ក្រុងសៅប៉ូឡូៈ កីឡាករ​វ័យក្មេង Takefusa Kubo ជា​សមាជិក​ថ្មី​របស់​ក្លិប Real Madrid បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ព្រឹត្តិការណ៍ Copa America ពី​សប្ដាហ៍​មុន​ថា វា​ជា​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «Messi នៅ​ជប៉ុន​» ​នោះ​។

Real ដែល​ជា​ក្លិប​ធំ​បំផុត​នៅ​អេស្ប៉ាញ​បាន​ប្រកាស​ថា កីឡាករ​វ័យ​ ១៨ ​ឆ្នាំ​រូបនេះ​បាន​ចាក​ចេញ​ពី​ក្លិប FC Tokyo មក​ចូលរួម​ក្លិប​ជា​ម្ចាស់​ជើងឯក​អឺរ៉ុប​ ១៣ ​លើក​សម្រាប់​ក្រុម B របស់​ពួកគេ​នៅ​រដូវកាល​ក្រោយ​នេះ​។

កីឡាករ Kubo និយាយ​ក្នុង​ទីក្រុង​សៅប៉ូឡូ​ប្រទេស​ប្រេស៊ីល​ថា​៖ «​ការដាក់​ងារ​ជា Messi នៅ​ជប៉ុន​នេះ​គឺជា​កិត្តិយស​មួយ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​មោទនភាព ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ឈាន​ដល់​កម្រិត​ដូច​គាត់​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​ចូលចិត្ត​ពឹង​លើ​សមត្ថភាព និង​កម្លាំង​របស់​ខ្ញុំ​»​។

Kubo ធ្លាប់​បាន​សិក្សា​នៅ​សាលា​របស់​ក្លិប Barcelona នៅពេល​គាត់​មាន​អាយុ​ទើប​ ១០ ​ឆ្នាំ ប៉ុន្តែ​បាន​ចេញ​ពី​ទីនោះ​នៅ​ឆ្នាំ​ ២០១៥ ​ក្រោយពី​ក្លិប​នេះ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាល់ទាត់ FIFA ពី​បទល្មើស​ច្បាប់​ដោយ​ចុះ​កុងត្រា​ទិញ​កីឡាករ​មិន​ទាន់​គ្រប់​អាយុ​ចូល​លេង​។

ទេពកោសល្យ​របស់​គាត់​ដែល​លេង​បាន​ល្អ​ដូច​កីឡាករ Messi នៅ​អាហ្សង់ទីន​នោះ​បាន​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ដូច​កាល​នៅ​ពី​ក្មេង​ដោយ​គាត់​បាន​បង្ហាញថា នេះ​ជា​សមត្ថភាព​ផ្ទាល់​របស់​គាត់​។

កីឡាករ Kubo បាន​បញ្ជាក់​ថា​៖ «​មាន​កីឡាករ​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​លេង​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​គឺ​ខ្ញុំ ហើយ​ខ្ញុំ​គឺ​មិនមែន​ជា​កីឡាករ​ផ្សេង​ទៀត​នោះ​ទេ​»​។

ជុំវិញ​ការចុះ​កុងត្រា​ជាមួយ​ក្លិប Real នេះ គាត់​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេស្ប៉ាញ និង​ជប៉ុន​បាន​រាយការណ៍​ថា​កីឡាករ Kubo បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​នេះ​រយៈពេល​ ៦ ​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​ ២ ​លាន​អឺរ៉ូ​ដែល​ស្មើ​នឹង​ ២,២៥ ​លាន​ដុលា្លរអាមេរិក​ក្នុង​ ១ ​ឆ្នាំៗ​៕ SN