អាំស្ទែរដាំៈ លោក Mauricio Pochettino គ្រូបង្វឹកក្រុម Spurs បានហៅកូនក្រុមរបស់គាត់ថាជា «កំពូលវីរបុរស» ក្រោយពីពួកគេបានឈ្នះក្រុម Ajax ៣-២ ក្នុងជើងទី ២ នៅក្រៅទឹកដីខ្លួនក្នុងវគ្គ ៤ ក្រុមចុងក្រោយដោយការស៊ុតបញ្ចូលទីទាំង ៣ គ្រាប់របស់កីឡាករ Lucas Moura ជួយឲ្យក្រុម Spurs ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេតាំងពីឆ្នាំ ២០០៨។
ក្រុម Ajax របស់ប្រទេសហូឡង់ជិតនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រទៅហើយខណៈក្រុមនេះបាននាំមុខ ៣-២ គិតលទ្ធផលទាំង ២ ជើង និងគិតត្រឹមនាទីទី ៩០ នៃការប្រកួតចុងក្រោយនេះ ប៉ុន្តែកីឡាករ Lucas បានបញ្ចូល ១ គ្រាប់ទៀតនៅម៉ោងបន្ថែម ៥ នាទីចុងក្រោយធ្វើឲ្យលទ្ធផលទាំង ២ ជើងស្មើគ្នា ៣-៣ ប៉ុន្តែក្រុម Ajax ចាញ់គ្រាប់បាល់នៅក្នុងទឹកដីរបស់ខ្លួនទើបធ្វើឲ្យក្រុមនេះមិនអាចឡើងទៅវគ្គចុងក្រោយបានទេ។
ជុំវិញការប្រកួតជើងទី ២ នេះក្រុម Ajax បាននាំមុខក្រុម Spurs ២ គ្រាប់នៅតង់ទី ១ ប៉ុន្តែចូលដល់តង់ទី ២ ក្រុម Spurs រកបាន ៣ គ្រាប់ដោយកីឡាករ Lucas គឺគ្រាប់ទី ១ នៅនាទីទី ៥៥ ហើយនាទីទី ៥៩ បាន ១ គ្រាប់ទៀត បន្ទាប់មករកបានបន្ថែម ១ គ្រាប់ទៀតនៅក្នុងនាទីបន្ថែម ៩០+៥ ធ្វើឲ្យ Spurs ឈ្នះក្រុម Ajax ៣-២។
ក្រោយពីទទួលជ័យជម្នះនេះហើយក្រុម Spurs នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Liverpool សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនៅថ្ងៃទី ១ ខែមិថុនាខាងមុខ។
លោក Pochettino បាននិយាយទាំងស្រក់ទឹកភ្នែកថា៖ «វាគឺជារាត្រីដ៏សំខាន់បំផុតមួយក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺសូមអបអរសាទរចំពោះកូនក្រុមរបស់ខ្ញុំដែលពួកគេសម្រេចការងារដ៏អស្ចារ្យមួយនេះ»។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមថា៖ «ខ្ញុំបាននិយាយមុនការប្រកួតនេះថា ពួកគេគឺជាវីរបុរស ប៉ុន្តែពេលនេះខ្ញុំគិតថា ពួកគេគឺជាកំពូលវីរបុរសព្រោះពួកគេបានជួយក្លិបឲ្យបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ដែលសឹងតែជារឿងអព្ភូតហេតុមួយទៅហើយ»។
ពាក់ព័ន្ធនឹងលទ្ធផលនេះកីឡាករ Lucas បាននិយាយថា៖ «បាល់ទាត់ធ្វើឲ្យយើងមានតម្លៃក្នុងពេលដែលយើងមិនស្មានដល់ដូច្នេះឯងគឺដូចជាពេលនេះអ៊ីចឹង វាជាពេលល្អបំផុតក្នុងជីវិត និងអាជីពរបស់ខ្ញុំ»។
បរាជ័យលើកនេះបានធ្វើឲ្យអ្នកគាំទ្រ និងសមាជិកក្រុម Ajax ខកចិត្តយ៉ាងខ្លាំងក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់ដែលបាននាំមុខក្រុម Spurs ១-០ ក្នុងការប្រកួតជើងទី ១ នៅក្រៅទឹកដីខ្លួនឯងនោះ ខណៈក្រុមនេះមិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងតាំងពីឆ្នាំ ១៩៩៦។
ក្រោយពីបានផ្ដួលក្រុម Real Madrid ក្នុងវគ្គ ១៦ ក្រុមចុងក្រោយរួចបន្តទៅផ្ដួលក្រុម Juventus ក្នុងវគ្គ ៨ ក្រុមចុងក្រោយរួចហើយអ្នកគាំទ្រ និងក្រុមរបស់លោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax មានសង្ឃឹមក្នុងការលើកពានអឺរ៉ុបនេះ ប៉ុន្តែពេលនេះក្ដីសង្ឃឹមលើកពាននេះត្រូវបានរលាយអស់ហើយក្រោយពីចាញ់ក្រុម Spurs ក្នុងជើងទី២នេះ។
លោក Erik Ten Hag បាននិយាយថា៖ «ខ្ញុំបានប្រាប់កូនក្រុមខ្ញុំថា វាពិបាកនឹងរកពាក្យណាមួយយកមកប្រើឲ្យត្រូវនឹងស្ថានភាពពេលនេះខ្លាំងណាស់ព្រោះបាល់ទាល់គឺព្រៃផ្សៃបែបនេះឯង ប៉ុន្តែយើងត្រូវតែស៊ូទ្រាំនឹងភាពព្រៃផ្សៃនៅយប់នេះ ហើយយើងត្រូវតែបន្តដំណើរទៅមុខទៀត»៕ SN