ភ្នំពេញៈ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា ហៅ​កាត់​ថា NPCC បាន​លើក​ទឹកចិត្ត និង​ជំរុញ​ឲ្យ​ក្រុម​បាល់ទះ​ជនពិការ​កម្ពុជា ខំប្រឹងប្រែង​ដណ្តើម​យក​ឲ្យ​បាន​នូវ​កិត្តិយស​ជូន​ជាតិ ខណៈ​ប្រតិភូ​បាល់ទះ​អង្គុយ​មួយ​ក្រុម​នេះ​ត្រូវ​ចាកចេញ​ពី​មាតុ​ប្រទេស​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ជើងឯក​បាល់ទះ​អង្គុយ​តំបន់​អាស៊ី​អូសេអានី​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​រហូត​ដល់​ថ្ងៃទី​ ១៦ ខែ​មិថុនា​។

ការចេញ​ទៅ​ប្រកួត​លើក​នេះ NPCC ចង់​រកឃើញ​នូវ​លទ្ធផល​ដ៏ប្រសើរ​មួយ ដើម្បី​ទទួល​បាន Ranking នៅក្នុង​តំបន់​ពិសេស​ការឈ្នះ​បាន​កៅអី (Qualified) ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក និង​ការប្រកួត​ប៉ារ៉ាឡាំពិក​ហ្គេម ឆ្នាំ​២០២០ (Paralympic Game 2020) នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដោយ​ពេញសិទ្ធិ បន្ទាប់​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការស្វែងរក​ឱកាស​នេះ​ក្នុង​ការប្រកួត​នៅ​កូរ៉េ​កាលពី​ឆ្នាំ​ ២០១៧​។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា​ដែល​ត្រូវ​ចេញ​ប្រកួត​នៅ​ថៃ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​ធ្លាប់​បាន​ទៅ​ចូលរួម​ការប្រកួត​បែប​នេះ​នៅ​កូរ៉េ​ម្តង​ហើយ ប៉ុន្តែ​យើង​ទទួល​បាន​លទ្ធផល​អត់​ល្អ​ទេ ហើយ​ឥឡូវ​នេះ​យើង​ត្រូវ​ទៅ​ប្រកួត​ម្តងទៀត ព្រោះ​យើង​ចង់​ឈ្នះ​បាន​កៅអី​ទៅ​ចូលរួម​ការប្រកួត​ប៉ារ៉ាឡាំពិក​នៅ​តូក្យូ ដោយ​ពេញសិទ្ធិ​»​។

ជាមួយ​គ្នា​នេះ NPCC ក៏​មាន​ការផ្លាស់ប្តូរ​កីឡាករ​វ័យក្មេង​មាន​សក្តានុពល​មួយ​ចំនួន​នៅក្នុង​ចំណោម​អត្តពលិក​ទាំង​ ១០ ​នាក់​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​លើក​នេះ​ផងដែរ​ក្នុង​នោះ​មាន​កីឡាករ អ៊ូ ផល្លា​, កៅ ហឿន​, អ៊ីង ភីរៀម​, សាំង វាសនា​, ម៉ន យ៉ារ៉ាញ់​, តង់ រ៉ាវី​, ញូញ សុខ​, ពូន ឌីណា​, យ៉ុម ក្រឹម និង អឿន ណុត ក្រោម​ការដឹកនាំ​របស់​លោក ប៉ឹង សារ៉េត ជា​ប្រធាន​ប្រតិភូ លោក ស្រៀ ចន្ថា ជា​អនុប្រធាន​ប្រតិភូ​លោក យឹម វណ្ណា ជា​គ្រូបង្វឹក និង​លោក យ៉ុង សុខុម ជា​គ្រូ​ជំនួយ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​បាន​ចេញ​លិខិត​ឧទ្ទេសនាម និង​ប្រាក់​ហោប៉ាវ​ក្នុង​ម្នាក់ៗ​ ២០០ ​ដុល្លារ​ដែរ​។

លោក យី វាសនា បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​ព្យាយាម​ជាមួយ​កីឡា​ជនពិការ​នេះ យូរណាស់​មក​ហើយ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​រកបាន​កៅអី​សម្រាប់​ទៅ​ប្រកួត​ជើងឯក​ពិភពលោក ពិសេស​ប៉ារ៉ាឡាំពិក​ដោយ​ពេញ​សិទិ្ធ​នោះ​ទេ គឺ​យើង​បាន​ទៅ​ចូលរួម តែ​តាមរយៈ​សិទ្ធិ​អនុគ្រោះ​ប៉ុណ្ណោះ ហេតុនេះ​ការចេញ​ទៅ​ប្រកួត​លើក​នេះ​សូម​ឲ្យ​ក្រុម​បាល់ទះ​អង្គុយ​របស់​យើង ខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​ត្រូវ​ស្តាប់​តាម​ការប្រធាន​ក្រុម​ដោយ​ត្រូវ​យក​ចិត្ត​ទុកដាក់ ប្តេជ្ញាចិត្ត និង​មាន​សាមគ្គី​ក្នុង​ក្រុម ដើម្បី​ដណ្តើម​យក​កៅអី​ទៅ​ប្រកួត​ជើងឯក​ពិភពលោក និង​កៅអី​ទៅ​ប៉ារ៉ាឡាំពិក​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវតែ​ក្លាហាន​ឡើង ដើម្បី​ដណ្តើម​យក​កិត្តិយស​មក​ស្រុក​យើង​វិញ ដោយ​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​នឹង​ដណ្តើម​បាន​កៅអី និង​មេដាយ​មក​ជូន​ប្រទេស​ជាតិ​នៅក្នុង​ការប្រកួត​ជើងឯក​បាល់ទះ​អង្គុយ​តំបន់​អាស៊ី​អូសេអានី​ឲ្យ​បាន​។ មាស ប្រាក់ សំរឹទ្ធ យើង​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​សំខាន់​ត្រូវ​ខំប្រឹង​ដោយ​ត្រូវ​បញ្ចេញ​នូវ​អ្វីដែល​យើង​ខំប្រឹង​ហ្វឹកហាត់​ទាំង​លំបាក​អស់​រយៈពេល​ចូល​ ៤ ​ខែ​មក​នេះ ដើម្បី​ប្រជែង​យក​មេដាយ​មក​ជូន​ជាតិ​»​។

បើ​តាម​លោក យី វាសនា បាន​ឲ្យ​ដឹង​ថា​ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា​នឹង​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​អ៊ីរ៉ង់​នៅ​ថ្ងៃទី​ ១០ រួច​បន្តទៅ​ជួប​ក្រុម​កាហ្សាក់ស្ថាន​នៅ​ថ្ងៃទី​ ១១ ហើយ​នៅ​ថ្ងៃទី​ ១២ កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជប៉ុន និង​ចិន​មុន​ទៅ​ជួប​ក្រុម​កូរ៉េ​នៅ​ថ្ងៃទី​ ១៣ និង​ក្រុម​ម្ចាស់ផ្ទះ ថៃ នៅ​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា​។

ចំណែក​លោក យឹម វណ្ណា ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​យោង​តាម​បទពិសោធ​កាល​ចេញ​ទៅ​ប្រកួត​នៅ​កូរ៉េ​គឺ​យើង​បាន​ផ្លាស់ប្តូរ​បច្ចេកទេស​ទាំងអស់​ដោយ​យើង​បាន​បង្កើន​ទៅលើ​កម្លាំង កាយ តាក់ទិក និង​បច្ចេកទេស​ល្អប្រសើរ​ជាង​មុន ហេតុនេះ​យើង​នឹង​ប្រឹងប្រែង​ដណ្តើម​យក​កិត្តិយស​ជូន​ជាតិ​ឲ្យ​បាន​»៕