ក្រុងប៉ារីស: វា​មាន​រយៈពេល ១ ខែ​មកហើយ​ដែល​ក្រុម Paris Saint-Germain បាន​ជួប​ភាព​ចម្រូង​ចម្រាស​នៅ​ខាង​ក្រៅ​ទីលាន​ប្រកួត ប៉ុន្តែ​ការ​វិល​ទៅ​រក​ភាព​រឹងមាំ​វិញ​របស់​តារា​ឆ្នើម Kylian Mbappe និង Neymar នឹង​លុប​ចោល​ពពក​ខ្មៅ​ផ្សេងៗ​ពី​លើ​ក្លិប​របស់​បារាំង​មួយ​នេះ នៅ​មុន​ពេល​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ដ៏​សំខាន់​ជាមួយ​នឹង​ក្រុម Liverpool នៅ​រាត្រី​នេះ។

ក្រុម PSG នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ នា​កីឡដ្ឋាន Parc des Princes ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល C ហើយ​ការ​បរាជ័យ​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពី​រដូវកាល​មុន Liverpool បូក​រួម​ទាំង​ក្រុម Napoli យក​ឈ្នះ​លើ​ក្រុម Red Star Belgrade លើ​ទឹកដី​ខ្លួន​ឯង​ផង​នឹង​ធ្វើ​ឲ្យ​ក្រុម​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជន​ជាតិ​កាតា​មួយ​នេះ ធ្លាក់​ចេញ​យ៉ាង​ឆាប់​រហ័ស។

លទ្ធផល​នេះ​នឹង​ក្លាយជា​រឿង​ដ៏​អាម៉ាស់​សម្រាប់​ក្រុម​មាន​មហិច្ឆតា​ដ៏​ធំ​ដូចជា PSG ដែល​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ការ​ធ្លាក់​ចេញ​ជាប់ៗ​គ្នា​ក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

លោក Thomas Tuchel បានឈ្នះ​រាល់​ការប្រកួត​ក្នុងស្រុក​ទាំងអស់ ចាប់តាំងពី​ការ​តែង​តាំង​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​កាល​ពី​រដូវ​ក្តៅ ប៉ុន្តែ លទ្ធផល​របស់ PSG ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប មិន​បាន​ទទួល​ជោគ​ជ័យ​ឡើយ ខណៈ​ដែល​ពួកគេ​បាន​រង​បរាជ័យ ៣-២ នៅ​លើ​ទឹកដី​ក្រុម Liverpool កាល​ពី​ខែ​កញ្ញា មុន​នឹង​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២ លើក​ជាមួយ​នឹង​ក្រុម Napoli។

ការដណ្តើម​បាន​ជ័យជម្នះ ៦-១ លើ​ក្រុម Red Star កាល​ពី​ខែ​មុន គឺជា​ជ័យជម្នះ​តែមួយ​របស់​ក្រុម​បារាំង​មួយ​នេះ ក្នុង​ការ​ប្រកួត ៧ លើក​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ដែល​មិន​មែន​ជា​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ក្រុម​ឈ្នះ​ពាន ១ ឡើយ។

ខ្សែការពារ Thiago Silva បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប PSG ថា៖ «យើង​ត្រូវតែ​លេង​ឲ្យ​បាន​ល្អ​ដើម្បី​ផ្តួល​ក្រុម Liverpool។ ការ​បង្ហាញ​ពី​ទម្រង់​លេង​ជាទូទៅ នឹង​មិន​គ្រប់​គ្រាន់​ឡើយ​ក្នុង​ការ​លេង​ជាមួយ​នឹង​ក្រុម​ខ្លាំង​បែប​នេះ។ យើង​កំពុង​តែ​និយាយ​ពី​កម្រិត​កំពូល ហើយ​យើង​ត្រូវ​តែ​ត្រៀម​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។ វា​ជាការ​ប្រកួត​កាត់​សេចក្តី»។

ប៉ុន្តែ តើ​ពួកគេ​ពិតជា​ត្រៀមខ្លួន​បានល្អ ឬ​យ៉ាងណា ប្រសិនបើ​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ២ នាក់ សុទ្ធ​សឹង​អវត្តមាន​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​របស់​លោក Jurgen Klopp? Mbappe និង Neymar បាន​រង​របួស​ដូចគ្នា​នៅ​ពេល​លេង​ក្នុង​ការ​ប្រកួត​មិត្តភាព អន្តរជាតិ កាល​ពី​សប្តាហ៍​មុន និង​បាន​អវត្តមាន​ក្នុង​ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Toulouse ១-០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ​ទាំង ២ បាន​ស៊ុត​បាល់​បញ្ចូល​ទី ១៣ គ្រាប់​ដូចគ្នា​នៅ​រដូវ​កាល​នេះ ស្រប​ពេល​ដែល Edinson Cavani រក​បាន ១០ គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់។ ឥទ្ធិពល​របស់​ពួកគេ​ក្នុង​ក្រុម​ពិត​ជា​ធំ​ណាស់។

លោក Tuchel បាន​និយាយ​ទាំង​មាន​សុទិដ្ឋិនិយម​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា៖ «ពួកគេ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជា រៀង​រាល់​ថ្ងៃ។ យើង​មាន​ពេល​ច្រើន​នៅ​ពេល​នេះ និង​មុន​ឈាន​ដល់​ថ្ងៃ​ពុធ។ វា​ល្អ​សម្រាប់​យើង។ ខ្ញុំ​គិត​ថា ពួកគេ​អាច​ចូល​លេង​បាន៕