ក្រុងម៉ាឌ្រីដ: រយៈពេល​ច្រើនជាង ១ ម៉ោង ក្រោយ​ពី​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បាន​បន្លឺ​ឡើង​ក្នុង​ពេល Real Madrid រង​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង លទ្ធផល ៣-០ ក្រោម​ស្នាដៃ ក្រុម Eibar កាល​ពី​ថ្ងៃ​សៅរ៍ Sergio Ramos បាន​ចាប់​ផ្តើម​បង្ហាញ​ពី​ការ​មិន​ចុះ​ចាញ់​របស់​ខ្លួន។

ក្រោយពី​បាន​រង​បរាជ័យ​យ៉ាង​ខកចិត្ត​ពីមុខ​អ្នកទស្សនា ៧ ០៨៤ នាក់​នា​កីឡដ្ឋាន Ipurua ខ្សែ​ការពារ Ramos បាន​និយាយ​ថា ទម្រង់​លេង​របស់​ក្រុម​ខ្លួន​មិន​ស្ថិត​ក្នុង​កម្រិត​ល្អ​ឡើយ ដោយ​ខ្វះ​នូវ​ភាព​រឹង​មាំ​របស់​ពួកគេ។ កីឡាករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​អ្នក​មិន​មាន​កម្រិត​លេង​ដូច​គូ​ប្រកួត​របស់​អ្នក អ្នក​ក្លាយជា​ក្រុម​ដែល​ទន់​ខ្សោយ»។

វា​មិនមែនជា​លទ្ធផល​ដែល​ក្រុម Real ចង់បាន នៅមុន​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កាន់​ទឹកដី​ក្រុម Roma ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​ឡើយ ដែល​នៅ​ពេល​នោះ​ក្រុម​ម្ចាស់​ការពារ​ជើង​ឯក​មួយ​នេះ អាច​នឹង​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​តាមរយៈ​ការ​ឈរ​លេខ ១ ក្នុង​ពូល G។

បន្ទាប់មក Ramos បាន​ធ្លាក់ចូល​ក្នុងការ​ចោទប្រកាន់​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ទស្សនា​វដ្តី Der Spiegel របស់​អាល្លឺម៉ង់។

ការចោទប្រកាន់ ១ ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​ចេញ​ផ្សាយ​ថា Ramos ត្រូវ​បាន​ពិនិត្យ​ឃើញ​ជា​វិជ្ជមាន​សម្រាប់​សារ​ធាតុ​ហាម​ឃាត់ ក្រោយ​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ២០១៧ និង​មិន​បាន​ប្រកាស​ពី​បញ្ហា​នោះ តាម​ការ​ស្នើ​សុំ​ឲ្យ​ស្រប​តាម​ច្បាប់​របស់​អាជ្ញាធរ​ប្រឆាំង​សារ​ធាតុ​ហាម​ឃាត់​ពិភពលោក (WADA)។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នោះ​ជា​លើក​ទី ១ Ramos បាន​និយាយ​ថា៖ «អ្នក​អាច​និយាយ​កុហក​បាន​ជា​ច្រើន​លើក ប៉ុន្តែ វា​នៅ​តែ​ជា​ការ​កុហក។ ប្រភេទ​នៃ​មនុស្ស​ទាំង​នេះ ព្យាយាម​បង្ខូច​កេរិ៍្ត​ឈ្មោះ​របស់​ខ្ញុំ និង​អាជីព​របស់​ខ្ញុំ»។

បញ្ហា​នេះ អាច​នឹង​មានការ​លើក​លែង ប៉ុន្តែ​ការនិយាយ​រិះគន់​ផ្សេងៗ និង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់ បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​រឹង​មាំ​នៃ​បុគ្គលិក​លក្ខណៈ​ក្នុង​កីឡា​បាល់ទាត់​របស់ Ramos។

កាល​ពី​ខែ​កញ្ញា ខ្សែប្រយុទ្ធ Antoine Griezmann បាន​ធ្លាក់​ចូល​ក្នុង​ការ​រិះគន់ នៅ​ពេល Ramos បាន​ប្រើប្រាស់​សន្និសីទ​សារ​ព័ត៌មាន​មួយ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ដើម្បី​រិះគន់​ទៅ​លើ​បេក្ខភាព​របស់​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូប​នេះ សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់​បាល់​មាស Ballon d''Or។ Ramos បាន​និយាយ​ទាំង​ទឹក​មុខ​មាំ​ថា៖ «ការ​ព្រងើយ​កន្តើយ គឺ​ការ​បង្ហាញ​ពី​ការ​មាន​មុខ​ក្រាស់»។

កាលពីពេល​ថ្មីៗ​នេះ រូបគេ​បានធ្វើ​ឲ្យ​លោក Antonio Conte ចេញ​ពី​បេក្ខភាព​ដ៏​មាន​ប្រៀប ក្លាយ​ជា​បេក្ខភាព​គ្មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ដើម្បី​ជំនួស​កន្លែង​របស់​លោក Julen Lopetegui ក្នុង​នាម​ជា​គ្រូបង្វឹក​របស់ Real។

Ramos បាន​និយាយ​រិះគន់​លោក Conte ដែលជា​មនុ​ស្សមានភាព​តឹង​រ៉ឹង​លើ​វិន័យ​ថា៖ «ការ​គោរព​នឹង​ត្រូវ​ទទួល​បាន មិន​មែន​ត្រូវ​បាន​ផ្តល់​ឲ្យ​ឡើយ»។

បើទោះបី Ramos ជា​កីឡាករ​ដ៏​មាន​ប្រជាប្រិយ​របស់ Real ក្រោយពី​បាន​ឈ្នះ​ពាន Champions League ៤ លើក ក៏​ដូចជា​ពាន La Liga ៤ លើក​ផ្សេង​ទៀត​ក៏ដោយ ប៉ុន្តែ រូបគេ​ក៏​រង​នូវ​ការ​រិះគន់​ច្រើន​ទៅ​លើ​ការ​ប្រជែង​បាល់​ដ៏​គ្រោះ​ថ្នាក់​របស់​គេ​នៅ​លើ​ទីលាន​ផង​ដែរ។

Lionel Messi ដឹង​ពី​អារម្មណ៍​នោះ។ កាលពី​ឆ្នាំ ២០១០ Ramos បាន​ឈូស​ជើង​ឲ្យ​រូបគេ​ដួល​ទៅ​លើ​ទីលាន ហើយ​ក្នុង​ឆ្នាំ ២០១៧ បាន​ធ្វើ​ឲ្យ​គេ​រង​របួស​ម្តង​ទៀត ក្នុង​ពេល Barca បាន​វាយ​សម្រុក​រហ័ស។

Ramos បាន​រង​ពិន័យ​កាត​ក្រហម​ក្នុងការ​ប្រព្រឹត្ត​កំហុស​ទាំង ២ លើក៕