ភ្នំពេញ: វគ្គ​បណ្តុះបណ្តាល​ជំនាញ​មន្ត្រី​កីឡា​កម្រិត​ខ្ពស់​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ ដែល​រៀបចំ​ឡើង​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​អាល្លឺម៉ង់ បាន​បើក​វគ្គ​រយៈពេល​វែង​មួយ នៅ​ទីស្នាក់ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ។

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ផ្តល់ជូន​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូបង្វឹក មក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៣៩ និង​មក​ពី​ស្ថាប័ន​កីឡា​ជាតិ​ជាច្រើន​ទៀត មាន​វិទ្យាស្ថាន​កីឡា មន្ត្រី​ត្រៀម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០២៣ និង​គរុសិស្ស​កីឡា​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ស្តើង ជា មន្ត្រី​អនុវត្ត​គម្រោង​បណ្តុះបណ្តាល​នៃ NOCC បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្សា​ថ្ងៃ​ដំបូង​ម្សិលមិញ​ថា៖ «នេះ​គឺជា​គម្រោង​វគ្គប​ណ្តុះ​បណា្តល​កម្រិត​ធំ​មួយ មាន​សិក្ខាកាម​ច្រើន​បំផុត ដែល​ទទួល​បាន​ការ​ជួយ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​អាល្លឺម៉ង់»។

លោក​បាន​ប្រាប់​បន្ត​ឲ្យ​ដឹងថា៖ «គម្រោង​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ស្នើឡើង​តាំង​ពី​ខែ​កញ្ញា ប៉ុន្តែ​ការ​អនុម័ត​របស់​ម្ចាស់​ជំនួយ​បាន​ផ្តល់​នៅ​ខែ ១២ នេះ ខណៈ​ដែល​សកម្មភាព​កីឡា​របស់ NOCC នៅ​ចុង​ឆ្នាំ​កំពុង​រវល់ និង​មមាញឹក ប៉ុន្តែ​យ៉ាង​ណា យើង​ត្រូវ​តែ​ទទួល​យក ពីព្រោះ​វា​ជា​ឱកាស​មាស​របស់​មន្ត្រី​កីឡា​កម្ពុជា ដែល​មាន​អ្នក​ជំនាញ​មក​ផ្តល់​ចំណេះ​ដឹង​ជូន​ក្នុង​ការ​ពង្រីក​សមត្ថភាព​ធនធាន​មនុស្ស​ផ្នែក​ជំនាញ គ្រប់គ្រង និង​ដឹកនាំ​កីឡា​ដែល​មាន​បទពិសោធ​ខ្ពស់»។

លោក ឯម ហៀ​ង ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ បាន​ឲ្យ​ដឹង​ថា៖ «វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​លក្ខណ​ពិសេស ដោយ​មាន​អ្នក​ជំនាញ​ផ្នែក​កីឡា​មក​ពី​ប្រទេស​អាល្លឺម៉ង់»។

លោក​បាន​បន្ថែមទៀតថា៖ «វគ្គ​សិក្សា​នេះ​មាន​រយៈពេល​វែង ពោលគឺ​ចាប់ពី​ថ្ងៃ​ទី ១២ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨ និង​មាន​សិក្ខាកាម​ជា​ថ្នាក់​ដឹកនាំ និង​គ្រូបង្វឹក​មក​ពី​សហព័ន្ធ​ជាតិ​សរុប ៣៩ នាក់»។

លោក​បាន​បន្ថែមទៀតថា៖ «សហព័ន្ធនីមួយៗ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ពី ៤ ទៅ ៦ នាក់​មក​សិក្សា។ ក្រៅ​ពី​នេះ​មាន​គរុសិស្ស​មក​ពី​សាលា​កីឡា​ចំនួន ៤០ នាក់ មន្ត្រី​មក​ពី​វិទ្យាស្ថាន​កីឡា​ជាតិ​ចំនួន ១៥ នាក់ និង​មន្ត្រី​ត្រៀម​ស៊ីហ្គេម​ដែល​សរុប​ទៅ​ជាង ១០០ នាក់»។

លោក​វ៉ា​ត់ ចំរើន រដ្ឋលេខា-ធិ​ការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​កីឡា​កម្រិត​ខ្ពស់​ក្រោម​ការ​ឧបត្ថម្ភ​ពី​ប្រទេស​អាល្លឺម៉ង់ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​ជា​ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​គ្រប់​ផ្នែក»។

លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​បន្តទៀតថា៖ «មន្ត្រី​ដែល​បាន​ឆ្លង​វគ្គ​កីឡា​កម្រិត​ខ្ពស់​នេះ នឹង​ទទួល​បាន​នូវ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​សមត្ថភាព​ជា​លក្ខណៈ​អន្តរជាតិ ដែល​យក​ទៅ​បង្ហាញ​សម្រាប់​ការងារ​កីឡា​លំដាប់​អន្តរជាតិ​បាន»។

អគ្គលេខាធិការ​រូបនេះ​បាន​ប្រាប់​បន្ថែមថា៖ «រឿង​ដែល​សំខាន់​មួយទៀត​គឺថា មន្ត្រី​ដែល​ទទួល​បាន​នូវ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​សមត្ថភាព​ក្នុង​វគ្គ​នេះ គឺជា​មន្ត្រី​ដែល​មាន​លទ្ធភាព​ចូល​បម្រើការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ»៕