ក្រុងឡុងដ៍: ការគ្រប់គ្រងក្នុងរយៈពេលដ៏យូរអង្វែងរបស់ Cristiano Ronaldo និង Lionel Messi ទៅលើពានរង្វាន់ឯកជនក្នុងកីឡាបាល់ទាត់ កំពុងតែស្ថិតក្រោមការគំរាម ពីសំណាក់ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Luka Modric របស់ក្លិប Real Madrid និងខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah របស់ Liverpool នៅពេលដែលពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ត្រូវប្រកាសនៅថ្ងៃចន្ទនេះ។
សម្រាប់រយៈពេលជាលើកទី១ក្នុងរយៈពេល១២ឆ្នាំ Messi មិនស្ថិតក្នុងសូម្បីតែក្នុងបញ្ជីបេក្ខភាពចុងក្រោយ៣នាក់សម្រាប់ការឈ្នះពានរង្វាន់នេះ ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្លាក់ចេញយ៉ាងឆាប់រហ័សក្នុងព្រឹត្តិការណ៍ World Cup និងការធ្លាក់ចេញរបស់ក្រុម Barcelona ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ទាំង Messi និង Ronaldo បានឈ្នះពានរង្វាន់របស់ FIFA ក្នុងឆ្នាំផ្សេងៗគ្នា៥លើកដូចគ្នា ហើយខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ អាចនឹងមានក្តីសង្ឃឹម ក្រោយពីឈ្នះពាន Champions League ជាលើកទី៣ជាប់ៗគ្នា ជាមួយនឹង Real Madrid នៅមុនពេលផ្ទេរទៅកាន់ក្លិប Juventus កាលពីខែកក្កដា។
សម្រាប់រដូវកាលទី៦ជាប់ៗគ្នា Ronaldo បានក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុង Champions League តាមរយៈការរកបាន១៥គ្រាប់ ហើយក៏បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ផងដែរ ក្នុង World Cup ក្នុងនោះរាប់បញ្ចូលទាំងការរកបាន៣គ្រាប់ពេលជួបក្រុមអេស្ប៉ាញ ដើម្បីដណ្តើមបានលទ្ធផលស្មើ ៣-៣ សម្រាប់ក្រុមព័រទុយហ្គាល់។
ទោះបីជាយ៉ាងណា ការធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយរបស់ព័រទុយហ្គាល់ ក្រោមស្នាដៃក្រុមអ៊ុយរូហ្គាយ នៅប្រទេសរុស្ស៊ី ហើយការបរាជ័យរបស់ Ronaldo ក្នុងការរកគ្រាប់បាល់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានបើកចំហទ្វារសម្រាប់ Modric៕ IS