ក្រុងរ៉ូមៈ លោក Paulo Fonseca ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​នៅ​ក្លិប Roma កាលពីដើម​សប្ដាហ៍​នេះ ខណៈ​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ​សម្លឹង​បង្កើត​ភាពខ្លាំង​ឡើងវិញ​ក្រោយពី​បាន​ជួប​រដូវកាល​ដ៏អាប់អួរ ទោះ​ជា​បាន​ឆ្លងកាត់​អ្នក​ចាត់ការ​ចំនួន​ ២ ​នាក់​ក៏ពិតមែន ប៉ុន្តែ​នៅ​តែ​មិន​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League​។

ក្នុង​របាយការណ៍​របស់​ក្លិប Roma បាន​និយាយ​ថា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Shakhtar Donetsk លោក Fonseca ត្រូវ​បាន​ចុះ​កុងត្រា​រយៈពេល​ ២ ​ឆ្នាំ​ជាមួយ​ក្លិប Roma ដែល​មាន​ជម្រើស​បន្ត​កុងត្រា​ថែម​ជា​បន្ត​ទៀត​។

គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​អាយុ​ ៤៦ ​ឆ្នាំ​រូបនេះ​បាន​និយាយ​នៅ​លើ​ប្រព័ន្ធ Twitter របស់​ក្លិប​នេះ​ថា​៖ «​ខ្ញុំ​ពិតជា​រំភើបចិត្ត និង​ចង់​បំពេញ​ភារកិច្ច​នេះ​នៅ​ចំពោះមុខ​យើង​ទាំងអស់​គ្នា​យ៉ាងខ្លាំង​។ ខ្ញុំ​អន្ទះសា​ចង់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​រ៉ូម ជួប​ក្រុម​អ្នក​គាំទ្រ​របស់​យើង និង​ចាប់ផ្ដើម​ការងារ​នេះ​មែនទែន​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​នៅពេល​យើង​រួម​គ្នា ខ្ញុំ​ជឿ​ថា​យើង​អាច​បង្កើត​អ្វីមួយ​អស្ចារ្យ​ជា​មិន​ខាន​»​។

លោក Fonseca ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​រ៉ូម​ក្រោយពី​បាន​បំពេញ​ភារកិច្ច​រយៈពេល​ ៣ ​ឆ្នាំ​នៅ​ក្លិប Shakhtar ជាទី​ដែល​គាត់​បាន​ជួយ​ឲ្យ​ក្លិប​នេះ​បានឈ្នះ​ពាន​ក្នុង​ស្រុក​មួយចំនួន​ជាប់ៗ​គ្នា​បន្ទាប់ពី​បាន​គាត់​បាន​ចូល​ដឹកនាំ​នៅ​ឆ្នាំ​ ២០១៦ ហើយ​គាត់​ក៏​បាន​ជួយ​ឲ្យ​ក្លិប​នៅ​ប្រទេស​អ៊ុយក្រែន​មួយ​នេះ​ឡើង​ដល់​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅក្នុង​ក្របខ័ណ្ឌ Champions League នៅ​ឆ្នាំ​ ២០១៨ ផង​ដែរ​។

ចំណែក​ក្លិប Roma វិញ​បាន​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ឆ្នាំ​ ២០១៨ ប៉ុន្តែ​សម្រាប់​រដូវកាល​ចុង​ក្រោយ​នេះ​ក្លិប Roma ត្រូវ​បាន​ទម្លាក់​ដោយ​ក្លិប Porto នៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​ដដែល​នេះ ហើយ​ក្លិប Roma បាន​ចំណាត់ថ្នាក់​លេខ​ ៦ ​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ធ្វើឲ្យ​ក្លិប​នេះ​មាន​ឱកាស​លេង​ជា​លើក​ទី​ ២ ​នៅក្នុង​ក្របខ័ណ្ឌ Europa League​។

ក្លិប Roma បាន​បញ្ចប់​រដូវកាល​នេះ​ដោយ​តែងតាំង​លោក Cluadio Ranieri ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ក្រោយពី​បាន​បណ្ដេញ​លោក Eusebio Di Francesco កាលពី​ដើម​ខែ​មីនា ខណៈ​ប្រធាន​ក្លិប​លោក Monchi កំពុង​សម្លឹង​រក​គ្រូបង្វឹក​ផ្សេងទៀត​បន្ទាប់ពី​លោក Francesco អតីត​គ្រូបង្វឹក​ក្លិប Sassuolo បាន​ចាក​ចេញ​ពី​ក្លិប Roma រួចហើយ​។

តាមពិត​ក្លិប​នេះ​ចង់​បាន​គ្រូបង្វឹក​ ២ ​នាក់​គឺ​ម្នាក់​ជា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Chelsea លោក Antonio Conte ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លិប Inter Milan និង​ម្នាក់​ទៀត​គឺជា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Juventus លោក Gian Piero Gasperini ដែល​បាន​សម្រេចចិត្ត​បន្ត​ដឹកនាំ​ក្លិប Atalanta រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពី​គាត់​បាន​ដឹកនាំ​ក្រុម​នេះ​ឲ្យ​មាន​រដូវកាល​លីក​ដ៏ល្អ​បំផុត​មិន​ធ្លាប់​មាន​កន្លង​មក និង​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​បន្ទាប់​នេះ​ផង​ដែរ​។

ប្រសិន​បើ​គ្មាន​ប្រាក់ចំណូល​ពី​ការប្រកួត​បាល់ទាត់​ដ៏ធំ​បំផុត​នៅ​អឺរ៉ុប​នេះ​ទេ ក្លិប Roma ទំនង​ជា​នឹង​អាច​លក់​ចេញ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ស្រប​ពេល​ដែល​កីឡាករ Edin Dzeko បាន​ព្រលយ​ថា គាត់​ចង់​ចូលរួម​ជាមួយ​លោក Conte នៅ​ក្លិប Inter Milan​របស់​អ៊ីតាលី​៕ SN