ក្រុង​ម៉ូស្គូ៖ កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី​ Daniil Medvedev ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ​នៅ​ប្រទេស ​រុស្ស៊ី ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចុះ​កុងត្រា​ប្រកួត​វាយ​កូន​បាល់​ដើម្បី​​ក្រុម​អ្នក​គាំទ្រ​​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ ប្រទេស ​រុស្ស៊ី នៅ​រយៈពេល​​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​​ត្រឡប់​មក​ពី​ប្រទេស ​ចិន ​ជា​ទី​ដែល​រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ Shanghai Masters កាល​ពី​ថ្ងៃ​អាទិត្យ​។​

ក្រោយ​ពី​មាន​ភាព​អសកម្ម​មួយ​រយៈ​មក​នេះ​​ កីឡា​​វាយ​កូន​បាល់​នៅ​ប្រទេស ​រុស្ស៊ី ​ឥឡូវ​នេះ​បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ ​ជាមួយ​កីឡាករ​វ័យ​ក្មេង​ជំនាន់​ថ្មី​ ហើយ​កីឡាករ​ Medvedev អាយុ​ ២៣​ ឆ្នាំ ​កំពុង​ឈាន​មុខ​គេ​ជាមួយ​អាជីព​ល្អ​បំផុត​ជាប់​ចំណាត់​ថ្នាក់​ទី ​៤ ​ក្នុង​ពិភព​លោក​។

កីឡាករ​ Medvedev បាន​ប្រាប់​ទីភ្នាក់ងារ​ AFP ថា៖ «​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​ប្រទេស ​រុស្ស៊ី​​​ ហើយ​វា​ពិត​ជា​ធំ​ធេង​ និង​អស្ចារ្យ​មែន​ទែន​ ហើយ​ថែម​ទាំង​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម​ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ ព្រោះ​ពួក​គេ​ភាគ​​ច្រើន​នៅ​តែ​ជា​ពលរដ្ឋ​រុស្ស៊ី​​នៅ​ឡើយ​»។​

អ្នក​គាំទ្រ​ឈ្មោះ Daniil Trefilov ជា​និស្សិត​អាយុ ​១៩ ​ឆ្នាំ ​បាន​សរសើរ​ភាព​ល្បីល្បាញ​របស់​កីឡាករ​រូប​នេះ​ថា៖ «​រឿង​សំខាន់​គឺ​ថា កីឡា​វាយ​កូន​បាល់​កំពុង​មាន​ប្រជាប្រិយ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ប្រទេស ​រុស្ស៊ី ​ដោយសារ​រូប​គាត់​»។​​

អ្នក​គាំទ្រ​ Trefilov សង្ឃឹម​ថា នឹង​បាន​ឃើញ​ការ​ប្រកួត​របស់​កីឡាករ Medvedev នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Kremlin Cup ក្នុង​ទីក្រុង​នេះ ​នៅ​សប្ដាហ៍​នេះ​។​​

អ្នក​គាំទ្រ​ម្នាក់​ទៀត​ឈ្មោះ​ David Umarkhadzhiyev ដែល​ដឹកនាំ​ក្រុម​អ្នក​គាំទ្រ​តាម​អ៊ិនធឺណិត​ បាន​និយាយ​ថា​ គាត់​ចាប់​ផ្ដើម «​​ស្រឡាញ់​កីឡា​នេះ​»​ ក្រោយ​ពី​បាន​ឃើញ​​ការ​ប្រកួត​របស់​ Medvedev ។

អ្នក​គាំទ្រ​ Umarkhadzhiyev បាន​និយាយ​ដោយ​សំដៅ​ទៅ​រក​កីឡាករ​ឆ្នើមៗ​ប៉ុន្មាន​​ទសវត្សរ៍​​មក​នេះ​ថា៖ «​ក្រោយ​ពី​បាន​ឃើញ​កីឡាករ ​ Safin និង​កីឡាករ​ Kafelnikov ខ្ញុំ​បាន​ដក់​អារម្មណ៍​ជាប់​នឹង​ការ​ប្រកួត​នេះ​តែ​ម្ដង​»។​

អ្នក​គាំទ្រ​រូប​នេះ​បាន​បន្ថែម​ថា៖ «គ្មាន​បុរស​ទេ​ ហើយ​ភ្លាមៗ​នោះ​កាល​ពី ​១ ​ឬ ២ ​ឆ្នាំ​មុន​ កីឡាករ​ Medvedev, (Karen) Khachanov និង (Andrei) Rublev ក៏​បាន​បង្ហាញ​ខ្លួន​ឡើង​ផង​ដែរ​​»​។

កីឡាករ​ទាំង ​៣ ​រូប​នេះ ​គឺ​ជា​កីឡាករ​លំដាប់​កំពូល​ប្រចាំ​ប្រទេស ​រុស្ស៊ី​ ហើយ​កីឡាករ​ Medvedev ​និយាយ​ថា ពួក​​គេ​​ធ្លាប់​ប្រកួត​គ្នា​យ៉ាង​សកម្ម​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​យើង​មាន​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​រវាង​យើង​ទាំង ​៣ ​នាក់​ ហើយ​យើង​ពិត​ជា​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សកម្ម​​​ផង​ដែរ​»៕ AFP/SN