ទីក្រុង​មីឡាន៖ លោក Carlo Ancelotti ត្រូវ​បាន​ក្លិប​ Napoli បណ្ដេញ​ចេញ​ពី​តំណែង​ ​ទោះ​ជា​គាត់​បាន​ដឹកនាំ​ក្រុម​ដែល​​លេង​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ ​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ក្របខ័ណ្ឌ Champions League ​ពី​រាត្រី​ថ្ងៃ​ពុធ​ក៏​ដោយ​។​

ក្លិប Napoli បាន​ឈ្នះ​ក្រុម Genk ៤-០ កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ ​ដើម្បី​បញ្ចប់​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត ​៩ ​លើក ​នៅ​ក្នុង​ការ​ប្រកួត​ទាំង​អស់​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ​២ ​នៅ​ក្នុង​ពូល​ E តាម​ពី​ក្រោយ​ក្រុម Liverpool។​​

ពាក្យ​ចចាម​អារ៉ាម​បាន​និយាយ​​ថា លោក​​ Ancelotti គ្រោង​នឹង​ចាកចេញ​ពី​កីឡដ្ឋាន​ Stadio San Paolo ក្រោយ​ពី​បាន​ជួយ​​ដឹកនាំ​ក្លិប​នេះ​​​រយៈពេល ​១៨ ​ខែ​ ហើយ​លោក Gennaro Gattuso អតីត​គ្រូ​បង្វឹក​ក្លិប​ Milan ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ដែល​ត្រូវ​​​​ជំនួស​រូប​គាត់​។​ ​

ក្រោយ​ពី​ឈ្នះ​ក្រុម Genk រួច​ហើយ លោក Ancelotti បាន​បញ្ជាក់​ថា គាត់​នឹង​មិន​ទាន់​ចុះចេញ​ពី​តំណែង​គាត់​ទេ ​ដោយ​អះអាង​ថា គាត់​នឹង​ជជែក​គ្នា​​ជាមួយ​ប្រធាន​ក្លិប​នេះ ​គឺ​លោក Aurelio De Laurentiis ពី​អនាគត​របស់​គាត់​ជា​មុន​សិន​។​

ប៉ុន្តែ​រយៈពេល​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ក្លិប Napoli បាន​ប្រកាសពី​ការ​ចាកចេញ​របស់​លោក Ancelotti នៅ​ក្នុង​របាយការណ៍​ខ្លី​មួយ​ដែល​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​

របាយការណ៍​នោះ​បាន​និយាយ​ថា៖ «​ក្លិប Napoli បាន​សម្រេច​ចិត្ត​ដក​ហូត​​តួនាទី​ជា​​អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​ក្រុម​ជម្រើស​ដំបូង​​ពី​លោក Carlo Ancelotti»។​

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «​ទំនាក់​ទំនង​​មិត្តភាព និង​ការ​គោរព​គ្នា​រវាង​ក្រុមហ៊ុន​ ប្រធាន​ក្លិប​ និង​​លោកAncelottiនៅ​តែ​​​មាន​ជានិច្ច​»។​

និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពី​ជ័យជម្នះ​ទៅ​លើ​ក្រុម Genk ​នោះ លោក Ancelotti បាន​និយាយ​ជុំវិញ​អនាគត​របស់​គាត់​ថា៖ «​គិត​ត្រឹម​​ថ្ងៃ​នេះ​ ខ្ញុំ​នៅ​តែ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​នេះ​នៅ​ឡើយ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ដឹក​នាំ​​បន្ត​ទៀត​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​​ផង​ដែរ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​បន្ថែម​ថា៖ «​ខ្ញុំ​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត និង​វាយ​តម្លៃ​នោះ​ទេ ​គឺ​មាន​តែ​ប្រធាន​ក្លិប​នេះ​ប៉ុណ្ណោះ​​ជា​អ្នក​សម្រេច​ថា តើ​យើង​អាច​បន្ត​ទៅ​មុខ​ទៀត ​ឬ​យ៉ាង​ណា​​នោះ​ ហើយ​យើង​មិន​បាន​ជជែក​គ្នា​ច្រើន​​នោះ​ទេ​»។​

លោក Ancelotti បាន​បន្ថែម​ថា៖ «​ការ​ពិត​គឺ​ថា ខ្ញុំ​នៅ​តែ​មាន​គ្រោះ​ថ្នាក់​​នៅ​ឡើយ​ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ពិភព​លោក​នេះ​។ ក្រុម​នេះ​ដូច​អ្នក​បាន​សរសេរ​ជា​ច្រើន ​ហើយ​គឺ​​ថា​មាន​ទម្រង់​លេង​អវិជ្ជមាន​នៅ​ក្នុង​​ការ​ប្រកួត​លីក​នេះ​»។​

លោក Ancelotti ដែល​ជា​អ្នក​ដឹកនាំ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​​ Champions League ៣ ​លើក​​នោះ ​ឥឡូវ​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​ក្លិប​ចំនួន​ ៣ ​លើក​ហើយ ដោយ​ ​២ ​លើក​មុន​នោះ​​ត្រូវ​បាន​បណ្ដេញ​ពី​ក្លិប Bayern Munich និង​ក្រុម​ Real Madrid។​​

បុរស​វ័យ ​៦០ ​ឆ្នាំ​រូប​នេះ ​ចង់​វិល​ត្រឡប់​ទៅ​ក្របខ័ណ្ឌ​ Premier League ជា​ទី​ដែល​គាត់​បាន​ដឹកនាំ​​ឲ្យ​ក្លិប Chelsea លើក​ពាន​រង្វាន់​នេះ​នៅ​ឆ្នាំ ​២០០៩-១០។​​

ក្លិប Napoli បាន​បញ្ចប់​ត្រឹម​​ចំណាត់​ថ្នាក់​ទី​ ​២ ​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី​ Serie A កាល​ពី​រដូវកាល​មុន​ដោយ​តាម​ពី​ក្រោយ ​១១ ​ពិន្ទុ ​នៃ​ក្រុម​ម្ចាស់​ជើង​ឯក​​ Jeventus ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​ ពួក​គេ​មាន​ចំណាត់​ថ្នាក់​ទី ​៧ ​ក្រោយ​មាន​ទម្រង់​លេង​មិន​ល្អ​ជា​បន្ត​បន្ទាប់​៕ AFP/SN