ក្រុងអាំស្ទែរដាំៈ គ្រូបង្វឹក​ក្រុម Juventus លោក Massimiliano Allegri បាន​សរសើរ​តារា​បាល់ទាត់ Cristiano Ronaldo ថា​លេង​បាន​ល្អ​បំផុត ដោយ​គាត់​បាន​ជួយ​ឲ្យ​ក្រុម Juventus ស្មើ​ក្រុម Ajax ១-១ ក្នុង​ការប្រកួត​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​ជំនួប​រវាង​ក្រុម​ទាំង​ ២ ក៏​មាន​ការចាប់​ខ្លួន​អ្នកគាំទ្រ​ចំនួន ១៤០ ​នាក់​ផង​ដែរ​។

ខ្សែប្រយុទ្ធ Ronaldo បាន​ជួយ​ឲ្យ​ក្រុម Juventus នាំ​មុខ​គូប្រកួត​ខ្លួន​នៅ​នាទី​ទី​ ៤៥ ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ហើយ​នេះ​គឺជា​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ ១២៥ ​របស់​គេ ប៉ុន្តែ​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល David Neres បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម Ajax វិញ នៅ​នាទី​ទី​ ៤៦ ដើមតង់​ទី​ ១ ដើម្បី​បំបាត់​កង្វល់​មុន​ពេល​ជួបគ្នា​ជើង​ទី​ ២ ​នៅ​ទីក្រុង​ទូរីន​ប្រទេស​អ៊ីតាលី​។

លោក Allegri បាន​ប្រាប់ Sky Sport Atalia ថា​៖ «Ronaldo បាន​បង្ហាញ​ថា គាត់​ស្ថិត​នៅ​កម្រិត​ផ្សេង​មួយ ព្រោះ​ចង្វាក់​នៃ​ការលេង និង​ចលនា​រត់​របស់​គាត់​គឺ​ខុស​ពី​ធម្មតា​ដែល​កីឡាករ​ផ្សេង​ទៀត​ពិបាក​នឹង​ធ្វើ​ដូច​ពោល​គឺ​គាត់​ជា​កីឡាករ​ ១ ​រូប​ដែល​មាន​បច្ចេកទេស​ខុស​ពី​អ្នក​ផ្សេង​ទៀត​»​។

ចំពោះ​ការប្រកួត​ជើង​ទី​ ២ នឹង​ក្រុម Ajax នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​នេះ លោក Allegri ដែល​រំពឹង​ថា​ Juventus នឹង​អាច​លើក​ពាន Champions League លើក​ដំបូង​តាំងពី​ឆ្នាំ​ ១៩៩៦ ​នោះ​បន្ថែម​ថា​៖ «​វា​ជា​លទ្ធផល​ល្អ​មួយ​ដែល​យើង​អាច​រក​គ្រាប់​បាល់​បាន​នៅពេល​លេង​ក្រៅ​ទឹកដី ដូច្នេះ​ការលើក​ពាន​នៅ​រង់ចាំ​ក្រុម​យើង​នៅ​ឡើយ​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​ការពារ​បាន​ល្អ ហើយ​ក្រុម​យើង​ក៏​លេង​ល្អ ព្រម​ទាំង​ចេះ​ឆាប​យក​បាល់​ផងដែរ​។ មាន​ហេតុផល​ល្អៗ​ផ្សេង​ទៀត​ដែល​ជំរុញ​ឲ្យ​យើង​គិតថា យើង​អាច​ឈាន​ដល់​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​។ យើង​គ្មាន​ព្រួយបារម្ភ​អ្វី​ទេ យើង​មាន​ការគោរព​បំផុត​ចំពោះ​ក្រុម Ajax ប៉ុន្តែ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ព្រោះ​លទ្ធផល ១-១ គឺ​ប្រសើរ​ជាង​លទ្ធផល ០-០ នៅក្នុង​ទីក្រុង​ទូរីន អ៊ីចឹង​យើង​នឹង​ត្រូវ​លេង​ឲ្យ​ឈ្នះ​តែ​ម្ដង​»​។

ជាមួយ​ការប្រកួត​កាលពី​រាត្រី​ថ្ងៃ​ពុធ​នោះ​ដែរ ប៉ូលិស​នៅ​ប្រទេស​ហូឡង់​បាន​និយាយ​ថា​មាន​អ្នកគាំទ្រ​ជាង​ ១៤០ ​នាក់​ភាគច្រើន​ជា​អ្នកគាំទ្រ​ក្រុម Juventus ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ពួកគេ​កាន់​វត្ថុ​បង្ក​គ្រោះថ្នាក់​នៅ​មុន​ពេល​ការប្រកួត​នៅ​កីឡដ្ឋាន Johan Cruyff Arena នៅ​ទីក្រុង អាំស្ទែរដាំ​។

មន្ត្រី​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ ២ ​ក្រុម​ដោយ​ក្រុម​ទី​ ១ មាន​គ្នា​ ៤៦​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្ថានីយ​ផ្លូវ​ក្រោម​ដី ហើយ​ ១ ​ក្រុម​ទៀត​មាន​គ្នា​ ៦១ ​នាក់​ត្រូវ​បាន​ចាប់​នៅ​កីឡដ្ឋាន Johan Cruyff Arena ខណៈ​ចំនួន​ ៣៦ ​នាក់​ទៀត​ជា​អ្នកគាំទ្រ​ក្រុម​ក្នុង​ស្រុក​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ច្រកចូល​កីឡដ្ឋាន ក្រោយពី​ពួកគេ​បាន​ដុត​កាំជ្រួច​ចោល​វត្ថុ​ផ្សេងៗ និង​វាយ​កញ្ចក់​។

មន្ត្រី​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ហូឡង់​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ពួកគេ​បាន​កាន់​កាំបិត កាំជ្រួច ផ្សៅម្រេច វត្ថុ​ចំហេះ ញញួរ និង​ដំបង​។ ចំណែកឯ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា​៖ «​ពេល​នេះ​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ក្រុង​ទៅ​មណ្ឌល​ឃុំឃាំង​មួយ​កន្លែង​ហើយ​»៕ SN