សហរដ្ឋ​អាមេរិក៖ លោក Bob Arum ភ្នាក់ងារ​ផ្សព្វផ្សាយ​​ប្រដាល់​សកល​ជឿ​​ថា កីឡាករ​ប្រដាល់​ Manny Pacquiao នឹង​ចូល​និវត្តន៍​ពី​អាជីព​​ប្រដាល់​​របស់​គេ​​ឆាប់ៗ​នេះ ​ប្រសិន​បើ​រូប​គេ​មិន​បាន​ឡើង​សង្វៀន​ប្រកួត​​ជាមួយ​អ្នក​ប្រដាល់​អាមេរិក​ Floy Mayweather ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ​។​

លោក Arum ​ជា​ភ្នាក់ងារ​​ផ្សព្វផ្សាយ​សម្រាប់​កីឡាករ​ Pacquiao ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​​ដ៏​អស្ចារ្យ​របស់​វីរបុរស​ហ្វីលីពីន​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​ប្រដាល់​សកល​ពិភព​លោក​ថា គាត់​ចង់​ឃើញ​កីឡាករ​វ័យ ​៤០ ​ឆ្នាំ​រូប​នេះ ​ចូល​និវត្តន៍​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

កីឡាករ​ហ្វីលីពីន Pacquiao ដែល​បាន​ឈ្នះ​កីឡាករ​អាមេរិក​ Keit Thurman​ ​ពេញ ​១២ ​ទឹក ​ដើម្បី​គ្រង​ជា​ម្ចាស់​ជើងឯក​ខ្សែ​ក្រវាត់​ទម្ងន់​ក្រោម​មធ្យម​ (welterweight) ​ប្រចាំ​ស្ថាប័ន​សមាគម​​ប្រដាល់​ពិភព​លោក (WBA) កាល​ពី​ខែ​កក្កដា​នោះ​ មិន​ទាន់​កំណត់​ការ​ប្រកួត​របស់​ខ្លួន​ជា​បន្ត​ទៀត​នៅ​ឡើយ​ទេ​។​​​​

ប៉ុន្តែ​លោក Arum ​និយាយ​ថា គាត់​ជឿ​ថា អ្នក​ប្រដាល់​ Pacquiao ដែល​មាន​អាយុ ​៤១ ​ឆ្នាំ​នៅ​ខែ​ធ្នូ​នោះ​​ ​នឹង​​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​​ច្រើន​នៅ​ពេល​ខាង​មុខ​ទៀត​​ ប្រសិន​បើ​រូប​គេ​​នៅ​តែ​បន្ត​អាជីព​របស់​ខ្លួន​​ទៅ​មុខ​ឆ្ងាយ​ទៀត​នោះ​។​​

លោក Arum បាន​ប្រាប់​ព័ត៌​មាន​ប្រដាល់​ពិភព​លោក​ថា៖ «​ខ្ញុំ​បាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​កីឡាករ​ Pacquiao ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​»។​

ភ្នាក់ងារ​រូប​នេះ​បាន​បន្ថែម​ថា៖ «​គាត់​ជា​មនុស្ស​ល្អ​មែន​ទែន ​គឺ​ពិត​ជា​មនុស្ស​ល្អ​ម្នាក់​ដែល​ចេះ​ជួយ​សង្គម​​​»។​

លោក Arum បាន​បន្ថែម​ទៀត​ថា៖ ​«​ប៉ុន្តែ​គាត់​មាន​​អាយុ​ជិត ​៤១ ​ឆ្នាំ​ហើយ​ ហើយ​ប្រសិន​បើ​អ្នក​មាន​អាយុ ​៤១ ​ឆ្នាំ​ គឺ​អ្នក​មិន​អាច​បន្ត​ការ​ប្រកួត ​និង​វាយ​ដំ​ដូច​អ្នក​ធ្លាប់​​ធ្វើ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ Thurman បាន​ទៀត​​ទេ​»។​​

ភ្នាក់ងារ​រូប​នេះ​បន្ត​ទៀត​ថា៖ «​ជា​ការ​ពិត​ គាត់​បាន​ឈ្នះ​ការ​ប្រកួត​នោះ​ប៉ុន្តែ​គាត់​បាន​រង​កណ្ដាប់​ដៃ​ជា​ច្រើន​ដែល​វា​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ផល​មិន​ល្អ​នៅ​ពេល​គាត់​បន្ត​​ជីវិត​​នៅ​ពេល​ខាង​មុខ​ទៀត​»។​​

លោក Arum ដែល​បាន​និយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា គាត់​ខ្លាច​កីឡាករ​ Pacquiao ​ប៉ះ​ពាល់​ខួរ​ក្បាល​នៅ​មុន​ពេល​ប្រកួត​ជាមួយ​កីឡាករ Thurman នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា វីរបុរស​ហ្វីលីពីន​រូប​នេះ​គួរ​តែ​ពិចារណា​ពី​ការ​ចង់​ប្រកួត​ជា​ថ្មី​ជាមួយ​កីឡាករ Floyd។​​

កីឡាករ​ Floyd ដែល​ឥឡូវ​បាន​ចូល​និវត្តន៍​ហើយ​នោះ​ បាន​ប្រកួត​ឈ្នះ​កីឡាករ Pacquiao សម្រាប់​ ​«ការ​ប្រកួត​ប្រចាំ​​​ឆ្នាំ ​២០១៥»​ ប៉ុន្តែ​​​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​​នោះ​​។​

លោក Arum បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​គាត់​​បាន​ប្រកួត​ជាមួយ​​កីឡាករ Floyd ម្ដង​ទៀត​ ​ឬ​មិន​បាន​ក៏​ដោយ​ គាត់​គួរ​តែ​ចូល​និវត្តន៍​ព្រោះ​វា​គ្មាន​ប្រយោជន៍​អី្វ​ឡើយ​ដែល​គាត់​ត្រូវ​តែ​បន្ត​ការ​ប្រដាល់​ទៀត​នោះ​ទេ​»៕ AFP/SN