ក្រុងមីឡាន៖ កីឡាករបែលហ្ស៊ិក Romelu Lukaku បានជួយឲ្យក្រុម Inter Milan ត្រឡប់ទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ជាថ្មីទៀត ក្រោយពីរូបគេរកបាន ១ គ្រាប់ចុងក្រោយ ក្នុងជ័យជម្នះ ២-០ ទៅលើក្រុម AC Milan កាលពីថ្ងៃសៅរ៍ដើម្បីបន្តការចាប់ផ្ដើមល្អដ៏អស្ចារ្យនៅរដូវកាលនេះ។
កីឡាករ Lukaku និងខ្សែប្រយុទ្ធ Marcelo Brozovic រកបានម្នាក់ ១ គ្រាប់ ដើម្បីជួយឲ្យក្រុម Inter ឈ្នះបាន ៤ ប្រកួតជាប់ៗគ្នា ដែលធ្វើឲ្យពួកគេមាន ២ ពិន្ទុ នាំមុខម្ចាស់ជើងឯកអ៊ីតាលី Juventus ក្រោយពីម្ចាស់ជើងឯកមួយនេះបានធ្វើឲ្យរបូតគ្រាប់បាល់ ១ គ្រាប់ ក្នុងការប្រកួតដែលពួកគេបានឈ្នះក្រុម Verona ២-១ ក្នុងនោះ ១ គ្រាប់ រកបានដោយកីឡាករ Aaron Ramsey និង ១ គ្រាប់ទៀត ជាការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ របស់កីឡាករឆ្នើម Cristiano Ronaldo។
ក្រុម Inter ដែលដឹកនាំដោយលោក Antonio Conte កំពុងស្វែងរកការបន្ថែមល្បឿនថែមទៀតក្រោយពីពួកគេបានប្រកួតស្មើគ្នានឹងក្រុម Slavia Prague នៃប្រទេស ឆែក ក្នុងលទ្ធផល ១-១ សម្រាប់ក្របខ័ណ្ឌ Champions League។
ខ្សែប្រយុទ្ធ Lukaku បាននិយាយពាក់ព័ន្ធនឹងការដឹកនាំរបស់លោក Conte ថា៖ «ក្នុងវ័យ ២៦ ឆ្នាំនេះ ខ្ញុំត្រូវការ និងចង់បានគ្រូបង្វឹកម្នាក់បែបនេះ ព្រោះគាត់តែងតែនិយាយលើកចិត្តខ្ញុំរៀងរាល់ថ្ងៃ»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមានទំនាក់ទំនងល្អបំផុតជាមួយលោក Conte ហើយគាត់ពិតជាគ្រូបង្វឹកល្អមួយរូបព្រោះគាត់ គឺជាអ្នកជួយបណ្ដុះបណ្ដាលគ្រប់កីឡាករឲ្យមានការរីកចម្រើន។ ខ្ញុំពិតជាសប្បាយចិត្តដែលបាននៅទីនេះ និងបានពាក់អាវរបស់ក្រុមនេះ»។
ចំណែកលោក Conte វិញបាននិយាយថា៖ «យើងទើបត្រឡប់មកពីការប្រកួតក្របខ័ណ្ឌ Champions League ដែលធ្វើឲ្យយើងមានរសជាតិជូរចត់បន្តិច ប៉ុន្តែវាជាការជំរុញទឹកចិត្តយើងថែមទៀតក្នុងការប្រកួតទទួលបានលទ្ធផលល្អនេះ»។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «វាជាជ័យជម្នះសមរម្យមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តចំពោះលទ្ធផលប្រកួតនេះ»។
ស្របពេលនេះដែរ ក្រុម Juventus បានទទួលជ័យជម្នះទៅលើក្រុម Verona ជាមួយលទ្ធផល ២-១ ដែលក្រុម Verona បាននាំមុខ ១ គ្រាប់មុន ក្នុងនាទីទី ២០ ដោយកីឡាករ Veloso ហើយក្នុងនាទីទី ៣១ ក្រុម Juventus តាមស្មើវិញដោយកីឡាករ Ramsey មុនពេលកីឡាករ Ronaldo បន្ថែមគ្រាប់បាល់ពិន័យ ១ គ្រាប់ទៀត មុនពេលបញ្ចប់ការប្រកួត។
លទ្ធផលនេះបានធ្វើឲ្យក្រុមរបស់លោក Maurizo Sarri វិលទៅរកជ័យជម្នះវិញក្រោយពីបាននៅទ្រឹងនៅក្នុងក្របខ័ណ្ឌ Serri A កាលពីសប្ដាហ៍មុន និងប្រកួតស្មើគ្មា ២-២ ជាមួយក្រុម Atletico Madrid សម្រាប់ក្របខ័ណ្ឌ Champions League កាលពីពាក់កណ្ដាលសប្ដាហ៍មុននេះ។
ខ្សែប្រយុទ្ធឆ្នើម Ronaldo បាននិយាយជុំវិញលទ្ធផលថ្មីៗនេះថា៖ «ក្រោយពីបានចូលរួមប្រកួត Champions League ហើយ ក្រុមរបស់យើងមានការហត់នឿយបន្តិចបន្ដួចដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងបានឈ្នះ ដែលធ្វើឲ្យយើងទទួលបាន ៣ ពិន្ទុទៀត ដើម្បីបន្តទៅមុខទៀតក្នុងក្របខ័ណ្ឌនេះ»៕ AFP/SN