ទីក្រុងប៉ារីស៖ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Josh Maja រកបាន ៣ គ្រាប់តែម្នាក់ឯង ខណៈក្លិប Bordeaux បានលត់ក្លិប Nimes យ៉ាងចាស់ដៃ ៦-០ ដើម្បីឡើងទៅឈរនៅលេខ ៣ ក្នុងក្របខ័ណ្ឌបារាំង Ligue 1 ខណៈក្លិប Marseille របស់លោក Andre Villas-Boas ឈរនៅលេខ ២ ដោយចាញ់ ២ ពិន្ទុ នៃក្រុម PSG ដែលកំពុងឈរនៅលើកំពូលតារាងជាមួយជ័យជម្នះ ២-០ ទៅលើក្រុម Angers កាលពីថ្ងៃអង្គារ។
កីឡាករ Maja អាយុ ២០ ឆ្នាំ ដែលបានចូលរួមនឹងក្លិប Bordeaux នៅខែមករានោះបានបំប៉ោងសំណាញ់ទី ៣ លើកក្នុងតង់ទី ១ ក្នុងការប្រកួតមួយដែលត្រូវបានពន្យារពេល ២៥ នាទី ដោយសារមានអ្នកគាំទ្រក្លិប Bordeaux ជាង ២០ នាក់ បានឆ្លងចោលទីលានប្រកួតនៅកីឡដ្ឋាន Matmut របស់ក្លិប Bordeaux។
ក្រុមអ្នកគាំទ្រទាំងនេះបានដើរចូលក្នុងទីលានប្រកួតក្រោយពីប្រកួតបាន ១១ នាទី ដោយសំដៅទៅរកប្រធានក្លិបនេះ គឺលោក Frederic Longuepee ក្រោយពីត្រូវបានបដិសេធមិនឲ្យកាន់បដាដែលស្នើសុំឲ្យគាត់ចុះចេញពីតំណែង។
កីឡាករ Maja បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Canal ថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយទោះជាមិនទាន់ជោគជ័យនៅឡើយក៏ដោយ»។
កីឡាកររូបនេះបានបន្ថែមថា៖ «នៅពេលខ្ញុំត្រឡប់ទៅផ្ទះ និងនិយាយជាមួយក្រុមគ្រួសាររបស់ខ្ញុំដែលបានដឹងពីអ្វីដែលខ្ញុំធ្វើបានសម្រេចនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់»។
ទន្ទឹមនេះដែរក្លិប Marseille បានប្រកួតឈ្នះក្រុម Angers ២-០ ដែលគ្រាប់ទី ១ រកបានដោយកីឡាករ Morgan Sanson ហើយគ្រាប់ទី ២ រកបានដោយកីឡាករ Dimitri Payet នៅក្នុងការប្រកួតក្រៅទឹកដីដែលធ្វើឲ្យពួកគេបន្តឈ្នះជាប់ៗគ្នា ៥ លើក។
លោក Villas-Boas គ្រូបង្វឹកក្លិប Marseille បាននិយាយថា៖ «ទីតាំងរបស់ក្លិប PSG មិនទាន់ជាក្ដីកង្វល់របស់យើងនៅឡើយទេព្រោះគោលដៅរបស់យើង គឺត្រូវបញ្ចប់ជាមួយការឈរនៅលេខ ២ នៅចុងបញ្ចប់នៃរដូវកាលនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ប្រសិនបើយើងអាចឈ្នះក្រុម Bordeaux នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ វាអាចធ្វើឲ្យបន្ថែមគម្លាតបន្តិចទៅលើក្រុមផ្សេងទៀតមុនពេលសម្រាកសម្រាប់បុណ្យណូអែល»។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានរក្សាជំនឿចិត្តជាមួយក្រុមនេះដែលបានឈ្នះក្រុម Brest ២-១ កាលពីថ្ងៃសុក្រ។
គ្រូបង្វឹកក្រុម Angers លោក Stephane Moulin បានធ្វើការផ្លាស់ប្ដូរ ៥ លើកក្រោយពីចាញ់ក្រុម Nice កាលពីចុងសប្ដាហ៍ដោយកីឡាករ Ismail Traore បានធ្វើជាប្រធានក្រុមជំនួសកីឡាករ Thomas Mangani។
លទ្ធផលនេះធ្វើឲ្យក្រុម Marseille បានឡើងទៅឈរនៅលេខ ២ មាន ៣១ ពិន្ទុ ក្នុង ១៦ ពិន្ទុ តាមពីក្រោយក្រុម PSG ដែលឈរនៅលើកំពូលតារាងមាន ៣៣ ពិន្ទុ ក្នុង ១៤ ប្រកួត។
ស្របពេលនោះដែរ ក្រុម Lyon បានចាញ់ក្រុម Lille ១-០ ក្នុងទឹកដីខ្លួនឯង ក្រោយពីកីឡាករ Jonathan Ikone បានប្រព្រឹត្តកំហុសធ្វើឲ្យ ពួកគេមិនអាចរកបានគ្រាប់បាល់បានឡើយ៕ AFP/SN