី Ben Foster ដើម្បី​បញ្ចូល​ទី​យ៉ាង​ល្អ​បំផុត​។

ការស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​បាន​ជាប់​កំណត់ត្រា​ជា​អ្នក​បញ្ចូល​ទី​លឿន​ជាងគេ​បំផុត​សម្រាប់​ក្របខ័ណ្ឌ Premier League គឺ​លឿន​ជាង​ខ្សែការពារ Ledley King របស់​ក្រុម Tottenham ដែល​បាន​ស៊ុត​បញ្ចូល​ទី ត្រឹម​ ៩.៩ ​វិនាទី​នៅពេល​ប្រកួត​ជាមួយ​ក្រុម Bradford កាលពី​ខែ​ធ្នូ ឆ្នាំ ​២០០០ ​។

ខ្សែប្រយុទ្ធ Long បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Sky Sport News ដោយ​ទឹកមុខ​ស្រស់ស្រាយ​ក្រោយ​ការប្រកួត​នេះ​ថា​៖ «​វា​ជា​ការបំបែក​ឯតទគ្គកម្ម​មួយ មែន​ទេ​?​។ នៅពេល​ចាប់ផ្ដើម​ការប្រកួត​ភ្លាម យើង​តែងតែ​ធ្វើ​បែប​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​គូប្រកួត ហើយ​នេះ​ជា​លើក​ទី​ ៩៩ ​ហើយ​ក្នុង​ចំណោម​ ១០០ ​លើក​ដែល​យើង​ធ្វើ​មិន​បាន​សម្រេច ប៉ុន្តែ​ពេលនេះ​វា​ជោគជ័យ​ហើយ​»​។

ការស៊ុត​បញ្ចូល​ទី​ជា​ប្រវត្តិសាស្ត្រ​របស់ Long ដែល​ជា​ការរក​គ្រាប់​បាល់​ទី​ ៤ ​របស់គេ​នៅ​រដូវកាល​នេះ មិន​មាន​ន័យ​ថា​ទទួល​បាន​ជោគជ័យ​នៅ​កីឡដ្ឋាន Vicarage Road នោះ​ទេ ក្រោយពី​កីឡាករ Gray បាន​ជួយ​ឲ្យ​ក្រុម Watford តាម​ស្មើគ្នា ១-១ វិញ​នោះ​។

កីឡាករ Long បាន​បន្ថែម​ថា​៖ «​វា​ប្រសើរ​ហើយ​ដែល​ទទួល​បាន​ការបំបែក​ឯតទគ្គកម្ម​ដូច្នេះ ប៉ុន្តែ​វា​នឹង​កាន់តែ​ប្រសើរ​ថែម​ទៀត ប្រសិន​បើ​វា​ជា​ការស៊ុត​បញ្ចូល​ទី​ដែល​នាំ​ឲ្យ​យើង​ឈ្នះ​នៅក្នុង​ការប្រកួត​នេះ​»​។

កីឡាករ King ដែល​ធ្លាប់​ជា​អ្នក​បំបែក​ឯតទគ្គកម្ម​ទាត់​បញ្ចូល​ទី​បាន​លឿន​ជាងគេ​បាន​និយាយ​ថា ការ​បំបែក​ឯតទគ្គកម្ម​នៅ​អាយុ​ ១៩ ​ឆ្នាំ​របស់​ខ្លួន នៅពេល​នេះ​ត្រូវ​បាន​គេ​ដណ្ដើម​យក​ហើយ​។

ក្រៅពី​ការបំបែក​ឯតទគ្គកម្ម​របស់ King ខ្សែប្រយុទ្ធ Alan Shearer របស់ Newcastle ក៏បាន​ជាប់​ឈ្មោះ​ជា​អ្នក​រកបាន​គ្រាប់​បាល់​លឿន​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែរ​ដោយ​គេ​បាន​បញ្ចូល​ទី​នៅ​វិនាទី​ទី​ ១០.៥២ ពេល​ក្រុម​នេះ​ជួប​ក្រុម Man City ឆ្នាំ​ ២០០៣​។ បន្ទាប់​មក​ទៀត​គឺ Christian Eriksen ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វិនាទី​ទី​ ១០.៥៤ ​សម្រាប់​ក្រុម Spurs ពេល​ជួប​ក្រុម Man United កាលពី​រដូវកាល​មុន​៕