ក្រុងប៉ារីស: Luka Modric បាន​យកឈ្នះ​ក្នុងការ​ប្រជែង​ពី​សំណាក់​កីឡាករ​ឆ្នើម World Cup ជា​ច្រើន​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរជាតិ​ក្រូអាស៊ី​របស់​ក្លិប Real Madrid រូប​នេះ បាន​ឈ្នះ​ពាន​រង្វាន់​បាល់​មាស Ballon d''Or ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បញ្ចប់​ការ​គ្រប់​គ្រង​រយៈពេល ១០ ឆ្នាំ​ទៅ​លើ​ពាន​នេះ​ដោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង Lionel Messi។

Modric វ័យ ៣៣ ឆ្នាំ ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះ​ពានរង្វាន់​ក៏មាន​កិត្យានុភាព​មួយ​នេះ ក្នុង​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉ារីស។ Ronaldo បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។

ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe របស់​ក្លិប Paris Saint-Germain បា​នប​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ ៤ ដើម្បី​ធ្វើ​ឲ្យ Messi ត្រូវ​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥។

កីឡាករ​របស់​បារាំង​ម្នាក់ទៀត​គឺ Raphael Varane ដែលជា​មិត្ត​រួម​ក្លិប​របស់ Modric បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៧ ពី​ក្រោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេហ្ស៊ីប Mohamed Salah របស់​ក្លិប Liverpool។

Modric បាន​ឲ្យ​ដឹងថា៖ «ក្នុងពេល​ស្ថិត​ជា​កុមារ​ម្នាក់ យើងទាំងអស់គ្នា​មាន​ក្តី​សុបិន។ សុបិន​របស់​ខ្ញុំ​គឺ​ការ​លេង​ឲ្យ​ក្លិប​ដ៏​ធំ​មួយ និង​ឈ្នះ​ពាន​រង្វាន់​សំខាន់ៗ​ជាច្រើន។ Ballon d''Or ជា​ពាន​ធំ​លើស​ពី​ក្តី​សុបិន​ទៅ​ទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជា​កិត្តិយស និង​ជា​សិទ្ធិ​ពិសេស​មួយ​ក្នុង​ការ​កាន់​ពាន​រង្វាន់​នេះ»។

Mbappe ដែល​នឹង​ឈានចូល​វ័យ ២០ ឆ្នាំ​នៅ​ចុងខែ​នេះ បានឈ្នះ​រង្វាន់​លួង​ចិត្ត​មួយ​គឺ​ពាន Kopa Trophy សម្រាប់​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត។

កម្មវិធី​រាត្រីសមោសរ​មួយ​នេះ ក៏បានផ្តល់​ពានរង្វាន់ Ballon d''Or សម្រាប់​កីឡាការិនី​ជា​លើក​ទី ១ ផង​ដែរ ខណៈ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ន័រវែស Ada Hegerberg របស់​ក្លិប​បាន​ឈ្នះ​ពាន​នោះ។

Modric បានឈ្នះ​ពាន​នេះ ក្រោយពី​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ ក្នុងនោះ​រូបគេ​បាន​ក្លាយជា​តារា​ឆ្នើម​ក្នុង​ការ​ជួយ​ឲ្យ Real ការពារ​ពាន Champions League យ៉ាង​ជោគ​ជ័យ មុន​នឹង​ជួយ​ឲ្យ​ប្រទេស​របស់​គេ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup ជា​លើក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕