ក្រុងប៉ារីស៖ ក្លិប Paris Saint-Germain បានបើកឆាកការប្រកួត Champions League ឈ្នះក្រុម Real Madrid ៣-០ ពីថ្ងៃពុធ ខណៈក្រុម Atletico តាមស្មើក្រុម Juventus ២-២។
ទោះជាគ្មានវត្តមានកីឡាករ Neymar, Kylian Mbappe និង Edinson Cavani យ៉ាងណាក្ដី ប៉ុន្តែក្រុម PSG នៅតែអាចឈ្នះនៅថ្ងៃបើកឆាកក្របខ័ណ្ឌអឺរ៉ុបដោយកីឡាករ Angel Di Maria រកបាន ២ គ្រាប់ និង ១ គ្រាប់ទៀត ជារបស់កីឡាករ Thomas Meunier សម្រាប់ក្រុម PSG។
ទន្ទឹមនេះដែរ ក្រុម Juventus បាននាំមុខ ២ គ្រាប់ ទៅលើគូប្រកួតខ្លួននៅដើមតង់ទី ២ ទៅហើយ ប៉ុន្តែនៅចុងតង់នេះស្រាប់តែក្រុម Atletico រកបាន ២ គ្រាប់វិញធ្វើឲ្យក្រុមទាំង ២ នេះស្មើគ្នា ២-២។
លោក Maurizio Sarri គ្រូបង្វឹកក្លិប Juventus និយាយថា៖ «ខ្ញុំគិតថា យើងលេងបានល្អ ប៉ុន្តែយើងមានរសជាតិជូរក្នុងមាត់ឥឡូវនេះព្រោះយើងគិតថា ការប្រកួតនេះស្ថិតក្នុងដៃរបស់យើងទៅហើយ»៕ AFP/SN