Javier Pastore បានធ្វើការ​ពិភាក្សាផ្សេងៗជាមួយ​នឹង​ក្លិប AS Roma កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​ខ្សែ​បម្រើ​អន្តរជាតិ​អាហ្សង់ទីន​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស អ៊ីតាលី ដើម្បី​ជជែក​លើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ការ​ព្រម​ព្រៀង​លើ​កុងត្រា​រយៈពេល ៤ ឆ្នាំ ពី​ក្លិប Paris Saint-Germain។

Roma បាន​បង្ហោះ​រូបថត​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ពួកគេ ក្នុង​ពេល​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ ធ្វើ​ដំណើរ​ទៅ​អាកាស​យានដ្ឋាន​នៃ​ទីក្រុង​រ៉ូម រួម​ជាមួយ​នឹង​កន្សែង​របស់​ក្លិប Roma ក្នុង​ដៃ ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ជាច្រើន​បាន​ស្វាគមន៍​រូបគេ​នៅ​ឯ​កន្លែង​រង់ចាំ​នៃ​ការ​ទៅ​ដល់។

ក្លិប Paris Saint-Germain កំពុងតែ​ស្ថិតក្រោម​សម្ពាធ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដើម្បី​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​របស់​ពួកគេ​មាន​តុល្យភាព ក្រោយ​ពី​បាន​ទិញ​ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​កាល​ពី​រដូវកាល​មុន​ដែល​នាំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ចលនា​ហិរញ្ញ-ត្ថុ​របស់​ពួកគេ។

ប្រភព​ដែល​ជិត​ដិត​នឹង​ក្លិប Roma បញ្ជាក់​ថា តម្លៃ​ខ្លួន ២០ លាន​អឺរ៉ូ (ស្មើ​នឹង ២៣ លាន​ដុល្លារ) ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ផ្តល់​ឲ្យ សម្រាប់​ខ្សែបម្រើ​ដ៏​ឆ្នើម​រូប​នេះ ដែល​បាន​ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដំបូង​គេ​របស់ PSG កាល​ពី​ឆ្នាំ ២០១១ ក្រោយ​ពី​ត្រូវ​បាន​កាន់​កាប់​ដោយ​ម្ចាស់​កម្មសិទ្ធិ​សញ្ជាតិ​កាតា៕