ក្រុងប៉ារីសៈ ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain (PSG) បាននិយាយពីថ្ងៃចន្ទថា តារាខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តដំណើរជាមួយក្លិបនេះសម្រាប់រដូវកាលក្រោយទៀត ទោះជាម្ចាស់ជើងឯក World Cup រូបនេះបានព្រលយថា គាត់អាចចាកចេញពីក្លិបនេះនៅពេលអនាគតក៏ដោយ។
តារាបាល់ទាត់វ័យ ២០ ឆ្នាំរូបនេះបាននិយាយពីថ្ងៃអាទិត្យថា គាត់ចង់មានការទទួលខុសត្រូវបន្ថែមទៀតដែលអាចនៅក្លិប PSG ឬនៅកន្លែងផ្សេងទៀតក្រោយពីបានរង្វាន់កីឡាករឆ្នើមប្រចាំក្របខ័ណ្ឌបារាំង Ligue 1 នៅរដូវកាលនេះ។
ប៉ុន្តែក្លិប PSG បាននិយាយតាមប្រព័ន្ធ Twitter ថា៖ «ក្លិប PSG និង Mbappe បានបង្កើតទំនាក់ទំនងល្អរយៈពេល ២ ឆ្នាំមកហើយ ខណៈយើងនឹងបន្តបែបនេះសម្រាប់រដូវកាលក្រោយទៀត»។
ក្លិបនេះបានបន្តទៀតថា៖ «វាជាពេលវេលាដែលគេរំពឹងទុកជាយូរមកហើយដើម្បីសរសេរទំព័រដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រក្លិបរបស់យើងដែលកីឡាករសំខាន់ៗនឹងត្រូវទទួលយកការរួមចំណែករៀងៗខ្លួននៅក្នុងក្លិបនេះ»។
កីឡាករ Mbappe បាននិយាយពីថ្ងៃអាទិត្យថា គាត់ទំនងជាងអាចនឹងទៅចូលរួមនឹងក្លិប Real Madrid នៅប្រទេសអេស្ប៉ាញក្រោយពីក្លិបនេះបានបញ្ចុះបញ្ចូលគាត់ក្នុងពេលកន្លងមក។
កីឡាករឆ្នើមរូបនេះបានពន្យល់ថា៖ «ខ្ញុំបាននិយាយពីអ្វីដែលខ្ញុំត្រូវនិយាយដូចពេលដែលអ្នកស្ថិតនៅលើឆាកអ៊ីចឹងគឺអ្នកអាចនិយាយអ្វីៗទាំងអស់ ប៉ុន្តែប្រសិនបើខ្ញុំនិយាយច្រើនពេក នោះវាមិនមែនជាសារមួយដែលខ្ញុំចង់និយាយនោះទេ»។
កីឡាករ Mbappe ត្រូវបានគេគិតថា អាចនឹងចូលរួមជាមួយក្រុម Real Madrid តាំងពីបានឈ្នះក្លិប Monaco ដែលលើកពានបារាំង Ligue 1 ឆ្នាំ ២០១៧ ប៉ុន្តែផ្ទុយទៅវិញគាត់បានបន្តស្ថិតនៅក្នុងក្រុម PSG ដែលដំបូងដោយសារប្រាក់កម្ចី ប៉ុន្តែបន្ទាប់មកដោយសារប្រាក់ ១៨០ លានអឺរ៉ូ។
ប៉ុន្តែតាំងពីលោក Zinedine Zidane បានវិលទៅដឹកនាំក្រុម Real Madrid នៅដើមឆ្នាំនេះមកក៏មានពាក្យចចាមអារ៉ាមលេចឮកាន់តែខ្លាំងឡើងថា កីឡាករ Mbappe នឹងទៅចូលរួមនឹងក្រុម Real Madrid របស់ប្រទេសអេស្ប៉ាញ។
តាមរយៈកុងត្រាជាមួយក្លិប PSG រហូតដល់ឆ្នាំ ២០២៣ គេបាននិយាយថា កីឡាករឆ្នើមរូបនេះកំពុងពិភាក្សាជាមួយក្លិបនេះពីការបន្តកុងត្រានេះ ប៉ុន្តែតើសាររបស់គាត់នេះគឺជាការសម្ដែងដើម្បីកែលម្អកុងត្រារបស់គាត់ដែលគេរាយការណ៍ថា ទទួលបានប្រាក់បៀវត្សរ៍ ២០ លានអឺរ៉ូក្នុង ១ រដូវកាលឬ?
កីឡាករ Jerome Alonzo ដែលជាអ្នកចាំទីរបស់ក្លិប PSG ពីឆ្នាំ ២០០១-២០០៨ ជឿថា កីឡាករ Mbappe កំពុងចង់បានការចរចាកាន់តែប្រសើរជាងមុនក្នុងផែនការរបស់ក្លិបនេះក្រោយពីមានរដូវកាលដ៏ខកចិត្តដែលក្រុមរបស់លោក Thomas Tuchel គ្រូបង្វឹកក្រុម PSG មិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Champions League។
តារាបាល់ទាត់ Mbappe បានក្លាយជាកីឡាករបាល់ទាត់វ័យក្មេងទី ២ តែម្នាក់គាត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់កាលពីឆ្នាំមុនបន្ទាប់ពីវីរបុរសបាល់ទាត់ប្រេស៊ីល Pele ក្រោយពី Mbappe បានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះក្រុមជម្រើសជាតិក្រូអាស៊ី ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2018៕ SN