អង់គ្លេស: អ្នកចាត់ការ​ក្រុម Man City លោក Pep Guardiola មាន​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង​នៅពេល Man City បាន​ផ្ដួល​ក្រុម Watford ៦-០ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន FA Cup ហើយ​ការឈ្នះ​ពាន​បន្ថែម​មួយ​ទៀត​នេះ​ជា​ជ័យជម្នះ និង​ជា​ការបង្កើត​ប្រវត្តិ​ដ៏អស្ចារ្យ​ចុងក្រោយ​មួយ​ក្នុង​រដូវកាល​នេះ​របស់ Man City ដែល​គ្មាន​ក្រុម​ណា​មួយ​នៅ​ប្រទេស​អង់គ្លេស​ធ្លាប់​ធ្វើ​បាន​បែប​នេះ​អស់​រយៈពេល​ ១១៦ ​ឆ្នាំ​មក​ហើយ​។

ការយក​ឈ្នះ​លើ​ក្រុម Watford ៦-០ កាលពី​ថ្ងៃ​សៅរ៍​នោះ​បាន​កើត​មាន​ឡើង ក្រោយពី​ក្រុម Man City រកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ដោយ​ក្នុង​នោះ​ខ្សែប្រយុទ្ធ Silva រកបាន​ ១ ​គ្រាប់​មុន​គេ​នៅ​នាទី​ទី​ ២៦ ខ្សែបម្រើ​ប្រយុទ្ធ Sterling រក​បាន​គ្រាប់​បាល់​ទី​ ២ នៅ​នាទី​ទី​ ៣៨ ហើយ K. De Bruyne ជា​អ្នក​រកបាន​គ្រាប់​បាល់​ទី​ ៣ នៅ​នាទី​ទី​ ៦១​។ ៧ ​នាទី​ក្រោយ​មក​កីឡាករ D. Jesus បាន​បន្ថែម​ ១ ​គ្រាប់​ទៀត​មុនពេល Sterling រក​បាន​ ២ ​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​ ៨១ និង​នាទី​ទី​ ៨៧​។

តាមរយៈ​ការយក​ឈ្នះ​ក្រុម Watford នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បាន​ជួយ​ឲ្យ Man City លើក​ពាន​ចំនួន​ ៣ ​ជា​លើកដំបូង មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​ពាន Premier League ពាន FA និង​ពាន League Cups ព្រមទាំង​ពាន Community Shield មួយ​ចំនួន​ទៀត​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​នេះ​។

ឥឡូវនេះ​លោក Guardiola ទទួល​បាន​ជ័យជម្នះ​សរុប​ ២៧ ​លើក​ក្នុង​នាម​ជា​គ្រូបង្វឹក​ក្នុង​នោះ​ជ័យជម្នះ​ ៦ ​លើក​បាន​កើតឡើង​នៅពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​កាលពី​ ៣ ​ឆ្នាំ​មុន ចំណែក​ ១៤ ​លើក​ទៀត​នៅ​ក្លិប Barcelona ហើយ​ ៧ ​លើក​ក្នុង​ ៣ ​រដូវកាល​ចុងក្រោយ​នៅ​ក្លិប Bayern Munich​។

ទោះបី​ជា​យ៉ាងណា​លោក Pep Guardiola នៅ​មិន​ទាន់​ជោគជ័យ​ទាំង​ស្រុង​សម្រាប់​ក្លិប Man City នៅ​ឡើយ​ទេ ដោយសារ​គាត់​មិន​ទាន់​ជួយ​ឲ្យ​ក្រុម​បាន​លើក​ពាន​ក្របខ័ណ្ឌ Champions League ដូច​កាល​ដែល​គាត់​មិន​អាច​ជួយ​ក្រុម Bayern Munich នៅ​ប្រទេស​អាល្លឺម៉ង់​អ៊ីចឹង​ដែរ​។

យ៉ាងណា​ក៏ដោយ​លោក Guardiola បាន​អះអាង​ថា​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​ក្រុម​គាត់​នៅ​ទូទាំង​ការប្រកួត​នៅ​រដូវកាល​នេះ​បាន​បង្កើត​ស្នាដៃ​ដ៏អស្ចារ្យ​មួយ​ដោយ​ទទួល​បាន​ពាន​ចំនួន​ ៣ គឺ​ខ្លាំង​ជាង​ការឈ្នះ​ពាន Champions League ទៅ​ទៀត​។

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​បង្កើត​បទដ្ឋាន​ថ្មី​មួយ​ចំនួន​សម្រាប់​ក្រុម Man City និង​បាល់ទាត់​នៅ​ប្រទេស​អង់គ្លេស ប៉ុន្តែ​លោក​នៅ​តែ​ស្រេកឃ្លាន​ចង់​បាន​ស្នាដៃ​បន្ថែម​ទៀត​នៅ​រដូវកាល​ក្រោយ​។ លោក​និយាយ​ថា​៖ «​យើង​បាន​ឈ្នះ​ពាន Premier League ដោយសារ​លើស​គេ​តែ​ ១ ​ពិន្ទុ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិន​ទាន់​អាច​ថា​ជា​អ្នក​ខ្លាំង​ជាងគេ​នៅ​ឡើយ​ទេ​»​។

លោក Pep Guardiola បាន​និយាយ​បន្ត​ថា​៖ «​ក្រុម Liverpool បាន​បង្ហាញ​ឲ្យ​យើង​បាន​ឃើញ​ថា នៅពេល​អនាគត យើង​នឹង​មាន​ការប្រកួត​តឹងតែង​មួយ ហើយ​នេះ​គឺជា​ស្ដង់ដា និង​កម្រិត​មួយ​ដែល​យើង​នឹង​ត្រូវ​ប្រឈមមុខ​នៅ​ពេល​ខាងមុខ​»​។

ការពិត​ដែល​ថា Man City ហាក់​មិន​ពេញចិត្ត​នៅ​ឡើយ​នេះ វា​មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​សម្រាប់​ការប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បង្កបញ្ហា​សម្រាប់​លក្ខខ័ណ្ឌ​នៃ​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​ជាទូទៅ​ផង​ដែរ​៕ SN