ក្រុង​ម៉ា​ឌ្រីដ: ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo បាន​ចាក់​ចេញពី​ក្លិប Real Madrid ដើម្បី​​​ទៅ​ចូល​រួម​ជាមួយ​​នឹងក្រុម​ម្ចាស់​ជើង​ឯក​អ៊ី​តាលី Juventus សម្រាប់​តម្លៃ​ខ្លួន ​​១០០ ​លាន​អឺ​រ៉ូ (ស្មើ​នឹង ​១១៧​ លាន​ដុល្លារ​អាមេរិក) កាល​ពី​ថ្ងៃ​អង្គារ ខណៈ​​ដែល​តារាឆ្នើម​​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​បញ្ជាក់​​ថា ពេល​វេលា​មក​ដល់​ហើយ «សម្រាប់​ដំណាក់​កាល​ថ្មី​មួយ» ក្នុង​ជីវិត​របស់​គេ​។

ក្លិប Juventus បាន​ប្រកាស​ថា Ronaldo បាន​ចុះហត្ថលេខា​រយៈពេល​៤​ឆ្នាំ ហើយ​​ថា តម្លៃ​​ខ្លួន​នៃ​ការ​ផ្ទេរ​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​រង្វាន់​បន្ថែម​​១២​លាន​អឺ​រ៉ូ​ទៀត នឹង​ត្រូវ​​បង់​រយៈពេល​២​ឆ្នាំ ខណៈ​ដែល​បណ្តាញ​សារ​ព័ត៌​មាន​អេ​ស្ប៉ាញ បាន​ចេញផ្សាយ​ថា រូប​គេ​នឹង​ទទួល​បាន​​ប្រាក់​ចំណូល​៣០​លាន​អឺ​រ៉ូ ក្នុង​មួយ​រដូវ​កាល​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​​រូប​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​ក្នុង​ទីក្រុង Turin នៅ​សប្តាហ៍​ក្រោយ នៅ​មុន​ពេល​​ត្រូវ​ប្រកាស​ពី​ការ​ផ្ទេរជាផ្លូវ​ការ​ដោយ​ក្រុម​ថ្មី​របស់​គេ​។

ក្រុម​ម្ចាស់​ជើង​ឯក​អឺ​រ៉ុប Real Madrid បាន​ឲុ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែ​ងការណ៍​មួយ​ថា៖ «នៅ​ថ្ងៃ​នេះ ក្លិប Real Madrid ចង់​ថ្លែង​អំណរ​គុណ​ដល់​កីឡាករ​ម្នាក់​ដែល​​បាន​បង្ហាញ​ថា រូប​គេ​ជា​កីឡាករ​ដ៏ឆ្នើម​បំផុត​ក្នុង​ពិភព​លោក និង​ដែល​បាន​​​បង្កើត​ឲ្យ​មាន​ពេល​វេលា​ដ៏​ត្រចះ​ត្រចង់​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ក្លិប​របស់​យើង និង​កីឡា​បាល់​ទាត់​ពិភព​លោក​»​៕ IS

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​ពេល​លើក​ឈ្នះ​ពានបាល់​មាស Ballon d'Or ទាំង​៥​លើក​របស់​គេ​។​ AFP