ក្រុងម៉ាឌ្រីដ: ខ្សែប្រយុទ្ធ Lionel Messi បានបន្តទម្រង់លេងយ៉ាងមុតស្រួចរបស់គេតាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការប្រកួតតែមួយជាលើកទី ៣១ របស់គេក្នុងក្របខ័ណ្ឌ La Liga ខណៈដែលក្រុម Barcelona បានបំបាក់ក្រុម Levante យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាការនាំមុខ៣ពិន្ទុដាច់របស់ពួកគេនៅលើកំពូលតារាង។
តារាឆ្នើមអន្តរជាតិអាហ្សង់ទីន វ័យ ៣១ ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុង Valencia ក្រោយពីរកបាន២គ្រាប់តាមរយៈការស៊ុតបាល់ពិន័យ Free-kick ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Espanyol កាលពីចុងសប្តាហ៍មុន។
រូបគេបានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេសម្រាប់រដូវកាលនេះកើនដល់២០គ្រាប់ ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់គេ ស្របពេលដែលរូបគេក៏បានជួយឲ្យ Luis Suarez រកបានគ្រាប់បាល់បើកឆាកនៅទី ទី ៣៥ និងជួយឲ្យខ្សែការពារ Gerard Pique រកបានគ្រាប់បាល់ទី៥នៅជិតបញ្ចប់ការប្រកួត។
Barca បានស្ថិតក្រោមសម្ពាធ ក្រោយពីក្រុម Atletico Madrid និងក្រុមឈរលេខ២ Sevilla សុទ្ធសឹងបានតាមស្មើពិន្ទុជាមួយនឹងក្រុមមានមូលដ្ឋាននៅ Catalonia មួយនេះ។
ប៉ុន្តែ ក្រោយពីមិនបានប្រើប្រាស់កីឡាករសំខាន់ៗជាច្រើនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល ជុំចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham កាលពីពាក់កណ្តាលសប្តាហ៍មុន លោកគ្រូបង្វឹក Ernesto Valverde បានឃើញក្រុមរបស់ខ្លួនយកឈ្នះក្នុងការប្រកួតលីកជាលើកទី៣ជាប់ៗគ្នា ដោយមិនរបូតសូម្បីតែ១គ្រាប់។
លោក Valverde បានឲ្យដឹងថា៖ «ក្នុងពេលចាប់ផ្តើម វាពិតជាលំបាកណាស់។ ពួកគេបានដាក់សម្ពាធ និងបានបង្កើតឱកាសមួយ ដែលបានស៊ុតបាល់ប៉ះនឹងរបារទី»៕ IS