ក្រុង​មីឡាន៖ ការ​រក​បាន ​២ ​គ្រាប់ ​របស់​កីឡាករ​ Lautaro Martinez នៅ​តង់​ទី ​១ ​បាន​ជួយ​ឲ្យ​ក្លិប Inter Milan ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A ជាមួយ​ជ័យជម្នះ​ ២-១ ទៅ​លើ​ក្រុម SPAL កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​ពី​ម្ចាស់​ជើងឯក​ Juventus បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម Sassuolo នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​។​​

គ្រូ​បង្វឹក​ក្លិប​ Juventus លោក Maurizio Sarri បាន​សម្ដែង​ការ​សោកស្ដាយ​ក្រោយ​ពី​ក្រុម​របស់​គាត់​បាន​ធ្លាក់​ចុះ​ពិន្ទុ​ជា​លើក​ដំបូង​នៅ​ក្នុង​រដូវកាល​នេះ​ក្នុង​ការ​​ប្រកួត​នៅ​លើ​​ទឹក​ដី​ខ្លួន​ឯង​ថា៖ «​យើង​មិន​បាន​ប្រើ​ក្បាល​របស់​យើង​នោះ​ទេ​»។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​មាន​បញ្ហា​ដោយ​ខ្លួន​ឯង​ព្រោះ​យើង​មិន​បាន​ប្រើ​ក្បាល​នៅ​តង់​ទី ​១​ ខណៈ​យើង​មាន​ឱកាស​ជា​ច្រើន​»។​

ខ្សែ​ប្រយុទ្ធ​ Christiano Ronaldo ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ ​១ ​គ្រាប់ ​ដើម្បី​តាម​ស្មើ​គូ​ប្រជែង​ខ្លួន ២-២ ប៉ុន្តែ​ក្លិប Juventus បាន​រអិល ​១ ​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​ Inter របស់​លោក Antonio Conte។​

កីឡាករ​អាហ្សង់ទីន​ Martinez បាន​ជួយ​ឲ្យ​ក្រុម Inter នាំ​មុខ​នៅ​នាទី ​១៦ ​​នៅ​កីឡដ្ឋាន​ San Siro របស់​ខ្លួន​បន្ទាប់​មក​បាន​តែត​បាល់​ចូល​ទី ​១ ​គ្រាប់​ទៀត ​ដើម្បី​បង្គ្រប់​ជា​គ្រាប់​បាល់​ទី ​៨ ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​លីក​នៅ​រដូវកាល​នេះ​។​

ប៉ុន្តែ​កីឡាករ​ Mattia Valoti រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​ឲ្យ​ក្រុម SPAL តាម​ស្មើ​ម្ចាស់​ផ្ទះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​រង​បរាជ័យ ​៩ ​លើក​ក្នុង​រដូវកាល​នេះ​ ​និង​​ឈរ​នៅ​លេខ ​២ ​នៃ​តំបន់​បាត​តារាង​​។​

លោក Conte បាន​ដឹកនាំ​ក្លិប Inter ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នេះ ​ទទួល​បាន​ជ័យជម្នះ ​១២ ​លើក ​ក្នុង​ការ​ប្រកួត​លីក ​១៤ លើក​ជា​លើក​ដំបូង​ ហើយ​ពួក​គេ​​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​វិញ ​ក្រោយ​ពី​ពួក​គេ​បាត់​បង់​ចំណាត់​ថ្នាក់​នេះ​នៅ​ពេល​ប្រកួត​ចាញ់​ក្រុម Juventus ក្នុង​លទ្ធផល​ ២-១ កាល​ពី​ថ្ងៃ​ទី ​៦​ ខែ​តុលា​៕ AFP/SN