អា​រ៉ា​ប៊ី​សា​អ៊ូឌីត: ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ដណ្តើម​បាន​ជ័យជម្នះ ១-០ លើ​ក្រុម​ជម្រើស​ជាតិ​​អា​ហ្សង់ទីន តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់​ខ្សែ​​ការ​ពារ Miranda ក្នុង​ការ​ប្រកួត​​មិត្ត​ភាព​របស់​ពួក​គេ ពី​មុខ​អ្នក​ទស្ស​នា​ដ៏ច្រើន​កុះ​ករ​ក្នុង​ទីក្រុង Jeddah ប្រទេស​អា​រ៉ាប៊ី​សា​អ៊ូ​ឌីត កាលពីថ្ងៃ​អង្គារ​។

ខ្សែ​ការ​ពារ​កណ្តាល​របស់​ក្លិប Inter Milan រូបនេះ បាន​លោត​តែត​បាល់​តែ​ម្នាក់ឯង​នៅនាទី ទី​៩៣ ក្រោយពី​ការ​បញ្ជូន​បាល់​ចេញពី​ជ្រុង​របស់ Neymar នៅ​ពេល​ដែល​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​២​​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង ហាក់​ដូច​ជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ទៅ​ហើយ​។

គ្រាប់​បាល់​ឈ្នះ​នេះ បាន​កម្ទេច​ការ​​បង្ហាញ​ពី​តំបន់​ការ​ពារ​​​ដ៏រឹងមាំ​របស់​ក្រុម​អាហ្សង់ទីន ដែល​​បាន​រា​រាំង​ក្រុម​ប្រេស៊ីល បាន​យ៉ាងល្អ​៕ IS