ញូវយ៉កៈ ទស្សនាវដ្ដី Forbes បាន​ធ្វើការ​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​អំពី​បញ្ជី​អ្នករក​ចំណូល​ច្រើន​ជាងគេ​បំផុត​ក្នុង​វិស័យ​កីឡា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា តារា​បាល់ទាត់​ដ៏ឆ្នើម Lionel Messi បាន​ក្លាយ​ជា​ជា​កីឡាករ​ដែល​រក​បាន​ប្រាក់ចំណូល​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​មក​នេះ​។

តារាបាល់ទាត់​សញ្ជាតិ​អាហ្សង់ទីន Messi លេង​នៅ​ក្លិប Barcelona រូប​នេះ​បាន​វ៉ា​ដាច់​កីឡាករ​ប្រដាល់​សកល​ដែល​ចូលនិវត្តន៍ Floyd Mayweather ដើម្បី​ជាប់​ជា​អ្នក​រកចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​កីឡា​ដោយ​រកបាន​តាមរយៈ​ប្រាក់បៀវត្សរ៍​ចំនួន​ ១២៧ ​លាន​ដុលា្លរ​អាមេរិក និង​កុងត្រា​ផ្សេងៗ​ទៀត​។

ការរក​បាន​ចំណូល​យ៉ាងច្រើន​នេះ​បាន​ជួយ​ឲ្យ Messi នាំមុខ​គូប្រជែង​ខ្លួន​ជា​យូរ​មកហើយ​គឺ Cristiano Ronaldo របស់​ក្រុម​ព័រទុយហ្គាល់​លេង​នៅ​ក្លិប Juventus ដែល​ជា​កីឡាករ​ជាប់​លេខ​ ២ ជាមួយ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ ១០៩ ​លាន​ដុល្លារ​អាមេរិក ខណៈ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar នៅ​ក្លិប PSG បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ដែល​រក​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​បាន​ ១០៥ ​លាន​ដុល្លារ​អាមេរិក​។

កីឡាករ​ប្រដាល់​សកល​កម្រិត​ទម្ងន់​មធ្យម​សញ្ជាតិ​ម៉ិកស៊ិក​ឈ្មោះ Saul Canelo Alvarez រកបាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ៩៤ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ជាប់​ក្នុង​បញ្ជី​ជា​អ្នក​រក​បាន​ប្រាក់ចំណូល​ច្រើន​បំផុត​ទី​ ៤​។ Alvarez ដែល​បាន​ផ្តួល​កីឡាករ Gennady Golovkin កាលពី​ខែ​កញ្ញា​ឆ្នាំមុន​នោះ​បាន​ក្លាយ​ជា​ជើងឯក​ទម្ងន់​មធ្យម ហើយ​រូបគេ​បាន​ចុះ​កុងត្រា​ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ដោយ​ចុះ​កុងត្រា​រយៈពេល​ ៥ ​ឆ្នាំ​ប្រកួត​ ១១ ​លើក​ជាមួយ​បណ្ដាញ DAZN ក្នុង​តម្លៃ​ខ្លួន​រហូត​ដល់ ៣៦៥ ​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​តារា​វាយ​កូន​បាល់ Roger Federer នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន Evergreen គឺជា​កីឡាករ​ជាប់​លេខ​ ៥ នៅលើ​បញ្ជី​ដោយ​រូបគេ​អាច​រកចំណូល​បាន​សរុប​ចំនួន​ ៩៣,៤ ​លាន​ដុល្លារ​អាមេរិក ហើយ​ប្រាក់ចំណូល​ភាគច្រើន​របស់ Federer បាន​មកពី​ការចុះ​កុងត្រា​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាងច្រើន​ជាមួយ​ប្រាក់​ឈ្នះ​ពានរង្វាន់​ជើងឯក​វាយ​កូនបាល់ Grand Slam រយៈពេល​ ២០ ​លើក​សរុប​ទឹកប្រាក់​ចំនួន​ ៨៦ ​លាន​ដុល្លារ​។

ចំពោះ​ចំណាត់​ថា្នក់​ទី​​ ៦ បាន​ទៅលើ​កីឡាករ​បាល់ឱប​អាមេរិក Russell Wilson នៅ​ក្លិប Seattle Seahawks ដែល​រកចំណូល​បាន​ ៨៩,៥ ​លាន​ដុល្លារ ហើយ​ចំណាត់ថ្នាក់​ទី​ ៧ គឺ​កីឡាករ​បាល់ឱប Aaron Rodgers នៅ​ក្លិប Green Bay Packers ដែល​រកចំណូល​បាន​ ៨៩,៣ ​លាន​ដុល្លារ​។

យ៉ាងណា​មិញ​តារា​បាល់បោះ LeBron James នៅ​ក្លិប Los Angeles Lakers បាន​ជាប់​ឈ្មោះ​ជា​អ្នករក​ចំណូល​ច្រើន​បំផុត​ទី​ ៧ ជាមួយ​ប្រាក់ចំណូល​ចំនួន​ ៨៩ ​លាន​ដុល្លារ ហើយ​កីឡាករ Stephen Curry នៅ​ក្លិប Golden State ជាប់​ចំណាត់​ថ្នាក់​ទី​ ៩ ជាមួយ​ប្រាក់​ចំនួន ៧៩.៨ ​លាន​ដុល្លារ ហើយ​អ្នក​ជាប់​ចំណាត់​ថ្នាក់​ទី​ ១០ បាន​ទៅលើ​កីឡាករ​បាល់បោះ Kevin Durant ដែល​រកចំណូល​បាន ៦៥,៤ ​លាន​ដុល្លារ​។

ចំណែក​អ្នក​ជាប់​ចំណាត់ថ្នាក់​ទី​ ១១ គឺ​កីឡាករ​វាយ​កូនគោល​លេខ​ ១ Tiger Woods ដែល​រកចំណូល​បាន​ចំនួន​ ៦៩,៣ ​លាន​ដុល្លារ​រួម​ទាំង​កុងត្រា​មួយ​ចំនួន​ដែល​មាន​ទឹកប្រាក់​ប្រហែល ៥៤ ​លាន​ដុល្លារ​អាមេរិក​ផងដែរ ខណៈ​ចំណាត់ថ្នាក់​ទី​ ១២ បាន​ទៅលើ​កំពូល​តារា​វាយ​កូន​បាល់ Serena Williams គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ជាប់​ក្នុង​បញ្ជី​នេះ​ជាមួយ​ទឹកប្រាក់​ដែល​រក​បាន​ប្រចាំឆ្នាំ​ចំនួន​ ២៩,២ ​លាន​ដុល្លារ​៕ SN