ភ្នំពេញៈ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាហៅកាត់ថា MMA បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនទាំងទៅលើការកសាងធនធានអត្តពលិក គ្រូបង្វឹក និងការកើនឡើងនៃចំនួនក្លិបដែលបានចុះឈ្មោះជាសមាជិកភាពជាមួយសហព័ន្ធមួយនេះ ហើយនៅខែសីហាខាងមុខនេះ MMA ក៏នឹងបន្តបញ្ជូនកីឡាករ ១ នាក់ និងកីឡាការិនី ១ នាក់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ។
លោក កែប៊ិន សូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានថ្លែងថា៖ «សហព័ន្ធរបស់យើងបានបង្កើតឡើងវិញម្តងទៀតកាលពីខែតុលា ឆ្នាំ ២០១៨ ដោយយើងទាំងអស់គ្នាបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្រួបបង្រួមក្លិប និងកីឡាករទាំងអស់ ហើយគិតមកដល់ថ្ងៃនេះយើងទទួលបានជោគជ័យដ៏ល្អវិសេសវិសាលហួសពីការរំពឹងទុករបស់យើងទៅទៀត។ លើសពីនេះយើងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អ្នកទាំងអស់គ្នានឹងនៅតែបន្តខិតខំប្រឹងប្រែង ដើម្បីទទួលបានភាគជោគជ័យថ្មីៗបន្ថែមតទៅមុខទៀត»។
ការលើកឡើងរបស់លោក កែប៊ិន សូរស្មី ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតនៅទីស្នាក់ការ NOCC កាលពីថ្ងៃអាទិត្យស្របពេលប្រធានសហព័ន្ធ លោក វ៉ាត់ ចំរើន បានអវត្តមានហើយក៏ជាថ្ងៃដែល MMA បង្ហាញពីចំនួនក្លិប ដែលបានចូលរួមជាសមាជិកភាពព្រមទាំងការប្រគល់វិញ្ញាបនបត្រដល់ក្លិបទាំងនោះ និងបណ្ណសមាជិកទៅដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាលផងដែរ។
លោក កែប៊ិន សូរស្មី បានបន្ថែមថា៖ «ពេលនេះយើងមាន ២២ ក្លិបដែលបានចុះឈ្មោះជាមួយសហព័ន្ធក្នុងនោះ ១៨ ក្លិបស្ថិតនៅកម្ពុជា និង ៤ ក្លិបមកបណ្តាប្រទេសខាងក្រៅមាន កាណាដា បារាំង អូស្ត្រាលី និងអាមេរិកហើយយើងមានកីឡាករ កីឡាការិនីចំនួន ៤៧ នាក់ក្នុងនោះ ៤៣ នាក់ជាជនជាតិខ្មែរ និង ៤ នាក់ជាខ្មែរអាណិកជន»។
ចំពោះក្លិបទាំង ២២ ដែលបានចុះឈ្មោះធ្វើជាសមាជិករបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមានក្លិប Cambodian Top Team ក្លិបសិល្បៈ Prodal Fight & Fitness Studio សាលាគុនបុរាណខ្មែរល័ក្ខរ៉ៃយ៉ុងល្បុក្កតោ Monster Factory ក្លិបអេភូថងកីឡា H/Art Jiu Jitsu សាលាគុនតាដំបងដែកខេត្ត កំពង់ឆ្នាំង Chau Kaizen ក្លិបមីស្ទ័រលីគុនខ្មែរ Neak Ta Pradal Serey ក្លិបអាណាចក្រប្រយុទ្ធ Prodal Kun Khmer of Lowell Ma USA ក្រុមប្រយុទ្ធខេត្តសៀមរាប The Temple Bordeaux ក្លិបល្បុក្កតោបារាយណ៍អណ្តែត Prokout Fitness & Fight Center និងក្លិបល្បុក្កតោស ជាដើម។
ទាក់ទងទៅនឹងគោលបំណងធំរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក កែប៊ិន សូរស្មី បានបញ្ជាក់ថា៖ «គោលដៅចម្បងរបស់សហព័ន្ធយើងគឺជួយអភិវឌ្ឍកីឡាក្បាច់ប្រដាល់ចម្រុះនៅក្នុងប្រទេសកម្ពុជា និងជួយពង្រឹងសមត្ថភាពរបស់យុទ្ធជនដែលជាកីឡាករ កីឡាការិនីរបស់យើងព្រមទាំងគិតគូរពីស្ថានភាពរស់នៅ និងស្ថានភាពនៃការប្រយុទ្ធរបស់ពួកគេឲ្យកាន់តែមានភាពរីកចម្រើនឡើងថែមមួយកម្រិតទៀត»។
ជាមួយគ្នានេះសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាក៏គ្រោងបញ្ជូនកីឡាករ ចាន់ សំអាត និងកីឡាការិនី អេ យ៉ានុត ចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងខែសីហាខាងមុខផងដែរដោយក្នុងនោះ ចាន់ សំអាត នឹងត្រូវប៉ះអ្នកប្រដាល់មីយ៉ាន់ម៉ា Punnya Say ក្នុងកម្មវិធី ONE Championship ដែលនឹងត្រូវធ្វើនៅសិង្ហបុរីនាថ្ងៃទី ៦ ខែសីហា ហើយ អេ យ៉ានុត ត្រូវឡើងប្រកួតក្នុងកម្មវិធី World Leitwei Championship នៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី ២ ខែសីហាដោយកញ្ញាត្រូវជួបកីឡាការិនីរបស់បារាំង សូហ៊ីម៉ង់ ហ្វ្រេឌី៕