ក្រុងប៉ារីសៈ ខ្សែប្រយុទ្ធ Kylian Mbappe បាន​ប្ដេជ្ញាចិត្ត​នៅក្នុង​ពិធី​អបអរ​ជ័យជម្នះ​របស់​ខ្លួន​ថា រូបគេ​នៅ​តែ​បន្ត​ស្ថិត​នៅ​ជាមួយ​ក្រុម Paris Saint-Germain (PSG) ដែល​ជា​ម្ចាស់​ជើងឯក​ទើប​ឈ្នះ​ពាន​នៃ​ក្របខ័ណ្ឌ​កំពូល​បារាំង Ligue 1 កាលពី​ថ្ងៃ​អាទិត្យ​ក្រោយពី​ក្រុម​នេះ​បាន​យក​ឈ្នះ​ក្រុម Manaco ក្នុង​លទ្ធផល​ ៣-១ ជាមួយ​ការដាក់​ឲ្យ​ចូល​លេង​វិញ​របស់​កំពូល​ខ្សែប្រយុទ្ធ​ជា​ដៃគូ​របស់​គេ​គឺ Neymar​។

តារាបាល់ទាត់ Mbappe បាន​និយាយ​តាម​ទូរទស្សន៍ Canal+ ដោយ​រៀបរាប់​យោង​ទៅ​នឹង​ក្រុម Real Madrid ថា​៖ «​ខ្ញុំ​នៅ​ទីនេះ​ព្រោះ​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម​នេះ (PSG) រួច​ហើយ​។ វា​ល្អ​សម្រាប់​ក្រុម Real Madrid បើ​មាន​លោក Zizou (​គ្រូបង្វឹក​ក្រុម Madrid លោក Zinedine Zidane) ហើយ​ខ្ញុំ​នឹង​តាម​ឃ្លាំមើល​ការប្រកួត​របស់​គេ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​»​។

ខ្សែប្រយុទ្ធ Mbappe រក​បាន​គ្រាប់​បាល់​ក្នុង​ការប្រកួត​លីក​នៅ​រដូវកាល​នេះ សរុប​ចំនួន​ ៣០ ​គ្រាប់​រួម​ទាំង​ ៣ គ្រាប់​ចុងក្រោយ​ដែល​រូបគេ​បាន​ជួយ​ឲ្យ​ក្រុម PSG ឈ្នះ​ក្រុម Monaco ៣-១ កាលពី​ថ្ងៃ​អាទិត្យ​។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ PSG គ្រង​ជា​ម្ចាស់​ជើងឯក​លើក​ទី​ ៦ ​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​ស្រប​ពេល​ក្រុម​ដែល​ជា​គូប្រជែង​បំផុត Lille បាន​ធ្លាក់​ពិន្ទុ​។

ការទទួល​បាន​លទ្ធផល​ស្នើ​គ្នា ០-០ ជាមួយ​ក្រុម Toulouse បាន​ធ្វើឲ្យ​ក្រុម Lille ចាញ់​ក្រុម PSG ១៦ ​ពិន្ទុ​ជាមួយ​ការប្រកួត​នៅ​សល់​តែ​ ៥ ​លើក​ទៀត​ប៉ុណ្ណោះ​ជាហេតុ​ធ្វើឲ្យ​ក្រុម PSG រៀបចំ​ពិធី​អបអរ​ការលើក​ពាន​មុន​ពេល​កំណត់​ក្រោយ​បាត់បង់​ឱកាស​បែប​នេះ​ម្ដង​ហើយ​កាលពី​ ៣ ​ប្រកួត​មុន​។

ខ្សែប្រយុទ្ធ​វ័យក្មេង Mbappe បាន​ប្រាប់​ទូរទស្សន៍ Canal+ ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បើ​ទោះ​ជា​រដូវកាល​នេះ​មិន​ទាន់​ចប់​ក៏ដោយ ហើយ​ខ្ញុំ​ចង់​រក​គ្រាប់​បាល់​បន្ថែម​ទៀត​»​។

ខ្សែប្រយុទ្ធ​វ័យ​ ២០ ​ឆ្នាំ​រូបនេះ​កំពុង​ផ្ដោត​លើ​ការលើក​ពាន​ក្នុង​ស្រុក​ឲ្យ​បាន​ចំនួន​ ២ នៅ​មុនពេល​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន French Cup ជាមួយ​ក្រុម Rennes នៅ​ចុង​សប្ដាហ៍​នេះ​បន្ទាប់ពី​ក្រុម​របស់​ខ្លួន​បាន​ធ្លាក់​ក្នុង​ការប្រកួត​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League​។

នៅពេល​រំឭក​ដល់​ការ​ចាញ់​ក្រុម Man United ៣-១ ក្នុង​ការប្រកួត​ជើង​ទី​ ២ វគ្គ​ ១៦ ​ក្រុម Champion League ក្នុង​ទឹកដី​ខ្លួនឯង​ដែល​បាន​លុបចោល​ការយក​ប្រៀប​ចំពោះ​ការ​ឈ្នះ Man United ២-០ ក្នុង​ជើង​ទី​ ១ នៅ​ក្រៅ​ទឹកដី​នោះ Mbappe បាន​និយាយ​ថា​៖ «​យើង​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ជាមួយ​ក្រុម Manchester United ប៉ុន្តែ​ការប្រកួត​នៅ​បន្ត​នៅ​ឡើយ​»​។

តារាបាល់ទាត់​វ័យក្មេង​រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​ជា​ការពិត​យើង​បាន​រំពឹង​ខ្លាំង​ពី​ការលើក​ពាន​ក្របខ័ណ្ឌ Champions League ប៉ុន្តែ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​ខ្លួនឯង​អស់សង្ឃឹម​នោះ​ទេ​»​។

ការដាក់​ឲ្យ​ចូល​លេង​របស់​ខ្សែប្រយុទ្ធ Neymar នៅពេល​ចាប់ផ្ដើម​តង់​ទី​ ២ ជំនួស Layvin Kurzawa នេះ​គឺជា​ការ​ផ្សំ​គ្រឿង​ល្អ​មួយ​សម្រាប់​ក្រុម​របស់​លោក Thomas Tuchel ដែល​មិន​បាន​ដាក់​កំពូល​តារា​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ឲ្យ​ចូល​លេង​តាំងពី​ថ្ងៃទី​ ២៣ ខែ​មករា​ដោយសារ​រងរបួស​ជើង​ស្ដាំ​។

ពាក់ព័ន្ធ​នឹង​ការប្រកួត​រវាង​ក្រុម PSG និង Monaco នេះ Mbappe ជា​អ្នក​រកបាន​គ្រាប់​បាល់​ទាំង​ ៣ ​គ្រាប់​ដែល​បាន​កើតឡើង​នៅ​នាទី​ទី​ ១៥ នាទី​ទី​ ៣៨ ហើយ​គ្រាប់​បាល់​ទី​ ៣ របស់​ខ្សែប្រយុទ្ធ​បារាំង​រូបនេះ​រក​បាន​នៅ​នាទី​ទី​ ៥៥ មុន​ពេល​ក្រុម Monaco រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​កីឡាករ Aleksandr Golovin នៅ​នាទី​ទី​ ៨០៕ SN