កីឡាករ​ឆ្នើម Lionel Messi បាន​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ស្មើ​នឹង​ក្រុម​ជម្រើសជាតិ​ប៉ារ៉ាហ្គាយ ១-១ ក្នុង​ការប្រកួត​នៅ​ព្រឹត្តិការណ៍ Copa America កាលពី​ថ្ងៃ​ពុធ​។

ក្នុង​ការប្រកួត​នេះ​ប្រទេស​ប៉ារ៉ាហ្គាយ​បាន​នាំ​មុខ​ ១ ​គ្រាប់​មុន​ទៅ​លើ​គូប្រជែង​របស់​ខ្លួន​ដែល​រកបាន​ដោយ​កីឡាករ Richard Sanchez នៅ​នាទី​ទី​ ៣៧ ប៉ុន្តែ​នៅ​នាទី​ទី​ ៥៤ ប្រទេស​អាហ្សង់ទីន​រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​របស់​កីឡាករ Messi ធ្វើឲ្យ​លទ្ធផល​ស្មើគ្នា ១-១ ។

ប្រទេស​អាហ្សង់ទីន​ក៏​ត្រូវ​អរគុណ​អ្នកចាំទី Franco Armani ដែល​បាន​សង្គ្រោះ​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​យ៉ាង​ល្អ​ផងដែរ​នៅ​ចុង​ម៉ោង​នៃ​ការប្រកួត​សម្រាប់​ពូល B នេះ​ដើម្បី​កុំឲ្យ​ប៉ារ៉ាហ្គាយ​នាំមុខ​ ២-១​។

លទ្ធផល​នេះ​បាន​ធ្វើឲ្យ​អាហ្សង់ទីន​មាន​ ១ ​ពិន្ទុ និង​ ២ ​ប្រកួត​ដែល​ឈរ​នៅក្រោម​គេ​នៅក្នុង​ពូល​នេះ​ ខណៈ​នៅសល់​តែ​ ១ ​ប្រកួត​ទៀត​ប៉ុណ្ណោះ​។

ទោះ​យ៉ាង​ណា​ដោយ​ត្រូវ​ដណ្ដើម​គ្នា​ឈរ​នៅ​លេខ​ ៣ ​រវាង​អាហ្សង់ទីន និង​ប្រទេស​កាតា​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នោះ អាហ្សង់ទីន​នៅ​តែ​អាច​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​បាន​ប្រសិន​បើ​អាហ្សង់ទីន​ឈ្នះ​កាតា​នៅក្នុង​ការប្រកួត​ចុង​ក្រោយ​នៅ​ពូល B នេះ ហើយ​ប្រសិន​ប៉ារ៉ាហ្គាយ​ចាញ់​កូឡុំប៊ី​នៅ​ថ្ងៃ​ទី​ ២៤ ខែ​មិថុនា នោះ​អាហ្សង់ទីន​ក៏​នឹង​អាច​ឈរ​នៅ​លេខ​ ២ ​បន្ទាប់ពី​ប្រទេស​កូឡុំប៊ី ផង​ដែរ​។

គ្រូបង្វឹក​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Lionel Scaloni បាន​និយាយ​ពី​ការប្រកួត​ជាមួយ​ក្រុម​កាតា​ថា​៖ «​យើង​ត្រូវ​តែ​ឈ្នះ​កាតា បើ​មិន​ដូច្នេះ​ទេ យើង​នឹង​គ្មាន​ឱកាស​លេង​នៅ​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​នោះ​ទេ ខណៈ​យើង​នៅ​មាន​សំណាង​ដែល​យើង​នៅ​មាន​ជីវិត​នៅក្នុង​ការប្រកួត​នេះ​នៅ​ឡើយ​»​។

លោក Scaloni បាន​សរសើរ​ចំពោះ​អ្នក​ចាំ​អាហ្សង់ទីន​ដែល​បាន​ជួយ​សង្គ្រោះ​អាហ្សង់ទីន​យ៉ាង​ល្អ​ដោយ​និយាយ​ថា​៖ «​យើង​ទុកចិត្ត​លើ​កីឡាករ Franco​។ គាត់​ជា​អ្នក​ចាំទី​ដ៏ឆ្នើម​របស់​យើង​ព្រោះ​គាត់​បាន​សង្គ្រោះ​បាល់​ពិន័យ​ ១១ ​ម៉ែត្រ និង​ធ្វើឲ្យ​យើង​នៅ​មាន​ជីវិត ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គាត់​ធ្វើ​បាន​ល្អ​បែបនេះ​»​។

ក្រុម​ជម្រើសជាតិ​ដ៏ធំ​បំផុត​មួយ​នៅ​ទ្វីប​អាមេរិក​ឡាទីន​នេះ​នឹង​ត្រូវ​បង្កើន​សមត្ថភាព​ក្នុង​ការប្រកួត​ថែម​ទៀត​ ដើម្បី​អាច​បាន​ឡើង​ចំណាត់ថ្នាក់​មួយកម្រិត​ទៀត​ក្រោយពី​ទម្រង់​លេង​របស់​ពួកគេ​មិន​បាន​ល្អ​នៅពេល​ប្រកួត​បើក​ឆាក​ដែល​ត្រូវបាន​កូឡុំប៊ី​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ២-០ ធ្វើឲ្យ​ខ្សែប្រយុទ្ធ Messi ចុក​ឈាម​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។

កីឡាករ Messi ដែល​លេង​នៅ​ក្លិប Barcelona រូប​នេះ​គឺជា​អ្នក​ពូកែ​ស៊ុត​បាល់ free-kick ចូល​ទី​យ៉ាង​ល្អ​ក្នុង​ការប្រកួត​មួយ​ចំនួន​កន្លង​មក​នេះ ប៉ុន្តែ​នៅក្នុង​ការប្រកួត​លើក​នេះ​ខ្សែប្រយុទ្ធ​រូបនេះ​មិន​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​ទេ​នៅពេល​ស៊ុត​បាល់ free-kick នៅ​ចុង​តង់​ទី​ ១ ​នៃ​ការប្រកួត​នេះ​។

នៅ​ថ្ងៃ​ទី​ ២៤ ខែ​មិថុនា​សប្ដាហ៍​ក្រោយ​នេះ​អាហ្សង់ទីន​ត្រូវ​ប៉ះ​នឹង​កាតា ខណៈ​កូឡុំប៊ី ត្រូវ​ប៉ះ​ប៉ារ៉ាហ្គាយ​សម្រាប់​ពូល B៕ SN