ក្រុង​មេន​ឆេ​ស្ទ័​រ: លោក Jose Mourinho ត្រូវតែ​ជួយ​ឲ្យ​ក្រុម Manchester United វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស ខណៈ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ជា​បន្ត​បន្ទាប់ កំពុង​តែ​គំរាម​ធ្វើ​ឲ្យ​រដូវ​កាល​របស់​ពួកគេ​មាន​ភាព​រង្គោះ​រង្គើ ប៉ុន្តែ លោក​ប្រឈម​មុខ​នឹង​ការងារ​ដ៏​លំបាក​មួយ​ក្នុង​ពេល​ជួប​ក្រុម​កំពុង​ឡើង​ទម្រង់​លេង Arsenal នា​រាត្រី​នេះ។

ក្រុម​របស់លោក Mourinho មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​របស់ខ្លួន​ឡើយនា​កីឡដ្ឋាន Old Trafford នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ការ​ប្រកួត ២ លើក​ចុង​ក្រោយ​របស់​ពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Crystal Palace និង​បាន​យក​ឈ្នះ​ទាំង​មិន​ជឿជាក់ លើ​ក្រុម Young Boys របស់​ស្វ៊ីស ក្នុង​ក្របខ័ណ្ឌ Champions League។

ក្នុងការ​ប្រកួត​ក្រៅ​ដី ពួកគេ​ហាក់​បានបង្ហាញ​ពី​ការវិល​ទៅរក​ភាពខ្លាំង​របស់ខ្លួន ចាប់ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា ខណៈ​ដែល​ក្រុម​នេះ បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ពេល​ទទួល​បាន​លទ្ធ​ផល​ស្មើ​ជាមួយ​នឹង​ក្រុម Chelsea និង​ក្នុង​ពេល​ផ្តួល​ក្រុម Juventus។ ប៉ុន្តែ ទម្រង់​លេង​ដ៏​រឹងមាំ​ទាំង​នោះ ប្រហែល​ជា​ចាក​ចេញ​ពី​ពួកគេ​ហើយ។

Man United បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ២ គ្រាប់ ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ​នៅ​លើ​ទឹកដី​ក្រុម Southampton កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ខ្សែប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​លើក​ទី ១ ឲ្យ​ក្លិប​របស់​គេ ចាប់​តាំង​ពី​ថ្ងៃទី ១៥ ខែ​កញ្ញា ប៉ុន្តែ មាន​ចំណុច​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាច្រើន។ លោក Mourinho បាន​បញ្ជាក់​ថា កីឡាករ​របស់​លោក លើក​លែង​តែ​ខ្សែ​ប្រយុទ្ធ Marcus Rashford មិន​បាន​ស្ថិត​ក្នុង​ភាព​ក្លៀវ​ក្លា ខ្វះ​នូវ​ស្មារតី​មួយ​ដែល​លោក​បាន​ហៅថា ជា​ស្មារតី «ជា​ឆ្កែ​កាច»។

បើ​យោងទៅតាម​លោក Duncan Castles អ្នកកាសែត​ចក្រភព​អង់គ្លេស​ម្នាក់ ដែលមាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​លោក Jorge Mendes ភ្នាក់ងារ​តំណាង​ឲ្យ​លោក Mourinho អ្នក​ចាត់ការ​ទូទៅ​របស់ Man United រូប​នេះ បាន​ប្រៀប​ធៀប​ខ្សែបម្រើ Paul Pogba ទៅ​នឹង «មេរោគ​មួយ» ក្រោយ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់​មួយ​ផ្សេង​ទៀត​នៅ​លើ​ទឹកដី​ក្រុម Southampton តាមរយៈ​ការ​បញ្ជាក់​ថា កីឡាករ​រូប​នេះ ខ្វះ​នូវ​ការ​គោរព​ទាំង​ទៅ​លើ​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

Burnley v Liverpool-2:45 ទៀបភ្លឺ

Everton v Newcastle-2:45ទៀបភ្លឺ

Fulham v Leicester-2:45 ទៀបភ្លឺ

Wolves v Chelsea - 2:45 ទៀបភ្លឺ

Man Utd v Arsenal - 2:45 ទៀបភ្លឺ

Spurs v Southampton - 3 ទៀបភ្លឺ

ក្របខ័ណ្ឌ​បារាំង Ligue 1

Bordeaux v St Etienne -1 អាធ្រាត្រ

Caen v Nimes - 1 អាធ្រាត្រ

Dijon v Guingamp - 1 អាធ្រាត្រ

Lyon v Rennes - 1 អាធ្រា្រ

Nantes v Marseille - 1 អាធ្រាត្រ

Reims v Toulouse - 1 អាធ្រាត្រ

Strasbourg v Paris SG - 3 ទៀបភ្លឺ