ភ្នំពេញ: ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា Martin “The Situ-Asian” Nguyen កំពុង​តែ​ស្រេក​ឃ្លាន​ក្នុង​ការ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់ ១ ផ្សេង​ទៀត នៅ​ពេល​ដែល​រូបគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​ក្នុង​សង្វៀន​ដាក់​ទ្រុង​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

កីឡាករ​កូនកាត់​វៀតណាម-អូស្ត្រាលី​រូបនេះ ដែលជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៧០,៣ និង ៧៧,១ គីឡូក្រាម នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ខ្សែក្រវាត់​នៅ​ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម Bibiano “The Flash” Fernandes របស់​ប្រេស៊ីល ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់​គុន​ចម្រុះ (MMA) ONE: Iron Will នៅ​លើ​សង្វៀន Impact Arena ក្នុង​ទីក្រុង​បាងកក នៅ​ចុង​សប្តាហ៍​នេះ។

តារា​ឆ្នើម​ទាំង ២ កំពុង​តែ​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុងការ​ផ្តល់​ការប្រកួត​ដ៏​រំភើប​មួយ​ជា​គូឯក​ក្នុង​សង្វៀន​ដាក់​ទ្រុង​នៅ​រាត្រី​នោះ ខណៈ​ដែល Nguyen មាន​កំណត់​ត្រា​ឈ្នះ​ជា​អាជីព​របស់​គេ​ចំនួន ១០ លើក និង​ចាញ់ ១ លើក។ ប៉ុន្តែ Fernandes គឺជា​កីឡាករ​ពោរ​ពេញ​ដោយ​បទពិសោធ​ច្រើន​ជាង ក្រោយ​ពី​រូបគេ​មាន​កំណត់​ត្រា​ឈ្នះ​ដល់​ទៅ ២១ លើក និង​ចាញ់ ៣ លើក ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​គេ ប៉ុន្តែ ការ​ប្រកួត​ជា​លើក​ចុង​ក្រោយ​របស់​គេ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ខែ​ដើម​ខែ​សីហា ឆ្នាំ ២០១៧ មក​ម្ល៉េះ។

ដោយឡែក Nguyen វ័យ ២៩ ឆ្នាំ ទើបតែ​បាន​ផ្តួល​កីឡាករ​ហ្វីលីពីន Eduard Folayang ក្នុង​ព្រឹត្តិការណ៍ ONE: Legends of the World កាល​ពី​វិច្ឆិកា ឆ្នាំមុន ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ទី ២ របស់​គេ​ក្នុង​ទម្ងន់ ៧៧,១ គីឡូក្រាម។

សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ កីឡាករ Nguyen បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ពិត​ជា​មាន​កិត្តិយស​ណាស់​ក្នុងការ​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​សង្វៀន​ដាក់​ទ្រុង ពីមុខ​អ្នក​គាំទ្រ​រាប់​លាន​នាក់ ដែល​ជឿ​ជាក់ និង​គាំទ្រ​ខ្ញុំ»។

កីឡាករ​រូបនេះ​បាន​សន្យាថា៖ «Bibiano Fernandes ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ក្បាច់​គុន​ចម្រុះ និង​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ទម្ងន់​របស់​គេ។ ប៉ុន្តែ រាល់​ការ​ប្រកួត​របស់​ខ្ញុំ​ទាំង​អស់​បាន​បញ្ចប់​ដោយ​មិន​ឈាន​ដល់​ការ​ផ្តល់​ពិន្ទុ​កាត់​សេចក្តី ហើយ​ខ្ញុំ​មាន​គម្រោង​ក្នុង​ការ​បញ្ចប់​ការ​ប្រកួត​នេះ​ឲ្យ​បាន​ឆាប់​ដែរ។ ខ្ញុំ​ពិត​ជា​ចង់​បញ្ចប់​ឲ្យ​បាន​រហ័ស»។

ស្របពេល​ជាមួយគ្នានេះ កីឡាករ​ចាស់វស្សា Fernandes វ័យ ៣៧ ឆ្នាំ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិន​ត្រឹម​តែ​ប្រកួត​សម្រាប់​តែ​ខ្សែក្រវាត់​ឡើយ ប៉ុន្តែ ចំពោះ​ខ្ញុំ វា​ជា​ការ​ប្រជែង​នៅ​ពេល​នេះ។ ខ្ញុំ​ចង់​ប្រជែង​ជាមួយ​ខ្ញុំ​ផ្ទាល់ និង​រង់ចាំ​មើល​ថា ទេព​កោសល្យ​របស់​ខ្ញុំ​ឈាន​ដល់​កម្រិត​ណា។ Martin Nguyen ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង​ពោរ​ពេញ​ដោយ​ថាមពល»។

កីឡាករ​ប្រេស៊ីល​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​ដែល​រូបគេ​បានឈ្នះ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម វា​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ នេះ​ជា​ទម្ងន់​របស់​ខ្ញុំ។ រូបគេ​កំពុង​តែ​ឆ្លង​ដែន​មក​កាន់​ដែនដី​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ការពារ​វា​ឲ្យ​បាន។ ការ​ប្រកួត​នេះ​ពិតជា​លើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់»។

ក្រៅពីនេះ នៅមាន​ការប្រកួត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន ១០ គូ​ផ្សេង​ទៀត ដែល​នឹងត្រូវ​រៀបចំ​ឡើង​នៅ​រាត្រី​ដដែល​នោះ ស្រប​ពេល​ដែល​តារា​ឆ្នើម​ម្ចាស់​ស្រុក Shannon Wiratchai និង​កីឡាការិនី Rika Ishige ក៏​ដូចជា Dejdamrong Sor Amnuaysirichoke សុទ្ធ​សឹង​នឹង​ត្រូវ​ធ្វើការ​បង្ហាញ​ខ្លួន៕