ក្រុងប៉ារីស៖ ស្របពេលដែលពិភពលោកកំពុងសស្រោកសស្រាំតទល់ក្នុងការទប់ស្កាត់ជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ នោះ តារាបាល់ទាត់មួយចំនួនធំ ក៏បានរួមចំណែករបស់ខ្លួនក្នុងយុទ្ធនាការនេះដែរ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនឲ្យទៅមូលនិធិនានា ក្នុងប្រទេសរបស់ពួកគេ ដូចជាពេលនេះ ខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើម Kylian Mbappe បានសម្ដែងនូវទឹកចិត្តដ៏ប្រពៃរបស់ខ្លួន ដោយការប្រគល់នូវទឹកប្រាក់មួយចំនួន ដល់អង្គការសប្បុរស Abbe Pierre Foundation ដែលមានមូលដ្ឋាននៅក្រុងប៉ារីស ដើម្បីទុកសម្រាប់ជាជំនួយដល់ក្រុមគ្រូពេទ្យនៅក្នុងប្រទេស បារាំង។
ក្របខ័ណ្ឌ Ligue 1 របស់បារាំង រួមជាមួយការប្រកួតក្នុងវិស័យកីឡាល្បីៗផ្សេងៗជាច្រើនទៀត ត្រូវបានផ្អាកជាបណ្ដោះអាសន្នអំឡុងពេលមានវិបត្តិនៃការផ្ទុះជំងឺដ៏សាហាវនេះ ដែលមកទល់ពេលនេះត្រូវបានគេអះអាងថា មានមនុស្សចំនួនជាង ២៧ ០០០ នាក់ បានស្លាប់នៅទូទាំងពិភពលោក។
ប្រទេស បារាំង ក៏ជាប្រទេសមួយដែលត្រូវវីរុសកូរ៉ូណាវាយលុកដែរ ខណៈដែលពេលនេះ មនុស្សចំនួន ៣២ ៩៦៤ នាក់ ត្រូវបានគេអះអាងថា បានឆ្លងជំងឺនេះ ហេតុដូច្នេះដោយសារតែឃើញប្រទេសកំណើតខ្លួន កំពុងស្ថិតក្នុងភាពវឹកវរ ក៏ដូចជាចង់រួមចំណែកគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ Abbe Pierre Foundation កីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំ ដែលបច្ចុប្បន្នប្រកបអាជីពជាមួយក្រុមអ្នកមាន Paris Saint-Germain បានបរិច្ចាគទឹកប្រាក់មួយចំនួនធំដល់អង្គការនេះ។
ក្រោយទទួលបានការបរិច្ចាគ អង្គការសប្បុរសនេះ ក៏បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសរបស់ខ្លួនថា៖ «មិនត្រឹមតែបារម្ភអំពីផលវិបាកនៃវិបត្តិសុខភាពដ៏ធ្ងន់ធ្ងរ ដែលកើតមានចំពោះប្រទេសយើងប៉ុណ្ណោះទេ តែថែមទាំងបារម្ភផងដែរ ចំពោះផលលំបាកនានា ដែលអាចនឹងកើតមានចំពោះប្រជាជនងាយរងគ្រោះទាំងឡាយ ទើបកីឡាករឆ្នើម Kylian Mbappe បានបរិច្ចាគភ្លាមៗនូវចំនួនទឹកប្រាក់ដ៏ច្រើន ដើម្បីជាការគាំទ្រដល់ការងាររបស់អង្គការ Abbe Pierre Foundation»។
នៅក្នុងសេចក្ដីប្រកាសនោះបានឲ្យដឹងបន្តទៀតថា៖ «ទឹកចិត្តដ៏ល្អរបស់គាត់ នឹងផ្ដល់ឲ្យជាពិសេសក្នុងការអនុវត្តនូវសកម្មភាពជំនួយដំបូងរបស់យើង មានដូចជាការផ្ដល់ជូននូវទឹកប្រើប្រាស់ និងអនាម័យសម្រាប់ប្រជាជនក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់ខ្លាំងនេះ ព្រមទាំងការផ្ដល់ជូនម្ហូបអាហារ និងជម្រកសម្រាប់អ្នកដែលអត់មានផ្ទះសំបែង»។
ជាមួយគ្នានេះ អង្គការសប្បុរស Abbe Pierre Foundation បានបញ្ជាក់ថា៖ «មូលនិធិ សូមផ្ញើសារថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្របំផុតចំពោះ Kylian Mbappe ដែលមានសន្ដានចិត្តដ៏ប្រពៃនេះ និងមានការយកចិត្តទុកដាក់ទៅលើមនុស្សទាំងឡាយ ក្នុងពេលវេលាមិនប្រាកដប្រជាដ៏ធំនេះ»។ ទោះជាយ៉ាងណា អង្គការសប្បុរសខាងលើ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលកីឡាករ Mbappe បរិច្ចាគនោះទេ។
ដោយឡែក កាលពីដើមសប្ដាហ៍កន្លងទៅ សារព័ត៌មានជាច្រើនបានរាយការណ៍ឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo និងភ្នាក់ងាររបស់គាត់ លោក Jorge Mendes បានបរិច្ចាគទឹកប្រាក់មួយចំនួនធំ ទៅមន្ទីរពេទ្យ នៅប្រទេសកំណើតខ្លួន គឺព័រទុយហ្គាល់ ខណៈខ្សែប្រយុទ្ធមាឌល្អិតដ៏ល្បីឈ្មោះ Lionel Messi បានផ្ដល់ថវិកាដល់មន្ទីរពេទ្យ នៅទីក្រុងBarcelona ក្នុងប្រទេស អេស្ប៉ាញ ផងដែរ៕ AFP/VN