ក្រុង​មុយ​និក: ខ្សែ​ប្រយុទ្ធ Thomas Mueller បាន​បញ្ជាក់​ថា ក្រុម Bayern Munich អាច​​ឈ្នះ​ពាន​ក្នុង​រដូវ​​កាល​តែ​មួយ​​ដូច​ កាលពីឆ្នាំ ​២០១៣​ ដែរ ក្រោយ​ពី​បាន​ផ្តួលក្រុម​សល់​សមា​ជិក​ត្រឹម​តែ​ ១០​ នាក់ Besiktas ក្នុង​ការ​ប្រកួត​​ជើង​ទី ​១ ​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ ១៦ ក្រុម​ចុងក្រោយ​របស់​ពួក​គេ​។

ក្រុម Bayern កំពុង​តែ​​​បោះ​ ១ ​ជំហាន​ឆ្ពោះ​ទៅ​កាន់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ ខណៈ​ដែល Besiktas ប្រឈម​មុខ​នឹង​ការ​ការ​ងារ​​ដែល​ស្ទើរ​តែ​មិន​អាច​ទៅ​​រួច​សម្រាប់​ការ​ប្រកួត​ជើង​ទី​ ២ ក្នុង​ទីក្រុង Istanbul នា​ថ្ងៃ​ទី​ ១៤ ខែមីនា​។

ទាំង Mueller និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី ​២ ​​គ្រាប់​ដូច​គ្នា ខណៈដែល Bayern បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​ក្នុង​​តង់​ទី​ ២ នៅ​លើ​ទឹកដីអាល្លឺ​ម៉ង់​។

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា Bayern អាច​ឈ្នះ​ពាន​ដូច​កាល​ពីឆ្នាំ ​២០១៣ ​ដែល​រួម​មាន​ពាន Champions League, Bundesliga និង German Cup ឬ ​យ៉ាង​ណា Mueller បាន​ឆ្លើយ​ថា៖ «រាល់​អ្វី​ៗ​ទាំ​ងអស់​គឺ​អាច​ទៅ​រួច​»​​។

ប៉ូន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក​គ្រូ​បង្វឹក Jupp Heynckes វ័យ​៧២​ឆ្នាំ ដែល​បាន​ដឹក​នាំ​ឲ្យ​ក្រុម Bayern ឈ្នះ​ពាន​ ៣​​ ក្នុង​រដូវ​កាល​តែ​មួយ​កាលពី​៥​ឆ្នាំមុន បាន​បញ្ជាក់​ថា Bayern ត្រូវ​តែ​ធ្វើ​​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​ពួក​គេ​ចង់​ឈ្នះ​ពាន​ទាំង ​៣ ​ម្តង​ទៀត​។

លោក Heynckes បាន​ឲ្យ​ដឹង​ថា៖ «ការ​និយាយ​បែប​នេះ​គឺ​ជា​​ការ​ងារ​របស់​អ្នក​កាសែត ព្រោះ Champions League គឺ​ជា​យុទ្ធ​នា​ការ​ខុស​គ្នាមួយ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​»​៕ IS

ខ្សែប្រយុទ្ធ Robert Lewandowski (ស្តាំ) របស់​ក្រុម Bayern ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​ការ​ពារ​ប្រេស៊ីល Adriano របស់​ក្រុម Besiktas​។ AFP