ក្រុងឡុងដ៍ៈ ខ្សែបម្រើ​សញ្ជាតិ​អាមេនី Henrikh Mkhitaryan (Micki) របស់​ក្លិប​កាំភ្លើង​ធំ Arsenal នឹង​មិន​បាន​លេង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Europa League ក្នុង​ការប្រកួត​ជាមួយ​ក្រុម​តោខៀវ Chelsea នៅ​ទីក្រុង​បាគូ ប្រទេស​អាស៊ែបៃហ្សង់​ទេ​ដោយសារ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​គាត់​។

សុខុមាលភាព​របស់​ខ្សែបម្រើ​រូបនេះ​គឺ​សំខាន់​ណាស់​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ដោយសារ​ជម្លោះ​នយោបាយ​តឹងតែង​រវាង​ប្រទេស​អាមេនី និង​ប្រទេស​អាស៊ែបៃហ្សង់​ដែល​ទទួល​រៀបចំ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។

ក្លិប​ដែល​លេង​នៅ​ក្របខ័ណ្ឌ Premier League នេះ​បាន​សម្រេចចិត្ត​មិន​ឲ្យ​កីឡាករ Micki ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​របស់​លោក Unai Emery ជា​គ្រូបង្វឹក​ក្លិប Arsenal ទៅ​ចូលរួម​ការប្រកួត​ចុងក្រោយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​នេះ​ទេ​។

សេចក្ដី​ថ្លែងការណ៍​របស់​ក្លិប​នេះ​បាន​ប្រកាស​ពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ត្រូវ​ប្រកាស​ថា កីឡាករ Henrikh Mkhitaryan នឹង​មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ UEFA Europa League ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Chelsea ខាង​មុខ​នេះ​»​។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា​៖ «​យើង​បាន​រិះរក​គ្រប់​ជម្រើស​ទាំងអស់​ដើម្បី​ឲ្យ Micki អាច​រួម​ដំណើរ​ជាមួយ​ក្រុម​យើង​ដែរ​ ប៉ុន្តែ​ក្រោយពី​ពិភាក្សា​ជាមួយ​គ្រួសារ​គាត់​ហើយ យើង​បាន​សម្រេច​រួមគ្នា​ថា គាត់​នឹង​មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​យើង​នោះ​ទេ​»​។

ឯកអគ្គរដ្ឋទូត​អាស៊ែបៃហ្សង់​ប្រចាំ​ចក្រភព​អង់គ្លេស​លោក Tahir Taghizadeh បាន​បញ្ជាក់​ជារឿយៗ​ថា កីឡាករ​រូប​នេះ​នឹង​មិន​រង​ការ​គំរាម​ហិង្សា​ណា​មួយ​ទេ ប៉ុន្តែ​គេ​បាន​រាយការណ៍​ថា Micki មិន​ជឿថា គាត់​នឹង​មាន​សុវត្ថិភាព​នៅលើ​ទីលាន​ប្រកួត​នោះ​ទេ​។

Micki បាន​និយាយ​តាម​ប្រព័ន្ធ Tweeter ថា​៖ «​ដោយ​ពិចារណា​គ្រប់​ជម្រើស យើង​ត្រូវ​ចាត់​វិធានការ​ហ្មត់ចត់​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ទៅលេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ UEL ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea លើក​នេះ​ទេ​»​។

ខ្សែបម្រើ​រូបនេះ​បាន​បន្ថែម​ថា​៖​ «​វា​ជា​ការប្រកួត​ដ៏កម្រ​មួយ​សម្រាប់​យើង​ក្នុង​នាម​ជា​កីឡាករ​នោះ ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា វា​ធ្វើឲ្យ​ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​មិន​បាន​ចូលរួម​ការប្រកួត​នេះ​ ប៉ុន្តែ​ខ្ញុំ​នឹង​រង់ចាំ​អបអរ​លទ្ធផល​ជោគជ័យ​ដែល​ក្រុម​ខ្ញុំ​នឹង​នាំ​មក​កាន់​ទឹកដី​របស់​យើង​»​។

គណៈ​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប EUFA បាន​និយាយ​ដដែលៗ​ថា ពួកគេ​បាន​រៀបចំ​វិធានការ​គ្រប់​បែប​យ៉ាង​ហើយ​ដើម្បី​ធានា​សុវត្ថិភាព​របស់ Mkhitaryan នៅក្នុង​ទីក្រុង​បាគូ​។

សេចក្ដី​ថ្លែងការណ៍​របស់ UEFA បាន​និយាយ​ថា​៖ «​ដោយ​សហការ​ជាមួយ​ក្រុម Arsenal សមាគម UEFA បាន​ខិតខំ និង​ទទួល​បាន​ការធានា​សុវត្ថិភាព​ដល់​កីឡាករ​រូបនេះ​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ​សំខាន់ៗ​បំផុត​នៅក្នុង​ប្រទេស​អាស៊ែបៃហ្សង់​»​។

ទោះ​ជា​សមាគម UEFA និង​មន្ត្រី​អាជ្ញាធរ​ប្រទេស​អាស៊ែបៃហ្សង់​បាន​បង្កើត​ផែនការ​សុវត្ថិភាព​ហ្មត់ចត់​សម្រាប់​ក្លិប Arsenal ក៏ដោយ ប៉ុន្តែ​សមាគម UEFA នៅតែ​គោរព​ការសម្រេចចិត្ត​ផ្ទាល់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​នេះ​។

Mkhitaryan បាន​ចូលរួម​ការប្រកួត​ ១១ ​លើក​សម្រាប់​រដូវកាល Europa League ឆ្នាំ​នេះ ហើយ​ការ​អវត្តមាន​របស់​គាត់​លើក​នេះ​គឺជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ដែល​កំពុង​ស្វែងរក​ជ័យជម្នះ​ដើម្បី​មាន​ឱកាស​បាន​លេង​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​ក្រោយ​៕ SN