ក្រុងគែរៈ កីឡាករ Riyad Mahrez បាន​ជួយ​ឲ្យ​ជម្រើសជាតិ​អាល់ហ្សេរី​ទទួល​ជ័យជម្នះ​ដ៏អស្ចារ្យ ២-១ ទៅ​លើ​ម្ចាស់​ជើងឯក ៣ ជំនាន់​នីហ្សេរីយ៉ា​កាលពី​ពេល​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​ដើម្បី​ឡើង​ទៅ​ជួប​នឹង​ជម្រើសជាតិ​សេណេហ្គាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Cup of Nations​។

ក្រុម​អាល់ហ្សេរី​បាន​នាំមុខ ១ គ្រាប់​ទៅ​លើ​គូប្រជែង​ខ្លួន​នៅ​នាទី​ទី​ ៤០ ​ដោយ​កីឡាករ William Troost-Ekong នៅ​មុន​ពេល​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​រក​បាន ១ គ្រាប់​វិញ​ដោយ​ការស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​យ៉ាង​ល្អ​ដោយ​កីឡាករ Odion Ighalo នៅ​នាទី​ទី​ ៧២ ប៉ុន្តែ​ក្នុង​នាទី​ទី​ ៩០ កីឡាករ Mahrez បាន​បន្ថែម ១ ​គ្រាប់​ទៀត​ដោយ​ការស៊ុត​បាល់ free-kick យ៉ាង​ល្អ​ធ្វើឲ្យ​ក្រុម​អាល់ហ្សេរី​ឈ្នះ​នីហ្សេរីយ៉ា ២-១ ក្នុង​វគ្គ ៤ ក្រុម​ចុងក្រោយ​កាលពី​ពេល​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​។

ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​ក្រុម​អាល់ហ្សេរី​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​តាំងពី​ពួកគេ​បាន​លើក​ពាន​នេះ​តែ​ម្ដង​គត់​នៅ​ឆ្នាំ​ ១៩៩០ ខណៈ​ពួកគេ​នឹង​ត្រូវ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា​ជាមួយ​ក្រុម​សេណេហ្គាល់​ដែល​បាន​ឈ្នះ​ជម្រើស​ជាតិ​ទុយនេស៊ី ១-០ នៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ពី​យប់​ថ្ងៃ​អាទិត្យ​។

កីឡាករ Mahrez បាន​និយាយ​ថា​៖ «​យើង​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Cup of Nations ព្រោះ​វា​ជា​អ្វី​មួយ​ពិសេស​មែនទែន​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​វា​ជា​គោលបំណង​របស់​យើង​ក្នុង​ការឡើង​ទៅ​វគ្គ​នេះ​ដើម្បី​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​របស់​យើង​។ យើង​ដឹង​ហើយ​ថា ពួកគេ​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​គ្រប់ពេល​ទាំងអស់​។ វា​ជា​គោលបំណង​សំខាន់​បំផុត​របស់​ខ្ញុំ​សម្រាប់​ក្ដីសុបិន​ប្រទេស​ជាតិ​។ មែន​ហើយ​វា​ជា​ក្ដីសុបិន​របស់​ខ្ញុំ​ក្នុង​ការឈ្នះ​ពាន​នេះ ហើយ​សង្ឃឹម​ថា​យើង​នឹង​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​»​។

គ្រូបង្វឹក​អាល់ហ្សេរី​លោក Djamel Belmadi បាន​កោតសរសើរ​ «​ទម្រង់​លេង និង​កម្លាំងកាយ​ចិត្ត​ដ៏អស្ចារ្យ​របស់​កូនក្រុម​គាត់​» ជាពិសេស​គឺ​កីឡាករ Mahrez តែ​ម្ដង​ដែល​បាន​ជួយ​ឲ្យ​ក្រុម​អាល់ហ្សេរី​ឈ្នះ​ក្នុង​ការប្រកួត​នេះ​។

លោក Belmadi បាន​និយាយ​ថា​៖ «​កូនក្រុម​ខ្ញុំ​ធ្វើ​បាន​ល្អ​នៅ​តង់​ទី​ ១ ​ដែល​ធ្វើឲ្យ​យើង​រក​បាន​ ១ ​គ្រាប់ ហើយ​ខ្ញុំ​គិត​ថា​យើង​អាច​រកបាន​គ្រាប់​បាល់​បន្ថែមទៀត​ ប៉ុន្តែ​ពេល​នោះ​ក្នុង​តង់​ទី​ ២ ខ្ញុំ​គិត​ថា​យើង​បាន​ជួប​ស្ថានភាព​លំបាក​រយៈពេល​ ១៥ ​នាទី​ដោយសារ​យើង​មាន​សម្ពាធ​ខ្លាំង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​ក្រោយពី​មាន​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ពី​គូប្រជែង​យើង​ហើយ ខ្ញុំ​គិត​ថា​កូនក្រុម​ខ្ញុំ​បាន​បង្ហាញ​ទម្រង់​លេង​ និង​កម្លាំងកាយ​ចិត្ត​ដ៏អស្ចារ្យ​រហូត​បាន​ជ័យជម្នះ​នៅ​នាទី​ចុងក្រោយ​ដែល​យើង​រកបាន​ ១ ​គ្រាប់​ដោយ​ការ​ស៊ុត​បាល់ free-kick»​។

គ្រូបង្វឹក​ជម្រើសជាតិ​នីហ្សេរីយ៉ា​លោក Rohr បាន​ទទួល​ស្គាល់​ថា​ក្រុម​អាល់ហ្សេរី​គឺ​សម​នឹង​ទទួល​ជ័យជម្នះ​ក្រោយពី​បាន​បញ្ចប់​ឱកាស​របស់​ពួកគេ​មិន​ឲ្យ​ឡើង​ទៅ​លើ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី ៨​។

លោក Rohr បាន​និយាយ​ថា​៖ «​ខ្ញុំ​ត្រូវ​អបអរសាទរ​កូនក្រុម​របស់​ខ្ញុំ​ចំពោះ​ការប្រឹងប្រែង​ប្រកួត​ដ៏អស្ចារ្យ​ជាមួយ​ក្រុម​ល្អ​បំផុត​នេះ​។ ពួកគេ​បាន​ឈ្នះ​នៅ​នាទី​ចុងក្រោយ​ ដូច្នេះ​ហើយ​ពួកគេ​សម​នឹង​បាន​បែប​នេះ​ក្រោយពី​ពួកគេ​ស៊ុត​បាល់ free-kick បញ្ចូល​ទី​យ៉ាង​ល្អ​»​។

គ្រូបង្វឹក​រូបនេះ​បាប​បន្ថែម​ថា​៖ «​វា​ជា​ការប្រកួត​អស្ចារ្យ​មួយ​រហូត​ដល់​នាទី​ចុងក្រោយ​។ ក្រុម​អាល់ហ្សេរី​ធ្វើ​បាន​ល្អ​ជាង​យើង​នៅក្នុង​តង់​ទី​ ១ ប៉ុន្តែ​ក្នុង​តង់​ទី​ ២ យើង​លេង​បាន​ល្អ​ជាង​វិញ ប៉ុន្តែ​យើង​ចាញ់ ១ ​គ្រាប់​នៅ​នាទី​ចុងក្រោយ​នៃ​ការប្រកួត​នេះ​»​។

គ្រូបង្វឹក​នីហ្សេរីយ៉ា​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​គិតថា កូនក្រុម​របស់​ខ្ញុំ​ចង់​លេង​ក្នុង​ម៉ោង​បន្ថែម​ ១៥ ​នាទី​ ២ ​ដង​ព្រោះ​ពួកគេ​ជឿ​ថា​ក្រុម​អាល់ហ្សេរី​នឹង​អស់​កម្លាំង​ដែល​ធ្វើឲ្យ​ពួកគេ​អាច​ឈ្នះ​ក្រុម​អាល់ហ្សេរី​នៅពេល​នោះ​តែ​ម្ដង​»៕ SN