ប្រេស៊ីលៈ អ្នកនាំពាក្យ​ឲ្យ​កីឡាករ Neymar និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា Neymar ត្រូវ​ត្រឡប់​ទៅ​កាន់​ក្លិប Paris Saint-Germain (PSG) វិញ​នៅ​ថ្ងៃ​ចន្ទ ក្រោយពី​មាន​ការសង្ស័យ​ថា រូបគេ​ទាក់ទង​ជាមួយ​អតីត​ក្លិប Barcelona របស់​រូប​ខ្លួន​ដែល​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​ពាក្យសម្ដី​ជាច្រើន​ថ្មីៗ​នេះ​។

អ្នកនាំពាក្យ​របស់​កីឡាករ Neymar ប្រាប់ AFP ថា​៖ «​គាត់​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្លិប​នេះ​នៅ​ថ្ងៃ​ស្អែក​ (​ថ្ងៃ​ចន្ទ​) ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ដែល Neymar ត្រូវ​ទៅ​ដល់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នោះ​ទេ​។

កីឡាករ Neymar និង​ក្លិប PSG មាន​ជម្លោះ​ពាក្យសម្ដី​គ្នា​ក្រោយពី​តារា​បាល់ទាត់​ប្រេស៊ីល​រូបនេះ​មិន​បាន​បង្ហាញខ្លួន​នៅក្នុង​ការហ្វឹកហាត់​ជា​លើក​ដំបូង​នៅ​ក្លិប​នេះ​នៅ​ដើម​ខែ​នេះ ជាហេតុ​ធ្វើឲ្យ​ក្លិប PSG ប្ដេជ្ញាចិត្ត​ថា​នឹង​ចាត់​ «​វិធានការ​សមរម្យ​» ​ចំពោះ​រូបគេ​។

កីឡាករ Neymar បាន​ទទូច​ថា​រូបគេ​បាន​ទទួល​ការអនុញ្ញាត​ជា​មុន​ពី​ក្លិប PSG ហើយ​ក្នុង​ការបន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​វិទ្យាស្ថាន Neymar Institute ។

កាលពី​ថ្ងៃ​សៅរ៍​កីឡាករ Neymar អាយុ​ ២៧ ​ឆ្នាំ​បាន​និយាយ​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សង្គម​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រូបគេ​ និង​ក្លិប PSG និង​បាន​បង្ក​ជា​កំហឹង​នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ​។

នៅ​មុន​នេះ​មួយ​ថ្ងៃ​កីឡាករ Neymar បាន​បង្ហោះ​វីដេអូ​រយៈពេល​ ១០​ ​វិនាទី​និយាយ​ពី​ខ្លួនឯង​ដោយ​ពាក់អាវ​ក្លិប Barcelona ជាមួយ​ឪពុក​របស់​គាត់ និង​បាន​និយាយ​តាម​ព្រះគម្ពីរ​ថា​៖ «​ប្រសិន​បើ​គ្មាន​អាវុធ​ណា​មួយ​ប្រឆាំង​នឹង​អ្នក​ទេ អ្នក​នឹង​រីកចម្រើន​»​។

កីឡាករ Neymar ចង់​ចាកចេញ​ពី​ក្លិប​បច្ចុប្បន្ន​របស់​គាត់​ដោយ​ចង់​វិល​ទៅ​កាន់​ទ្រនំ​ចាស់​នៅ​ក្លិប Barcelona វិញ​ ប៉ុន្តែ​កុងត្រា​កំពុង​ស្វែងរក​ក្លិប​ដែល​សមរម្យ​បំផុត​ដោយសារ​តម្លៃ​ខ្លួន​របស់​រូបគេ​មាន​តម្លៃ​ ២២២ ​លាន​អឺរ៉ូ​ស្មើ ២៥២ ​លាន​ដុល្លារ​អាមេរិក​ដែល​ក្លិប PSG បាន​ចំណាយ​ដើម្បី​ទិញ​រូបគេ​ពី​ក្លិប Barcelona កាលពី ២ ​ឆ្នាំ​មុន​។

ឱកាស​របស់ Neymar ក្នុង​ការវិល​ទៅ​ក្លិប Barcelona វិញ​គឺ​កាន់តែ​លំបាក​ហើយ​ដោយសារ​ក្លិប​នេះ​ទើប​តែ​បាន​បញ្ចប់​ជាមួយ​ក្លិប Atletico Madrid ដើម្បី​ទិញ​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង Antoine Griezmann ក្នុង​តម្លៃ​ខ្លួន​ ១២០ លាន​អឺរ៉ូ​។

ទន្ទឹម​នេះ​ដែរ​លោក Leonardo អ្នកគ្រប់គ្រង​កីឡា​នៅ​ក្លិប PSG និយាយ​ថា «​កីឡាករ Neymar អាច​ចាកចេញ​ពី​ក្លិប​នេះ​គ្រប់​ពេល​ឲ្យ​តែ​មាន​សំណើ​សមរម្យ​ពី​ក្លិប​ណា​មួយ​ដើម្បី​ទិញ​យក​រូបគាត់​»​។

ហើយ​ពី​ថ្ងៃ​អាទិត្យ​ឪពុក​ និង​ជា​តំណាង​របស់ Neymar គឺ​លោក Neymar Santos បាន​និយាយ​តាម Instagram ថា​ការលើក​ឡើង​របស់​កូនប្រុស​គាត់​គឺ​គ្មាន​ពាក់ព័ន្ធ​នឹង​បរិបទ​នេះ​ទេ​។

ឪពុក​របស់ Neymar បាន​សរសេរ​ថា​៖ «​គ្មាន​ពេលណា​ដែល​គាត់​មិន​គោរព​ក្លិប PSG ឬ​ក្រុម​កីឡាករ​ដែល​បាន​លេង​ក្នុង​ការប្រកួត​នៅ​ឆ្នាំ​ ២០១៧ ​នោះ​ទេ​ព្រោះ​ពួកគេ​មួយ​ចំនួន​គឺជា​មិត្ត​រួម​ក្រុម​នៅក្នុង​ក្លិប​ដ៏ធំ​បំផុត​នៅ​ប្រទេស​បារាំង​មួយ​នេះ​»៕ SN