ក្រុង​ញូវយ៉ក: តារា​ប្រដាល់​ដ៏​ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao និង​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ ៦៦,៧ គីឡូក្រាម Adrien Broner នឹង​ប្រកាស​ពី​សេចក្តី​លម្អិត​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក អំពី​ការ​ប្រកួត​នា​ពេល​ខាង​មុខ​របស់ ពួកគេ ដែល​ត្រូវ​រំពឹង​ទុក​ថា នឹង​កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង Las Vegas។

Pacquiao កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់ ៦៦,៧ គីឡូក្រាម​ពី​ស្ថាប័ន WBA ដែល​ទាប​ជាង​ម្ចាស់​ខ្សែក្រវាត់ WBA មិន​ស្គាល់​ចាញ់​គឺ Keith Thurman ១ កម្រិត ក្រោយ​ពី​បាន​ផ្តួល​កីឡាករ​អាហ្សង់ទីន Lucas Matthysse កាល​ពី​ខែ​កក្កដា ក្នុង​ទីក្រុង​គូឡាឡាំពួ តាមរយៈ​ការ​យក​ឈ្នះ​ដោយ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ជា​លើក​ទី ១ របស់​គេ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក។

កីឡាករ​ជំនាញ​ដៃ​ឆ្វេង​រូបនេះ ដែលមាន​កំណត់ត្រា​ឈ្នះ ៦០ លើក ចាញ់ ៧ លើក និង​ស្មើ ២ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៩ លើក ក្នុង​អាជីព​មួយ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ១៩៩៥ នឹង​ឈាន​ចូល​វ័យ ៤០ ឆ្នាំ​នៅ​ខែ​ក្រោយ ស្រប​ពេល​កីឡាករ​អាមេរិក Broner មាន​កំណត់​ត្រា​ឈ្នះ ៣៣ លើក ចាញ់ ៣ លើក និង​ស្មើ ១ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ២៤ លើក។

Broner និង Pacquiao នឹងត្រូវ​ធ្វើការ​ពិភាក្សា​គ្នា​នៅ​ម​ជ្ឈមណ្ឌល Gotham Hall ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ នៅ Waldorf Astoria ក្នុង​ទីក្រុង Beverly Hills ដើម្បី​ផ្សព្វផ្សាយ​ការ​ប្រកួត​របស់​ពួកគេ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ​មករា នៅ​សង្វៀន MGM Gra-nd ក្នុង​ទីក្រុង Las Vegas។

Pacquiao ដែលជា​កីឡាករ​តែ​ម្នាក់​ក្នុងការ​ឈ្នះ​ខ្សែក្រវាត់ ៨ ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នោះ បាន​និយាយ​កាល​ពី​ខែ​មុន​ថា រូបគេ​មាន​ការ​ជឿ​ជាក់ ៩០ ភាគរយ​ថា រូបគេ​នឹង​ប្រកួត​ជាមួយ​នឹង Broner អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៤ ប្រភេទ​ទម្ងន់។

Pacquiao ដែល​ក៏​ជាស​មាជិក​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន​ដែរនោះ បាន​បាត់បង់​ខ្សែក្រវាត់​ពិភពលោក​ពី​ស្ថាប័ន WBO របស់​គេ ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Jeff Horn កាល​ពី​ឆ្នាំ​មុន ក្នុង​ទីក្រុង Brisbane។

កាលពី​ខែ​មុន Pacquiao បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Premier Boxing Champions របស់​លោក Al Haymon ក្រោយ​ពី​ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​ដោយ​អង្គភាព Top Rank របស់​លោក Bob Arum ដែល​ជា​គូ​ប្រជែង​របស់​លោក Haymon អស់​រយៈពេល ១៤ ឆ្នាំ​ចុង​ក្រោយ​នេះ។

ការផ្លាស់ប្តូរ​នេះ នឹង​ជួយ​ឲ្យ Pacquiao មានឱកាស​ច្រើន​ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ​ខ្លាំងៗ​បំផុត​ក្នុង​ទម្ងន់ ៦៦,៧ គីឡូក្រាម ខណៈ​កីឡាករ​របស់​លោក Haymon ក៏មាន Thurman (ឈ្នះ ២៨-០) ម្ចាស់​ខ្សែក្រវាត់ WBC គឺ Shawn Porter (២៩-២) និង​ម្ចាស់​ខ្សែ​ក្រវាត់ IBF គឺ Errol Spence Jr (២៤-០) ដែរ៕