ទីក្រុងរីយ៉ូៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ប្រេស៊ីល​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មក​នេះ​ថា តារា​ខ្សែប្រយុទ្ធ Neymar ត្រូវ​បាន​គេ​ចោទ​ថា​បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជា​ការ​ចោទ​ដែល​ឪពុក​របស់​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចាត់ទុក​ថា​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​កូន​របស់​គាត់​។

យោង​តាម​ពាក្យបណ្ដឹង​របស់​ប៉ូលិស​នៅ​ទីក្រុង​សៅ​ប៉ូឡូ (Sao Paolo) ប្រទេស​ប្រេស៊ីល​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីល UOL និង​GloboEsports បាន​ឲ្យ​ដឹង​ថា​តារា​ខ្សែប្រយុទ្ធ​ក្លិប PSG រូប​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​ «​ប្រើ​អំពើហិង្សា​រួមភេទ​ជាមួយ​ជនរងគ្រោះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ភាគី​ស្ត្រី​»​។

ភ្នាក់ងារ​ប៉ូលិស​នៅ​ទីក្រុង​សៅ​ប៉ូឡូ​មិន​បាន​ផ្ដល់​ពាក្យបណ្ដឹង​ថតចម្លង​ដល់​ភ្នាក់ងារ AFP ទេ​ដោយ​គ្រាន់​តែ​បញ្ជាក់ថា មាន​កីឡាករ​ម្នាក់​ត្រូវ​បាន​គេ​ប្ដឹង ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ខ្លឹមសារ​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ទេ​។

ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រស់នៅ​ប្រទេស​ប្រេស៊ីល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជួប​កីឡាករ Neymar តាមរយៈ​បណ្ដាញ Instagram ហើយ​ក្រោយ​ពី​បាន​សរសេរ​សារ​ឆ្លើយឆ្លង​គ្នា​បន្ទាប់​មក​កីឡាករ​បាល់ទាត់​រូបនេះ​បាន​អញ្ជើញ​ស្ត្រី​នោះ​ឲ្យ​ទៅ​ជួប​គាត់​នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ពាក់កណ្ដាល​ខែ​ឧសភា​។

តាម​ពាក្យបណ្ដឹង​នោះ​បាន​សរសេរ​ថា កីឡាករ Neymar បាន​ទៅ​ដល់​សណ្ឋាគារ​ទាំង​ស្ថានភាព​ស្រវឹងស្រា ហើយ​អ្នក​ទាំង​ ២ ​បាន​ជជែក​គ្នា​លេង​ព្រម​ទាំង​មាន​ការឱបថើប​គ្នា​ផង​ដែរ​។

ពាក្យបណ្ដឹង​នេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​បន្ទាប់មក​កីឡាករ​រូបនេះ​បាន​បញ្ចេញ​សកម្មភាព​ត្រេកត្រអាល និង​ប្រើ​អំពើហិង្សា​ដើម្បី​រួមភេទ​ជាមួយ​ជនរងគ្រោះ​ដោយ​គ្មាន​ការយល់ព្រម​ពី​ស្ត្រី​រងគ្រោះ​»​។

ឪពុក​របស់​កីឡាករ Neymar គឺ​លោក Neymar Santos បាន​បដិសេធ​ការចោទប្រកាន់​នេះ​ទាំង​ស្រុង​នៅពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីល Banderantes ដោយ​និយាយ​ថា​៖ «​នេះ​មិនមែន​ជា​ការពិត​នោះ​ទេ​ព្រោះ​គាត់​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ណា​មួយ​ឡើយ​។ យើង​មាន​ភ័ស្តុតាង​ទាំងអស់ ហើយ​យើង​បាន​ផ្ដល់​វា​ទៅ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី​រួចហើយ​»​។

លោក Santos បាន​បញ្ជាក់​ថា​កូនប្រុស​របស់​គាត់​គឺជា​អ្នករងគ្រោះ​ដោយ​ការបង្ខូច​កេរ្តិ៍ឈ្មោះ​នេះ​។

លោក Santos បាន​បន្ថែម​ថា​កូនប្រុស​របស់​គាត់ និង​ស្ត្រី​ម្នាក់​នោះ​បាន​ជួបគ្នា​មែន​ ប៉ុន្តែ​ក្រោយ​មក​កីឡាករ Neymar មិន​ចង់​ជួប​នាង​ទៀត​ទេ ហើយ​តាំងពី​នោះ​មក​ស្ត្រី​ម្នាក់​នោះ​បាន​ព្យាយាម​គំរាម​ទារប្រាក់​ពី​កីឡាករ និង​គ្រួសារ​របស់​គាត់​។

ឪពុក​របស់ Neymar បាន​និយាយ​ថា​៖ «​កូនប្រុស​ខ្ញុំ​អាច​រងគ្រោះ​ដោយ​ការចោទប្រកាន់​ជាច្រើន​ ប៉ុន្តែ​ខ្ញុំ​ស្គាល់​គាត់​ជា​មនុស្ស​ប្រភេទ​ណា ហើយ​វា​ច្បាស់​ណាស់​ថា នេះ​គឺជា​អន្ទាក់​មួយ​»​។

ឪពុក​របស់​កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​គ្រួសារ​របស់​គាត់​ត្រៀម​នឹង​ចេញ​សារ​តាម​ប្រព័ន្ធ WhatsApp ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កីឡាករ Neymar​។

កីឡាករ Neymar អាយុ​ ២៧ ​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​ប្រេស៊ីល​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍ Copa America ដែល​នឹង​ធ្វើ​នៅ​ប្រទេស​នេះ​ចាប់ពី​ថ្ងៃទី​ ១៤ ​ខែ​មិថុនា​ដល់​ថ្ងៃទី​ ៧ ​ខែ​កក្កដា​៕ SN