ក្រុង​ឡុងដ៍៖ ក្លិប Man Utd បាន​បំផ្លាញ​ក្ដី​សង្ឃឹម​លើក​ពាន​រង្វាន់​ Premier League របស់​ក្លិប Man City កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រោយ​ពី​ក្រុម​ឈរ​លើ​កំពូល​តារាង​ Liverpool ធានា​បាន​លេខ ​១ ​នៅ​រដូវ​បុណ្យ​ណូអែល​នេះ ​ជាមួយ​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម Bournemouth ៣-០។​

ក្លិប Man City ដែល​កំពុង​ការពារ​ម្ចាស់​ជើងឯក​នោះ​​បាន​ដើរ​ចូល​ទីលាន​ប្រកួត​នៅ​កីឡដ្ឋាន​ Etihad ក្នុង​បំណង​ត្រូវ​តែ​ឈ្នះ​ក្រោយ​ពី​ក្រុម​របស់​លោក Jurgen Klopp បាន​ឈ្នះ​ ៣-០ ទៅ​លើ​ក្រុម​ Bournemouth ប៉ុន្តែ​ពួក​គេ​បាន​ចាញ់​ក្រុម​ Man Utd ក្នុង​លទ្ធផល​ ២-១។​

នៅ​មុន​ការ​ប្រកួត​នោះ​ ក្រុម Tottenham របស់​លោក Jose Mourinho បាន​លត់​ក្រុម Burnley ៥-០ ក្នុង​នោះ​កីឡាករ​ Son Heung-min រក​បាន ​១ ​គ្រាប់ ​ដ៏​អស្ចារ្យ​ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ៤​​ Chelsea បាន​ចាញ់​ក្រុម Everton ៣-១ នៅ​កីឡដ្ឋាន​ Goodison Park។​​

បរាជ័យ ​៤ ​លើក ​របស់​ក្រុម Man City នៅ​រដូវកាល​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​តាម​ពី​ក្រោយ ​១៤ ​ពិន្ទុ ​នៃ​ក្រុម​ Liverpool ដែល​បាន​ឈ្នះ​ ១៥ ​លើក ​ក្នុង ​១៦ ​ប្រកួត​។​

កីឡាករ​ Marcus Rashford បាន​បើក​ឆាក ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ​ Man Utd ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​នៅ​នាទី ​២៣​ ហើយ​កីឡាករ​ Anthony Martial បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​នៅ​នាទី ​២៩​ តែ​នៅ​នាទី ​៨៥ ​កីឡាករ​ Nicolas Otamendi រក​បាន ​១ ​គ្រាប់​សម្រាប់​ម្ចាស់​ផ្ទះ​​​ ប៉ុន្តែ​មិន​អាច​តាម​ស្មើ​បាន​ឡើយ​។​

ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង ​២ ​នេះ ​គេ​បាន​ឃើញ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ទៅ​លើ​កីឡាករ​ Fred របស់​ក្លិប Man Utd ដោយ​អ្នក​គាំទ្រ​បាន​ប្រើ​ពាក្យ​សម្ដី​មិន​​សមរម្យ​ និង​ចោល​វត្ថុ​​ផ្សេងៗ​ទៅ​លើ​រូប​គេ​ផង​ដែរ​។​​

លោក Ole Gunnar Solskjaer គ្រូ​បង្វឹក​ក្លិប Man Utd បាន​ប្រាប់​ BBC ​ថា៖ «​យើង​នឹង​ចងចាំ​ពី​បញ្ហា​នេះ​ ហើយ​យើង​មើល​ទៅ​ដូច​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​យើង​ទទួល​បាន​បាល់​​សម្រុក​ទៅ​មុខ​នៅ​​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក​មួយ​​នេះ»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ពួក​គេ ​គឺ​ជា​ក្រុម​មួយ​អស្ចារ្យ​ ហើយ​ដើម្បី​ទទួល​បាន​លទ្ធផល ​និង​ការពារ​ដូច​យើង​បាន​ធ្វើ ​និង​បង្កើត​ឱកាស​ជា​ច្រើន​នេះ​ យើង​គួរ​តែ​បាន ​៣ ​ឬ ​៤ ​គ្រាប់​ឡើង​ទៅ ​ប៉ុន្តែ​ដោយសារ​អ្នក​ចាំ​ល្អ​»។​

គ្រូ​បង្វឹក​ដ៏​អស់​សង្ឃឹម​របស់​ក្លិប Man City លោក Pep Guardiola ដែល​ក្រុម​របស់​គាត់​នៅ​តែ​ឈរ​នៅ​លេខ ​៣ ​នោះ​បាន​និយាយ​ថា វា​មិន​មែន​ជា​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​ការ​ប្រណាំង​ប្រជែង​ពាន​រង្វាន់​នេះ​ទេ​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​ Sky Sports ថា៖ «​យើង​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ និង​គិត​ពី​ការ​ប្រកួត​លើក​ក្រោយ​ទៀត ​ដោយ​មិន​ខ្វល់​ពី​ការ​ចាញ់​ពិន្ទុ ​៦ ឬ ​៨​ ឬ​ក៏ ​១៤ ​នោះ​ទេ ​គឺ​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត ​ព្រោះ​យើង​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​»។​

នៅ​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង ​២ ​នេះ​ ក្រុម​របស់​លោក Klopp បាន​ប្រកួត​ឈ្នះ​ក្រុម Bournemouth ​៣-០ នៅ​ក្រៅ​ទឹក​ដី ​ដើម្បី​បន្ត​នាំ​មុខ​គេ​ដាច់ ​១១ ​ពិន្ទុ​ ខណៈ​ពួក​គេ​កំពុង​តាម​ឈ្នះ​ពាន​រង្វាន់​នេះ​ជា​លើក​ដំបូង ​សម្រាប់​រយៈពេល ​៣០ ​ឆ្នាំ​មក​នេះ​។​​​

កីឡាករ Alex Oxlade-Chamberlain បាន​បើក​ឆាក ​១ ​គ្រាប់ ​សម្រាប់​ម្ចាស់​ជើងឯក​អឺរ៉ុប​នេះ​​មុន​ពេល​កីឡាករ Naby Keita បាន​បន្ថែម​ ១ គ្រាប់​ទៀត នៅ​មុន​ពេល​សម្រាក​តង់​ទី ​១​ ហើយ​កីឡាករ​ Salah បាន​ដាក់ ​១ ​គ្រាប់​ទៀត ​នៅ​នាទី ​៥៤​។​

នេះ​ជា​ជ័យជម្នះ​ដោយ​មិន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​លើក​ទី ​១ ​សម្រាប់​ក្រុម Liverpool តាំង​​ពី​ចុង​ខែ​កញ្ញា​។​

លោក Klopp បាន​និយាយ​ថា៖ «​មែន​ហើយ​វា​ពិ​ត​ជា​អស្ចារ្យ​ ​១០០​%​។ យើង​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ ហើយ​យើង​មាន​ឱកាស​ជា​ច្រើន ​​និង​លេង​បាន​ល្អ​ផង​ដែរ​»៕ AFP/SN