ក្រុង​ម៉ា្រឌីដ៖ កីឡាករ​ Lionel Messi បាន​បំបែក​កំណត់ត្រា​មួយ​ទៀត ​ជាមួយ​ការ​រក​បាន ​៣ ​គ្រាប់ ​​​លើក​ទី ​៣៥ ​របស់​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga ពី​ថ្ងៃ​សៅរ៍ ​ខណៈ​ក្លិប Barcelona បាន​ឈ្នះ​ក្រុម Real Mallorca ៥-២ ដើម្បី​​បន្ត​នាំ​មុខ​ក្លិប Real Madrid ដោយ​ឈរ​នៅ​លើ​កំពូល​តារាង​នៅ​ក្នុង​​​ក្របខ័ណ្ឌ​នេះ​។​

កីឡាករ Griezmann បាន​បើក​ឆាក ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ Barcelona មុន​ពេល​កីឡាករ​ Messi បាន​បន្ថែម​គ្រាប់​បាល់​ទី ​២ ​ប៉ុន្តែ​ក្នុង​នាទី ​៣៥ ​កីឡាករ​​ Budimir រក​បាន ​១ ​គ្រាប់​សម្រាប់​ក្រុម​ភ្ញៀវ​ Mallorca បន្ទាប់​មក​ទៀត​កីឡាករ​ Messi បាន​ដាក់ ​១ ​គ្រាប់​ទៀត ​នៅ​នាទី ​៤១ ​មុន​ពេល​កីឡាករ​ Suarez រក​បាន ​១ ​គ្រាប់​ដែរ ​នៅ​នាទី ​៤៣ ​​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ ៤-១ នៅ​តង់​ទី ​១​។​

លុះ​ដល់​តង់​ទី ​២​ កីឡាករ​ Budimir រក​បាន ​១ ​គ្រាប់​ទៀត ​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​នាទី ​៦៤ ​មុន​ពេល​កីឡាករ​ Messi បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​ ៥-២។​​

កីឡាករ​ Suarez បាន​និយាយ​​ថា៖ «​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​គម្លាត​តិចតួច​បំផុត​ ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ព្យាយាម​​សម្រប​តាម​ឱកាស​​របស់​ខ្ញុំ​»។​

គ្រូ​បង្វឹក​ក្លិប Barcelona លោក​ Ernesto Valverde បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​វា​ជា​ការ​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​​បំផុត​មួយ​»។​

កាល​ពី​សប្ដាហ៍​មុន​ កីឡាករ​ Messi បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ Ballon d''Or លើក​ទី ​៦ ​របស់​ខ្លួន​ធ្វើ​ឲ្យ​រូប​គេ​បាន​បំបែក​កំណត់ត្រា​ពិភព​លោក ​ក្រោយ​ពី​បាន​ឈ្នះ​​ដាច់​កីឡាករ​ Cristiano Ronaldo ដើម្បី​ឈរ​តែ​ម្នាក់​ឯង​។​

គ្រូ​បង្វឹក​លោក Valverde បាន​និយាយ​ជុំវិញ​ពាន​រង្វាន់​នេះ​ថា៖ «ពិត​ជា​​មិន​គួរ​ឲ្យ​ជឿ​សោះ​​ ហើយ​សូម​អបអរ​ចំពោះ​ការ​​ទទួល​បាន​ពាន​រង្វាន់​ Ballon d''Or ​នេះ​»។​

ការ​ទទួល​​ពាន​រង្វាន់​ថ្មីៗ​នេះ​​បាន​ធ្វើ​ឲ្យ​​កីឡាករ​ Messi មាន​ឋានៈ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក​ ​ដែល​អាច​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ជួយ​ឲ្យ​កីឡាករ​រូប​នេះ​រក​បាន ​៣ ​គ្រាប់ ​នៅ​​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ​។​​

ឥឡូវ​នេះ​កីឡាករ​ Messi រក​បាន ​១២ ​គ្រាប់ ​ក្នុង​រដូវ​កាល​នេះ​ជា​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ និង​លើស ​១ ​គ្រាប់ ​នៃ​គ្រាប់​បាល់​របស់​កីឡាករ​ Karim Benzema របស់​ក្លិប Real Madrid ដែល​រូប​គេ​រក​បាន ​១ ​គ្រាប់​ដែរ​ក្នុង​ការ​ប្រកួត​ដោយ​ជ័យជម្នះ​ ២-០ ទៅ​លើ​ក្រុម Espanyol នៅ​ថ្ងៃ​សៅរ៍​​នោះ​ផង​ដែរ​​។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្លិប Madrid ឈរ​នៅ​លេខ ​២ ​តាម​ពី​ក្រោយ​ក្រុម​ Barcelona ដែល​មាន ​៣៤ ​ពិន្ទុ​ដូច​គ្នា​​ ប៉ុន្តែ​ក្រុម Barcelona មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ​បន្ទាប់​មក​គឺ​ក្រុម Sevilla ដែល​ចាញ់​ក្លិប​ទាំង ​២ ​នេះ​ ​៤ ​ពិន្ទុ​។​

លោក Zinedine Zidane គ្រូ​បង្វឹក​ក្លិប Real បាន​និយាយ​ថា៖ «​យើង​កំពុង​ជជែក​ពី​កីឡាករ Karim ក្នុង​ន័យ​ល្អ​ច្រើន​ថ្មីៗ​នេះ​ ​ព្រោះ​គាត់​កាន់​តែ​ចាស់​ ហើយ​គាត់​ក៏​កាន់​តែ​បង្ហាញ​ភាព​ចាស់​ទុំ​កាន់​តែ​ច្រើន​ផង​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ទាំង​អស់​គ្នា​មិន​សុទ្ធ​តែ​​ល្អ​បំផុត​នោះ​ទេ ​ប៉ុន្តែ​គាត់​ត្រូវ​បាន​សុំ​ឲ្យ​ដេញ​តាម ​ហើយ​គាត់​ធ្វើ​បាន​សម្រេច​។ គេ​សុំ​ឲ្យ​គាត់​រក​គ្រាប់​បាល់​ឲ្យ​បាន​ ហើយ​គាត់​ធ្វើ​បាន​សម្រេច​។ ខ្ញុំ​មិន​អាច​សុំ​ច្រើន​ពេក​ទេ​ព្រោះ​រឿង​ប៉ុណ្ណោះ​គាត់​អាច​ធ្វើ​បាន​ហើយ​»។​​

កីឡាករ Raphael Varane រក​បាន​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​​ម្ចាស់​ផ្ទះ​ Real នៅ​នាទី​ទី ​៣៧ ​មុន​ពេល​កីឡាករ​ Benzema បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​នៅ​នាទី ​៧៩ ​ដែល​ជា​គ្រាប់​បាល់​លើក​ទី ​១៥ ​របស់​ខ្លួន​នៅ​រដូវកាល​នេះ​៕ AFP/SN