ឡាសវេហ្គាសៈ ស្តេចប្រដាល់សកលរបស់ហ្វីលីពីន Manny Pacquiao បានក្លាយជាកីឡាករមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រដាល់សកលដែលដណ្តើមបានខ្សែក្រវាត់កម្រិតទម្ងន់ក្រោមមធ្យម បន្ទាប់ពីជើងខ្លាំងរូបនេះដណ្តើមបានខ្សែក្រវាត់ពិភពលោក WBA ពីជើងខ្លាំងវ័យក្មេងមិនដែលស្គាល់ការចាញ់ Keith Thurman នោះ។
សម្រាប់ការប្រកួតដែលត្រូវបានធ្វើឡើងនៅសង្វៀនក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ (ថ្ងៃអាទិត្យនៅកម្ពុជា) កីឡាករវ័យ ៤០ ឆ្នាំ Pacquiao បានវ៉ៃទៅលើគូប្រកួតដែលមានអាយុតិចជាងខ្លួនចំនួន ១០ ឆ្នាំកីឡាករ Keith Thurman ឲ្យដួលអុកគូទជាមួយការម៉ាត់ស្តាំចូលពោះ និងបន្ថែមដោយដៃឆ្វេងចំថ្គាមបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ទៅលើជើងខ្លាំង វ័យក្មេងរបស់អាមេរិករូបនេះតាំងពីទឹកទី ១។
ប៉ុន្តែកីឡាករ Keith Thurman ដែលមានប្រវត្តិប្រកួតចំនួន ២៩ ដង មិនធ្លាប់ចាញ់ និងស្មើ ព្រមទាំងផ្ដួលដៃគូឲ្យសន្លប់បានចំនួន ២២ ដងនោះនៅតែរក្សាគោលជំហរប្រកួតបានយ៉ាងល្អ ដើម្បីវាយប្តូរជាមួយ Pacquiao រហូតដល់ ១២ ទឹកពេញប្រកបដោយភាពស្វិតស្វាញ និងជក់ចិត្តបំផុត។
បន្ថែមលើនេះកណ្តាប់ដៃឆ្វេងស្តាំរបស់កីឡាករវ័យ ៣០ ឆ្នាំ Thurman ក៏បានធ្វើឲ្យវីរបុរសរបស់ហ្វីលីពីនចង់គាំងម្តងៗផងដែរហើយ Thurman ក៏បានវ៉ៃចំគោលដៅច្រើនផងដែរ ប៉ុន្តែ Pacquiao មិនបានបង្ហាញភាពទន់ជ្រាយក្រោមកណ្តាប់ដៃរបស់គេនោះទេ។
ផ្ទុយទៅវិញជើងខ្លាំងប្រចាំនៅទ្វីបអាស៊ី Pacquiao បានជម្នះប្រើកណ្តាប់ដៃទាំង ២ របស់ខ្លួនចូលម៉ាត់ទៅលើ Thurman បានល្អនៅចុងទឹកនីមួយៗ ពិសេសការម៉ាត់ចូលពោះនៅទឹកទី ៧ ដែលធ្វើឲ្យ Thurman ចុកឆ្អល់ និងស្ទើរតែរបូតធ្មេញការពារចេញពីក្នុងមាត់ទៅហើយ ហើយការធ្វើបានយ៉ាងល្អនេះចៅក្រម ២ នាក់បានផ្តល់ពិន្ទុឲ្យ Pacquiao ឈ្នះ 115-112 ខណៈចៅក្រមម្នាក់ទៀតផ្តល់ពិន្ទុ 114-113 ឲ្យ Thurman ជាអ្នកឈ្នះ។
យ៉ាងណាក៏ដោយ Manny Pacquiao ដែលរកបានចំណូលដល់ ២០ លានដុល្លារសម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះបានចាត់ទុក Kieth Thurman ជាកីឡាករជើងខ្លាំងវ័យក្មេងម្នាក់។ Pacquiao បាននិយាយក្រោយការប្រកួតថា៖ «វាពិតជាមានការរំភើបខ្លាំង ព្រោះគូប្រកួតរបស់ខ្ញុំជាអ្នកប្រយុទ្ធដ៏ល្អគឺគាត់ខ្លាំង»។
ស្តេចប្រដាល់របស់ហ្វីលីពីន Pacquiao ដែលធ្លាប់ប្រកួតឈ្នះ ៦២ ដង ចាញ់ ៧ ដង ស្មើ ២ ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ៣៩ ដងនោះបានបន្ថែមថា៖ «ខ្ញុំមិនមែនជាអ្នកប្រដាល់ដែលនិយាយច្រើននោះទេ តែយើងត្រូវលើកកម្ពស់ទៅដល់ការប្រកួត។ គាត់ពិតជាអ្នកប្រដាល់ល្អ និងខ្លាំងម្នាក់ ហើយខ្ញុំបានទទួលការប្រទានពរនៅយប់នេះ»។
ចំណែក Thurman ដែលហាក់ដូចជាមិនសូវពេញចិត្តនឹងការសម្រេចឲ្យរូបគេចាញ់ Pacquiao នោះបាននិយាយថា៖ «ខ្ញុំដឹងថា វាជិតគ្នាមែនទែន តែគាត់បានម៉ាត់ក្រោម និងថែមដោយកណ្តាប់ឆ្វេងដែលធ្វើឲ្យគាត់មានប្រៀបនៅទឹកទី ១។
កីឡាករទើបស្គាល់ការចាញ់លើកដំបូងរូបនេះបាននិយាយបន្ថែមថា៖ «នេះជារាត្រីប្រកួតដ៏ជក់ចិត្ត ហើយខ្ញុំមានអារម្មណ៍ថាគាត់ដូចជាអស់កម្លាំងបន្តិចដែរ ប៉ុន្តែគាត់ពោរពេញទៅដោយបទពិសោធ ហើយខ្ញុំចង់ឲ្យមានការប្រកួតបែបនេះម្តងទៀត»៕