ក្រុង​តូ​ក្យូ: តារា​ប្រដាល់​ជើងចាស់ Floyd Mayweather Jr បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា រូបគេ​នឹង​ចាក​ចេញ​ពី​ការ​ចូល​និវត្តន៍​ដើម្បី​ប្រកួត​ជាមួយ​នឹង​កីឡាករ​ប្រដាល់​សេរី​ជប៉ុន Tenshin Nasukawa ដែល​មាន​វ័យ​ក្មេង​ជាង​ពាក់​កណ្តាល នៅ​ល្ងាច​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មី ក្នុង​ទីក្រុង Saitama។

កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ ៤១ ឆ្នាំ​រូបនេះ ដែល​បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់ ៥ ប្រភេទ​ខុស​គ្នា និង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ប្រដាល់​មិន​រើស​ទម្ងន់​ដ៏​ឆ្នើម​បំផុត​ក្នុង​កីឡា​នេះ បាន​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ​គុន​ចម្រុះ Conor McGregor របស់​អៀរឡង់ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។

ជ័យជម្នះ​នោះ បានធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​ក្នុង​កីឡាប្រដាល់​របស់គេ​កើន​ដល់ ៥០ លើក មិន​ដែល​ចាញ់ ប៉ុន្តែ រូបមន្ត ឬ​លក្ខខណ្ឌ​សម្រាប់​ការ​ប្រកួត​របស់​គេ​ជាមួយ​នឹង Nasukawa មិន​ទាន់​ត្រូវ​បាន​កំណត់​ជាក់​លាក់​ដោយ​អង្គភាព​រៀបចំ​ការ​ប្រកួត​ក្បាច់​ចម្រុះ RIZIN នៅ​ឡើយ​ទេ។

Mayweather បាន​បង្ហោះ​រូបថត​មួយ​នៅលើ​បណ្តាញ​សង្គម Instagram របស់គេ​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​បង្ហាញ​ពី​រូបគេ​កំពុង​តែ​ពាក់​ហ្គង់​កីឡា​ប្រដាល់​សេរី។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ដោយ​យន្តហោះ​ឯកជន​របស់​គេ Mayweather បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​ក្នុង​ទីក្រុង​តូក្យូ​ថា៖ «ខ្ញុំ​ចង់​ផ្តល់​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​បាន ដូចជា ឈាម ញើស និង​ទឹកភ្នែក»។

ដើម្បី​ផ្សព្វផ្សាយ​ពី​ការប្រកួត​កីឡា​ប្រយុទ្ធ​ខុស​លក្ខខណ្ឌ​គ្នា ដែលជា​ផ្នែក​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់​គេ​នៅ​ជប៉ុន កីឡាករ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «ខ្ញុំ​ចង់​បន្ត​កសាង​ទំនាក់​ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​ក្រុម Money Team Tokyo។ ខ្ញុំ​ចង់​បន្ត​មក​ទីនេះ និង​នាំយក​កីឡាករ​ផ្សេង​ទៀត ហេតុ​នេះ ក្រុមហ៊ុន​របស់​ខ្ញុំ​អាច​បន្ត​អភិវឌ្ឍ ហើយ RIZIN អាច​បន្ត​អភិវឌ្ឍ»។

Mayweather បាន​បន្ថែមទៀតថា៖ «យើង​កំពុង​ធ្វើ​ឲ្យ​ការប្រកួតធំៗ​ជាច្រើន​កើន​ឡើង​នៅ​អាមេរិក ប៉ុន្តែ យើង​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឲ្យ​អង្គភាព Mayweather Promotions និង TMT ល្បីល្បាញ​ទូទាំង​ពិភពលោក»។

Nasukawa ដែលជា​ត្រូវបាន​ចាត់ទុក​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​កីឡា​ប្រយុទ្ធ​របស់​ជប៉ុន​នោះ មាន​កំណត់​ត្រា​ឈ្នះ ២៧ លើក មិន​ដែល​ចាញ់ ប៉ុន្តែ មិន​ធ្លាប់​បាន​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​សកល​អាជីព​ឡើយ។ កីឡាករ​វ័យ ២០ ឆ្នាំ​រូប​នេះ បាន​ចាត់​ទុក​ថា «វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល» ក្នុង​ការ​ទទួល​យក​សំណើ​ដើម្បី​ប្រកួត​ជាមួយ​នឹង Mayweather នៅ Saitama ភាគ​ខាងជើង ទីក្រុង​តូក្យូ៕