ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាពិក​កម្ពុជា (NOCC) បាន​បើក​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ត្រៀម​ឯកសារ​ផ្សេងៗ​ក្នុង​ការបញ្ជូន​អត្តពលិក​ទៅ​ស្វែងរក​ការហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ត្រៀម​ការប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣០ ​ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន ជាពិសេស​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ១៨ ត្រូវ​បាន NOCC កោះ​ហៅ​មក​ប្រជុំ ដើម្បី​ពិភាក្សា​គ្នា​លើ​ការបញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នេះ ហើយ​សហព័ន្ធ​ជាតិ​ទាំងនោះ​រួម​មាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាល់បោះ កាយសម្ព័ន្ធ​កម្ពុជា បាញ់កាំភ្លើង​ទោចក្រយាន ខេមរៈ​សហព័ន្ធ​កីឡា​ការ៉ាតេដូ តេក្វាន់ដូ WTF យូដូ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​បាល់ទាត់ ជីជីតស៊ូ ទ្រីយ៉ាត្លុង វាយកូនគោល ប្រដាល់​សកល​ហុកគី​កម្ពុជា អុកចត្រង្គ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​។

លោក វ៉ាត់ ចំរើនេ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែង​ប្រាប់​ថា​៖ «​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ១៨ ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ស្រេច​នូវ​អត្តពលិក និង​ឯកសារ​ផ្ទាល់​ខ្លួន​ចាំបាច់ ដូចជា​បណ្ណ​សម្គាល់​ខ្លួន លិខិត​ឆ្លងដែន សម្រាប់​ការបញ្ជូន​អត្តពលិក ឲ្យ​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស​តាម​លទ្ធផល​ស្នើសុំ​ពី​ស្ថាប័ន​កីឡា​ដែល​បាន​ទាក់ទង​ទៅ​ប្រទេស​នានា​នៅ​អន្តរជាតិ ហើយ​ចំពោះ​ការបញ្ជូន​ទៅ​ហ្វឹកហាត់​នេះ​មួយ​ចំនួន​ធំ​ទទួល​បាន​ពី​ប្រទេស​ចិន ប៉ុន្តែ​កីឡា​តេក្វាន់ដូ WTF មិន​អាច​ទៅ​ប្រទេស​ចិន​បាន​ទេ​គឺ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​»​។

លោក​បាន​បន្ត​ថា​៖ «​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​ណា​ដែល​មាន​អត្តពលិក ឬ​គម្រោង​ត្រៀម​ចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អន្តរជាតិ​រួម​មាន​ការប្រកួត​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោក​ដែល​សហព័ន្ធ​នីមួយៗ​ដឹង​កម្មវិធី​ច្បាស់​នោះ​គឺ​ត្រូវ​ប្រាប់ ឬ​ជូនដំណឹង​មក​គណៈកម្មការ​ CAMSOC ឲ្យ​បាន​ដឹង​ទាន់​ពេលវេលា ដើម្បី​ជួយ​បំពេញ​នូវ​ភាពខ្វះខាត​ទាំង​ស្មារតី​បច្ចេកទេស ក៏ដូចជា​ថវិកា ព្រោះ​ពេលវេលា​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​កាន់តែ​ជិត​មក​ដល់​»​។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ទៀត​ថា​៖ «​ចំណែក​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ គឺ​កម្ពុជា​ត្រូវតែ​ពង្រឹង​សមត្ថភាព​អត្តពលិក​ថ្នាល​ឲ្យ​បាន​ល្អ​។ ទោះបី​ជា​យ៉ាង​ណា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លើ​ឆាក​អន្តរជាតិ ដើម្បី​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់ ព្រោះ​ការបញ្ជូន​អត្តពលិក​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ទទួល​បាន​លទ្ធផល​ល្អ ជាង​ការហ្វឹកហាត់​ក្នុង​ស្រុក​ឆ្ងាយ​ណាស់​»៕