ក្រុងរីយោៈ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្លិប​បារាំង PSG បាន​បដិសេធ​កាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការចោទប្រកាន់​ថា គាត់​បាន​ចាប់​រំលោភ​ស្ត្រី​ម្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ទីក្រុង​ប៉ារីស ខណៈ​ឪពុក​របស់​គាត់​អះអាង​ថា គាត់​គឺជា​ជនរងគ្រោះ​ដោយ​ការ​គំរាម​ទារប្រាក់​។

តាម​ពាក្យ​បណ្ដឹង​ដែល​គេ​បាន​ដាក់​ទៅ​ប៉ូលិស​ក្រុង​សៅប៉ូឡូ និង​រាយការណ៍​ដោយ​គេហទំព័រ UOL និង​ GloboEsporte បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​នេះ​បាន​រង​ការចោទប្រកាន់​ថា​ «​បាន​ប្រើ​អំពើហិង្សា​ដើម្បី​រួមភេទ​ជាមួយ​ជនរងគ្រោះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ភាគី​នារី​»​។

កីឡាករ Neymar បាន​និយាយ​ក្នុង​វីដេអូ​រយៈពេល​ ៧ ​នាទី​ដែល​បង្ហោះ​នៅលើ​ប្រព័ន្ធ Instagram ថា​៖ «​ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ថា បាន​ចាប់រំលោភ​ដែល​នេះ​ជា​ពាក្យ​ធ្ងន់ និង​ខ្លាំង​បំផុត ប៉ុន្តែ​នោះ​គឺជា​អ្វី​ដែល​បាន​កើតឡើង​រួច​ទៅ​ហើយ​»​។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​បន្ត​ថា​៖ «​វា​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ហើយ​វា​ពិតជា​រឿង​អាក្រក់ និង​សោកស្ដាយ​បំផុត​មួយ​ព្រោះ​អ្នក​ដែល​ស្គាល់​ខ្ញុំ​គេ​ដឹងថា ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា​ហើយ​ព្រម​ទាំង​ដឹងថា ខ្ញុំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទេ​»​។

កីឡាករ Neymar អាយុ​ ២៧ ​ឆ្នាំ​បាន​បង្ហាញ​ពីអ្វី​ដែល​គាត់​បាន​និយាយ​ថា គឺជា​សារ​ដ៏វែង​អន្លាយ​នៅ​តាម​ប្រព័ន្ធ WhatsApp ជាមួយ​ស្ត្រី​នោះ​រួម​ទាំង​រូបថត​អាក្រាត​ល្វែង​លើ​របស់​ស្ត្រី​នោះ​នៅ​លើ​គ្រែ​ផង​ដែរ​។

គាត់​បាន​បន្ថែម​ថា​៖ «​រូប​ទាំងអស់​នេះ​គឺ​បង្ហាញ​ពី​ពេលវេលា​ស្ថិត​ជាមួយ​គ្នា ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ​ដើម្បី​បញ្ជាក់​ថា វា​ពិតជា​គ្មាន​អ្វី​គួរ​កើតឡើង​នោះ​ទេ​»​។

សូម​រំឭក​ថា ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រស់នៅ​ប្រទេស​ប្រេស៊ីល​ត្រូវ​គេ​រាយការណ៍​ថា បាន​ជួប​កីឡាករ Neymar តាម​ប្រព័ន្ធ Instagram ហើយ​បាន​សរសេរ​សារ​ឆ្លើយឆ្លង​គ្នា បន្ទាប់មក​កីឡាករ​បាល់ទាត់​រូប​នេះ​បាន​ណាត់​ស្ត្រី​នោះ​ទៅ​ជួប​គាត់​នៅ​ទីក្រុង​ប៉ារីស​កាលពី​ពាក់កណ្ដាល​ខែ​ឧសភា​។

តាម​ពាក្យបណ្ដឹង​នោះ​បាន​សរសេរ​ថា​កីឡាករ Neymar បាន​ទៅ​ដល់​សណ្ឋាគារ​ទាំង​ស្ថានភាព​ស្រវឹងស្រា ហើយ​អ្នក​ទាំង​ ២ ​បាន​ជជែក​គ្នា​លេង​ព្រម​ទាំង​មាន​ការឱបថើប​គ្នា​ផង​ដែរ​។

ខ្លឹមសារ​នៅក្នុង​ពាក្យបណ្ដឹង​នេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​បន្ទាប់មក​កីឡាករ​រូបនេះ​បាន​បញ្ចេញ​សកម្មភាព​គឃ្លើន​ និង​ត្រេកត្រអាល​ដោយ​ប្រើ​អំពើ​ហិង្សា​ចាប់បង្ខំ​នារី​រងគ្រោះ​រួមភេទ​ដោយ​គ្មាន​ការយល់ព្រម​ពី​ភាគី​នារី​»​។

ប៉ុន្តែ​ឪពុក​របស់​កីឡាករ Neymar គឺ​លោក Neymar Santos បាន​បដិសេធ​ការចោទប្រកាន់​នេះ​ទាំង​ស្រុង​ដោយ​អះអាង​ថា​៖ «​នេះ​មិនមែន​ជា​ការពិត​នោះ​ទេ​ ព្រោះ​គាត់​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ណាមួយ​ឡើយ ហើយ​ក្នុង​រឿង​នេះ​កូនប្រុស​របស់​ខ្ញុំ​គឺជា​ជនរងគ្រោះ​ដោយ​ការគំរាម​ទារប្រាក់​»​។

កីឡាករ Neymar ដែល​ត្រូវ​បាន​ផ្ទេរ​មកពី​ក្លិប Barcelona ទៅ​ឲ្យ​ក្លិប PSG ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​រហូត​ដល់​ចំនួន​ ២២២ ​លាន​អឺរ៉ូ​ស្មើ​នឹង​ ២៤៨,៥ ​លាន​ដុល្លារ​អាមេរិក​នោះ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត Copa America ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ប្រទេស​នេះ​ចាប់ពី​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា​ដល់​ថ្ងៃទី​ ១៧ ខែ​កក្កដា​៕ SN