ទីក្រុងរ៉ូម៖ តារាបាល់ទាត់ Cristiano Ronaldo បានប្រឈមមុខនឹងអ្នកគាំទ្រដែលបានដើរចូលទីលានប្រកួតចំនួន ២ នាក់ ក្នុងនោះមានម្នាក់ចង់ថតរូបជាមួយរូបគេផងដែរ ក្រោយពីក្លិប Juventus បានប្រកួតឈ្នះក្លិប Bayer Leverkusen ២-០ ក្នុងក្របខ័ណ្ឌ Champions League ពីរាត្រីថ្ងៃព្រហស្បតិ៍។
តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រឈមមុខនឹងអ្នកគាំទ្រទី ១ នៅពេលអ្នកគាំទ្ររូបនោះបានរត់សំដៅទៅរករូបគេក្នុងបំណងចង់ចាប់ឱប ដើម្បីអបអររូបគេដែលបានស៊ុតបញ្ចូលទីយ៉ាងល្អ។
បន្ទាប់មកទៀតមានអ្នកគាំទ្រទី ២ ម្នាក់ទៀតស្លៀកពាក់ខ្មៅបានរត់កាត់ទីលាន Bay Arena ដើម្បីថតរូបជាមួយរូបគេ ប៉ុន្តែកីឡាករឆ្នើមរូបនេះបានខឹងសម្បាព្រមទាំងបានរុញអ្នកគាំទ្រនោះចេញពីខ្លួន នៅមុនពេលបុគ្គលិកសន្តិសុខបានធ្វើអន្តរាគមន៍។
ក្នុងការប្រកួតនេះ កីឡាករ Ronaldo រកបានគ្រាប់បាល់បើកឆាកនៅនាទី ៧៥ និងជាគ្រាប់ទី ២ របស់ខ្លួនក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះសម្រាប់ក្រុម Juventus ហើយក៏ជាគ្រាប់បាល់ទី ១២៨ របស់ខ្លួនក្នុងការប្រកួតទាំងអស់ផងដែរ។
បន្ទាប់មកនៅនាទីទី ៩០ កីឡាករ Gonzalo Higuain បានបន្ថែម ១ គ្រាប់ទៀត ដើម្បីជួយឲ្យក្លិបនេះបាន ៣ ពិន្ទុពេញ និងឈរនៅលើកំពូលតារាងដោយសុវតិ្ថភាពនៅក្នុងពូល D ព្រមទាំងបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយទៀតផង។
អ្នកចាំទី Gianluigi Buffon នៅក្លិប Juventus បានសរសើរកីឡាករ Ronaldo និងកីឡាករ Gonzalo ចំពោះការបង្ហាញទម្រង់លេងរួមគ្នាបានល្អរហូតរកបានម្នាក់ ១ គ្រាប់ ដើម្បីជួយឲ្យក្រុម Juventus ឈ្នះក្រុម Bayer។
អ្នកចាំទី Buffon បានប្រាប់ Sky Sport Italia ថា៖ «ប្រសិនបើយើងបង្ហាញទម្រង់លេងល្អបែបនេះរហូត ខ្ញុំជឿជាក់ថា យើងអាចទទួលបានលទ្ធផលល្អទាំងអស់ប៉ុន្តែប្រសិនបើយើងមានទម្រង់លេងបែបខ្ជីខ្ជានោះ យើងនឹងមានបញ្ហា»។
អ្នកចាំទីរូបនេះបានបន្ថែមថា៖ «វាជាសញ្ញាមិនល្អទេ នៅពេលអ្នកបានដើរចូលទីលានប្រយុទ្ធទាំងគ្មានឆន្ទៈច្បាស់លាស់នោះ ហើយប្រសិនបើអ្នកមានអាយុខ្ទង់ ២០ ឆ្នាំ សូមអ្នកគិតថា អ្នកមានអាយុខ្ទង់ ៤០ ឆ្នាំហើយ»។
អ្នកចាំទី Buffon បានបន្ថែមថា៖ «ខ្ញុំពេញចិត្តដែលយើងមានគំរូដូចជាកីឡាករ Ronaldo និង Higuain ក្នុងការបង្ហាញទម្រង់លេងល្អ ក្រឹត្យក្រមការងារ និងការលះបង់សម្រាប់ក្រុមនេះ»។
ទន្ទឹមនោះដែរ ក្រុម Atalanta បានកក់កៅអីរបស់ខ្លួនសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ផងដែរ ក្រោយពីបានឈ្នះនៅក្រៅទឹកដីទៅលើក្រុម Shakhtar Donetsk នៅរាត្រីថ្ងៃនោះដែរ បើទោះជាបានតែ ១ ពិន្ទុ ពីការប្រកួត ៤ លើកដំបូងក្នុងពូល C ក្ដី។
អ្នកចាំទី Buffon បានបន្ថែមថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការអបអរចំពោះក្លិប Napoli និងក្រុម Atalanta ផងដែរ ចំពោះអ្វីដែលពួកគេសម្រេចបានគឺឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនេះតែម្ដង»។
អ្នកចាំទីដដែលនេះបានបន្តថា៖ «ខ្ញុំបានផ្ញើសារទៅគ្រូបង្វឹកក្លិប Atalanta គឺលោក Gian Peiro Gasperini ក្រោយពីការប្រកួត ២ លើកដំបូង ហើយបានប្រាប់ឲ្យគាត់ជឿជាក់ក្រុមខ្លួនឯង ព្រោះពួកគេជាក្រុមល្អដែលអាចឈ្នះក្រុមណាក៏បាន ហើយក៏អាចចាញ់ដែរ ប៉ុន្តែសម្រាប់ថ្ងៃនេះ គឺពួកគេអាចឈ្នះក្រុមណាក៏បានដែរ»។
អ្នកចាំទី Buffon បានបន្តទៀតថា៖ «ខ្ញុំសប្បាយចិត្តដែលពួកគេបានឡើងទៅវគ្គបន្ត ១៦ ក្រុមចុងក្រោយ ហើយវាជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ពួកគេផងដែរ»៕ AFP/SN