ក្រុងឡូសអេនជឺលេស: អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៦៦,៧ គីឡូក្រាម Floyd Mayweather បានបញ្ជាក់កាលពីថ្ងៃពុធថា រូបគេគ្រោងប្រកួតជាមួយនឹងតារាឆ្នើមក្នុងក្បាច់គុនចម្រុះ Khabib Nurmagomedov ក្រោយពីការទទួលជ័យជម្នះរបស់កីឡាកររុស្ស៊ីរូបនេះ លើ Conor McGregor។ ក្នុងការឆ្លើយតបមួយទៅកាន់គេហទំព័រ TMZ Sports កីឡាករ Mayweather បានបញ្ជាក់ថា ការប្រកួត ១ ជាមួយនឹង Nurmagomedov នឹងកើតឡើង ប្រសិនបើការប្រកួតនោះប្រព្រឹត្តទៅលើសង្វៀនកីឡាប្រដាល់។
នៅពេលដែលត្រូវបានចោទសួរដោយ TMZ ថា ការប្រកួតជាមួយនឹង Nurmagomedov នឹងកើតឡើង ឬយ៉ាងណា? កីឡាករវ័យ ៤១ ឆ្នាំរូបនេះបានឆ្លើយតបថា៖ «អូ យើងនឹងប្រកួតគ្នា។ ខ្ញុំគឺជាម្ចាស់លើខ្លួនឯង។ ខ្ញុំមិនអាចនិយាយអ្វីដែលនឹងកើតឡើងលើ Khabib ឡើយ ប៉ុន្តែ សម្រាប់ខ្លួនខ្ញុំ យើងអាចធ្វើឲ្យវាកើតឡើងបាន»។
Mayweather ដែលបានបញ្ចប់ការចូលនិវត្តន៍ ដើម្បីផ្តួល McGregor ក្នុងការប្រកួតដែលផ្តល់ប្រាក់តម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងទីក្រុង Las Vegas កាលពីឆ្នាំមុននោះ បានសង្កត់ធ្ងន់ថា ការប្រកួតណាមួយជាមួយនឹង Nurmagomedov នឹងកើតឡើងក្រោមច្បាប់នៃកីឡាប្រដាល់។
Mayweather បានបញ្ជាក់ថា៖ «តើនរណានៅខាងភាគី A? រូបគេបានស្នើមកកាន់ខ្ញុំ ហេតុនេះ រូបគេត្រូវតែចូលក្នុងពិភពរបស់ខ្ញុំ»។
Mayweather ដែលមានកំណត់ត្រាឈ្នះ ៥០ លើកមិនដែលចាញ់ និងកីឡាករមិន ស្គាល់ចាញ់ Nurmagomedov (ឈ្នះ ២៧ លើក) នឹងបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយផ្សេងទៀត ប្រសិនបើពួកគេពិតជាប្រកួតគ្នាមែន។
Mayweather បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំជួបជាមួយ Khabib ខ្ញុំនឹងទទួលបានតម្លៃខ្លួនក្នុងតួលេខ ៩ ខ្ទង់ ពោលគឺច្រើនជាងតម្លៃខ្លួនពេលជួប McGregor។ វាប្រហែលជាច្រើនជាង ១០០ លានដុល្លារអាមេរិក។ វាអាចនឹងមានតម្លៃខ្លួន ១១០ លានដុល្លារទៅ ២០០ លានដុល្លារ»។
Nurmagomedov កំពុងតែប្រឈមមុខនឹងការរងនូវការចាត់វិធានការផ្នែកវិន័យក្នុងរដ្ឋ Nevada ក្រោយពីការផ្ទុះជម្លោះក្នុងពេលបញ្ចប់ការប្រកួតរបស់គេជាមួយ McGregor។
អ្នកប្រយុទ្ធរបស់រុស្ស៊ីរូបនេះ បានរត់ចូលទៅកាន់ក្រុមអ្នកគាំទ្រភ្លាមៗ ក្រោយពីជ័យជម្នះរបស់គេដើម្បីវាយតប់គ្នាជាមួយនឹងសមាជិកនៃក្រុមលើកទឹកចិត្តរបស់ McGregor ស្របពេលសមាជិកផ្សេងទៀតនៃក្រុមអ្នកគាំទ្ររបស់ Nurmagomedov បានរត់ចូលសង្វៀនដាក់ទ្រុងនៅ T-Mobile Arena ដើម្បីវាយទៅលើកីឡាករអៀរឡង់រូបនេះ។
កីឡាករ Nurmagomedov ក៏បានសម្តែងនូវការស្រេកឃ្លានផងដែរចំពោះការឡើងសង្វៀនប្រកួតជាមួយនឹង Mayweather៕