ក្រុងឡុងដ៍: ក្រុម Manchester United នឹងឈានទៅកាន់ការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham Hotspur នៅថ្ងៃសៅរ៍នេះ ដោយសម្លឹងរកការរក្សាក្តីសង្ឃឹមនៃការឈ្នះពាន ដើម្បីសង្គ្រោះរដូវកាលរបស់ពួកគេ។
ប៉ុន្តែ ទោះបីជាយ៉ាងណា Spurs ក៏កំពុងតែស្រេកឃ្លានផងដែរ ខណៈដែលពួកគេមានបំណងក្នុងការបញ្ចប់ការរង់ចាំរយៈពេល១ទសវត្សរ៍សម្រាប់ការឈ្នះពាន ១ និង បង្ហាញពីការអភិវឌ្ឍដ៏រឹងមាំរបស់ពួកគេក្រោមការដឹកនាំរបស់លោក Mauricio Pochettino។
ក្រុមរបស់លោក Jose Mourinho ទើបតែបានពង្រឹងទីតាំងលេខ ២ របស់ខ្លួននៅលើតារាងនៃក្របខ័ណ្ឌ Premier League នៅសប្តាហ៍នេះ ប៉ុន្តែការប្រជែងពានជាមួយនឹងក្រមម្ចាស់ជើងឯក Manchester City មិនអាចកើតឡើងឡើយ ហើយពួកគេក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយផងដែរ។
ដើម្បីបន្ថែមការខកចិត្តផ្សេងៗទៅលើគ្រូបង្វឹករូបនេះ ពាក្យចរចាមអារ៉ាមផ្សេងៗជុំវិញអនាគតរបស់ខ្សែបម្រើដែលមានតម្លៃខ្លួន៨៩លានផោន (ស្មើនឹង ១២៧ លានដុល្លារអាមេរិក) Paul Pogba ក៏បានកើនឡើងកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះផងដែរ។
ខណៈដែលត្រូវបានចាត់ទុកថា ជាចំនួនលើសទៅនឹងតម្រូវការដោយលោក Mourinho នៅរដូវកាលនេះ Pogba បានបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲុយក្រុម Man United បំពេញការវាយបកដើម្បីផ្តួលក្រុម Man City ៣-២ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែ១កាលពី២សប្តាហ៍មុន។
រូបគេបានបង្ហាញពីទម្រង់លេងដ៏ល្អម្តងទៀតសម្រាប់លោក Mourinho ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃពុធ ប៉ុន្តែ មុននេះបន្តិច រូបគេក៏បានរងនូវការរិះគន់សម្រាប់ការបង្ហាញពីទម្រង់លេងរបស់គេក្នុងពេលក្រុម Man United បានរងបរាជ័យក្រោមស្នាដៃក្រុម West Brom ដើម្បីផ្តល់ពានទៅឲ្យ Man City កាលពីចុងសប្តាហ៍មុនផងដែរ។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១១:១៥ យប់៕ IS