ក្រុងមីឡាន៖ លោក Maurizio Sarri បានពន្យល់ពីការសម្រេចរបស់គាត់ក្នុងការអនុញ្ញាតឲ្យកីឡាករ Cristiano Ronaldo សម្រាកពីការប្រកួតជាមួយជ័យជម្នះ ២-០ របស់ Juventus លើក្រុម Brescia ដោយនិយាយថា ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ មិនអាចចូលរួមប្រកួត ៧៥ លើក ក្នុង ១ ឆ្នាំបាននោះទេ។
កីឡាករ Ronaldo មិនបានបង្ហាញខ្លួនទេថ្មីៗនេះ ក្រោយពីរូបគេរកបាន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៦ លើកនៅក្របខ័ណ្ឌ Serie A ដើម្បីបង្គ្រប់គ្រាប់បាល់សរុបដែលរូបគេរកបានចំនួន ២០ គ្រាប់ នៅរដូវកាលនេះ ប៉ុន្តែកីឡាករ Paulo Dybala និង Juan Cuadrado រកបានម្នាក់ ១ គ្រាប់ ក្នុងការអវត្តមានរបស់រូបគាត់កាលពីថ្ងៃអាទិត្យ។
លោក Sarri ក៏មិនបានដាក់កីឡាករ Douglas Costa ដែលរងរបួស, Federico Bernardeschi, Sami Khedira និង Merih Demiral ឲ្យចូលលេងដែរ ប៉ុន្តែកីឡាករGiorgio Chiellini បានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីខែសីហាក្នុងនាមជាកីឡាករជំនួសនៅតង់ទី ២។
គ្រូបង្វឹកក្លិប Juventus លោក Sarri បានគិតថា តារាឆ្នើមព័រទុយហ្កាល់ Ronaldo ត្រូវការពេលវេលា ដើម្បីសម្រាកយកកម្លាំងដោយសារតែរូបគេមានបន្ទុកការងារច្រើនពេកទាំងសម្រាប់ក្លិបនេះ និងជម្រើសជាតិរបស់រូបគេផងដែរ។
លោក Sarri បាននិយាយថា៖ «វាពិតជាលំបាកមែនហើយ ប៉ុន្តែយើងមានកីឡាករខ្លាំងៗជាច្រើននាក់ទៀត ហើយកីឡាករខ្លះទៀតអវត្តមានផងដែរ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ពួកគេទាំងអស់គ្នា គឺជាកីឡាករដែលមានតួនាទីចម្រុះ។ យើងមានស្ថានភាពជាច្រើនដែលត្រូវដោះស្រាយ»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «Ronaldo គឺជាខ្សែប្រយុទ្ធកណ្ដាល។ ថ្ងៃនេះ Ronaldo ត្រូវសម្រាកហើយព្រោះគាត់មិនអាចលេង ៧៥ ប្រកួតក្នុង ១ ឆ្នាំបានទេ រវាងក្រុមជម្រើសជាតិ និងក្លិបនេះ ដូច្នេះហើយយើងបានសម្រេចអនុញ្ញាតឲ្យគាត់សម្រាកយកកម្លាំង»។
គ្រូបង្វឹករូបនេះបាននិយាយពាក់ព័ន្ធនឹងកីឡាករ Chiellini ថា៖ «គាត់បានដាក់ចិត្តកាយនៅជាមួយក្រុមនេះ។ គាត់បាននិយាយដូច្នេះតាំងពីថ្ងៃម្សិលមិញ។ គាត់បានលះបង់កម្លាំងកាយចិត្តអស់រយៈពេល ៦ ខែមកហើយ»។
លោក Sarri បានទទួលស្គាល់ថា ទម្រង់លេងរបស់ក្រុមគាត់ជាមួយក្រុម Brescia បានបន្សល់ទុកឱកាសគ្រប់គ្រាន់សម្រាប់ការកែលម្អក្រោយពីឃើញក្លិបម្ចាស់ជើងឯក Serie A នេះបានបង្កើនជ័យជម្នះលើកទី ២ របស់ខ្លួនក្នុងការប្រកួត ៥ លើកចុងក្រោយនេះ។
បរាជ័យក្រោមថ្វីជើងក្រុម Napoli និង Hellas Verona និងជ័យជម្នះទៅលើក្រុម Fiorentina នោះបានបង្ហាញផ្លូវនាំឲ្យស្មើគ្នា ១-១ ជាមួយក្រុម AC Milan នៅការប្រកួត Coppa Italia មុនពេលបានជ័យជម្នះលើក្រុម Brescia កាលពីថ្ងៃអាទិត្យ ហើយពួកគេនឹងត្រូវប្រកួតជាមួយក្រុម SPAL នៅថ្ងៃសៅរ៍ ដោយកីឡាករ Ronaldo គ្រោងនឹងចាប់ផ្តើមបង្ហាញខ្លួនលើកទី ១ ០០០ របស់ខ្លួននៅពេលនោះ។
លោក Sarri បានបន្ថែមថា៖ «យើងអាចបង្កើនទម្រង់លេងនៅគ្រប់អ្វីៗទាំងអស់។ នៅតំបន់ការពារ យើងមានឱកាសសម្រាប់បង្កើនទម្រង់លេងថែមទៀត ហើយយើងក៏មានឱកាសសម្រាប់បង្កើននៅតំបន់ប្រយុទ្ធផងដែរ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងបានធ្វើឲ្យបាល់ប៉ះបង្គោលទី ៥ លើកក្នុង ២ ប្រកួតចុងក្រោយ ដូច្នេះហើយយើងមានសំណាងតិចណាស់។ យើងត្រូវផ្ដោតលើខ្លួនឯងជាជាងសម្លឹងមើលអ្នកដទៃ»៕ AFP/SN