ក្រុងបាសេឡូណា: Lionel Messi ត្រូវបាន​រំពឹងទុក​ថា នឹង​វិល​ចូល​លេង​វិញ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ ជើង​ទី ១ ជាមួយ​នឹង​ក្រុម Roma នៅ​រាត្រី​នេះ ហើយ​សម្រាប់​ក្រុម Barcelona ការ​វិល​ត្រឡប់​របស់​គេ​មិន​អាច​កើត​ឡើង​ឆាប់​ពេក​នោះ​ឡើយ។

ការសង្គ្រោះ​នាពេលថ្មីៗរបស់ Messi កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ដែល​រូបគេ​បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​បំពេញ​ការ​វាយ​បក​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Sevilla បាន​បង្កើត​ឲ្យ​មាន​សំណួរ​ជាថ្មី​ទៅ​លើ​ការ​ពឹង​ផ្អែក​របស់ Barca ទៅ​លើ​តារា​ឆ្នើម​ពាក់​លេខ ១០ របស់​ពួកគេ។

វា​ពិតជា​លំបាក​ណាស់​ក្នុងការ​កំណត់ត្រា​ទៅលើ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Messi។ រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ដ៏ សំខាន់​ម្នាក់​សម្រាប់​ក្រុម​ណាៗ​ទាំង​អស់​ក្នុង​ពិភពលោក​មិន​ត្រឹម​តែ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​បាន​រង​បរាជ័យ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ២-១ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កាល​ពី​សប្តាហ៍​មុន ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​អវត្តមាន​ដោយសារ​តែ​របួស​ឡើយ។

ប៉ុន្តែ សម្រាប់​លោក Ernesto Valverde វា​ហាក់ដូចជា​ឆាប់​ពេក​ក្នុងការ​ប្រើប្រាស់​រូបគេ ព្រោះ​ប្រសិន​បើ Messi មិន​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​របស់​គេ ឬ​ប្រហែល​ជា​មាន​អារម្មណ៍​ឈឺចាប់​ត្រង់​សរសៃ​ពួរ​គន្លាក់​ជើង​របស់​គេ ឬក៏​អាច​នឹង​មាន​បញ្ហា​របួស​កាន់​តែ​ធំ​ដោយសារ​តែ​ខ្សែ​ការពារ​របស់ Roma ក្រុម​របស់​លោក​ត្រូវ​តែ​ស្វែងរក​មធ្យោបាយ​ផ្សេង។

ខ្សែប្រយុទ្ធ Stephan El Shaarawy របស់ Roma បាន​ឲ្យ​ដឹងថាៈ «យើង​នឹង​ប៉ះ​ជាមួយ​នឹង​កីឡាករ Messi ដោយ​ភាព​ខ្លាំង​បំផុត។ គ្រប់​ពេល​ដែល​រូបគេ​ទទួល​បាន​បាល់ គេ​អាច​បង្កើត​ឲ្យ​មាន​អ្វី​មួយ​កើត​ឡើង។ នោះ​គឺជា​មូលហេតុ​ដែល​យើង​នឹង​ព្យាយាម​សម្រប​តាម និង​រារាំង​ឥទ្ធិពល​របស់​គេ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច»។

Klopp មិន​បារម្ភ​ពី​បច្ចេកទេស របស់ Guardiola នៅ​រាត្រី​នេះ

លោក Jurgen Klopp មិន​មានការ​ខ្វល់ខ្វាយ​ទៅនឹង​សមត្ថភាព​របស់​លោក Pep Guardiola ក្នុងការ​បង្កើត​ក្រុម​ដ៏​អស្ចារ្យ​ឡើយ ប៉ុន្តែ គ្រូ​បង្វឹក​របស់​ក្រុម Liverpool រូបនេះ​ជឿ​ជាក់​ថា លោក​អាច​ឈាន​ទៅ​កាន់​ការ​បែង​ចែក​កម្រិត​នានា នៅ​ពេល​ដែល​ក្រុម Manchester City ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Anfield សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League របស់​ពួកគេ។

ក្រោយពី​បាន​ប៉ះគ្នា​ជា​លើក​ទី ១ ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Borussia Dortmund និង Bayern Munich ការ​ប្រជែង​រវាង​លោក Klopp និង​លោក Guardiola នឹង​ឈាន​ដល់​ដំណាក់​កាល​ដ៏​ធំ​បំផុត ខណៈ Liverpool នឹង​ត្រូវ​ជួប​ជាមួយ Man City ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ជើង​ទី ១ នៅ​រាត្រី​នេះ។

ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​យក្ស ២ ប្រចាំ​ទ្វីបអឺរ៉ុប លោក Klopp និង​លោក Guardiola នឹង​ត្រូវ​ធ្វើការ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​យក​ពាន​រង្វាន់​ដ៏​ធំ​បំផុត​របស់​កីឡា​បាល់ទាត់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត។

ប៉ុន្តែ គ្រូបង្វឹក​ទាំង ២ សុទ្ធសឹង​បាន​ផ្តល់នូវ​ការ​កោត​សរសើរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​លោក Klopp បាន​សម្តែង​នូវ​ការ​កោត​សរសើរ​របស់​លោក​សម្រាប់​សមត្ថភាព​ដឹកនាំ​របស់​លោក Guardiola ក្នុង​ការ​ជួយ​ឲ្យ​កីឡាករ​របស់​ខ្លួន​សម្រប​ខ្លួន​ទៅ​នឹង​គោល​ការណ៍​ប្រកប​ដោយ​ផ្លែផ្កា​របស់​លោក។

លោក Klopp បាន​ប្រាប់​គេហទំព័រ UEFA.com ថា៖ «ក្រុម​របស់គាត់​តែងតែ​ស្ថិតក្នុង​ទីតាំង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ គាត់​មាន​ក្រុម​ដ៏​អស្ចារ្យ​ដែល​ធ្វើការ​សម្រេច​ចិត្ត​ដ៏​ល្អ​ឥត​ខ្ចោះ»។

Man City បាន​ផ្តួល Everton ៣-១ ហើយ Liverpool បាន​យកឈ្នះ​លើ Crystal Palace ២-១ កាល​ពី​ថ្ងៃ​សៅរ៍។

ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១:៤៥ ទៀបភ្លឺ៕